ទំព័រដំបូងនៃឆ្នាំ២០១៩
ឆ្នាំចាស់កន្លងទៅ បានបន្សល់នូវកិច្ចការដែលបានសម្រេចដ៏តិចតួចស្ដួចស្ដើង។ គម្រោងការដែលបានរៀបចាំឡើង ត្រូវបានអនុវត្តទាំងមិនពេញដៃពេញជើង បានត្រឹមតែ ៦ខែប៉ុណ្ណោះ។ រយៈពេលមួយឆ្នាំកន្លងទៅនេះ បានកន្លងទៅជាមួយរឿងគួរឲ្យរីករាយនិងរឿងប្រកបដោយទុក្ខសោកលាយឡំគ្នា ដែលធ្វើឲ្យខ្ញុំបានសិក្សារៀនសូត្រនូវមេរៀនជាច្រើនពីជីវិតនេះ។ មួយឆ្នាំនៃជីវិតដែលមានរស់ជាតិចម្រុះនេះ បានកន្លងទៅដោយមានសៀវភៅ ៩០ក្បាល ជាមិត្តដ៏ល្អកំដរដំណើរខ្ញុំលើផ្លូវនៃជីវិតដ៏ស្រពេចស្រពិលមិនយល់កោះត្រើយនេះ។ សៀវភៅដែលបានអាន ជាសៀវភៅចម្រុះ មានទាំងប្រលោមលោក រឿងខ្លី កំណាព្យ សៀវភៅបែបប្រវត្តិសាស្ត្រ សៀវភៅបែបសាសនា ជាដើម។
សម្រាប់ឆ្នាំថ្មី ២០១៩នេះ ខ្ញុំនៅមិនទាន់បានអានចប់សៀវភៅមួយក្បាលណាឡើយ។ ប៉ុន្តែ អ្វីៗបាននិងកំពុងចាប់ផ្ដើមហើយ។ ស្ទើរតែមួយខែនៃឆ្នាំ២០១៩បានកន្លងផុតទៅ ខ្ញុំទើបចាប់ផ្ដើមគម្រោងការថ្មីសម្រាប់ឆ្នាំនេះ ក្នុងថ្ងៃនេះឯង។ ឆ្នាំនេះ ការអាននៅតែជាគោលដៅដ៏សំខាន់សម្រាប់អនុវត្តបន្ត។ ឆ្នាំនេះ ខ្ញុំមិនបន្តអានសៀវភៅចម្រុះដូចឆ្នាំមុនទេ តែអានផ្ដោតសំខាន់លើគម្ពីរព្រះត្រៃបិដក។ ខ្ញុំសង្ឃឹមថានឹងបានអានចប់រួចរាល់នូវគម្ពីរព្រះត្រៃបិដកទាំង ១១០ក្បាលនេះ ដ្បិតអីខ្ញុំអានយកសេចក្ដីដែលប្រែមកជាខេមរភាសាប៉ុណ្ណោះ។ សូមចំណែកបុណ្យដែលកើតអំពីកិច្ចការជាកុសលនេះបានដល់សព្វសត្វទាំងឡាយ ហើយសូមបានជាឧបនិស្ស័យត្រាស់ដឹងនូវព្រះនិព្វានព្ធដ៏អនាគតកាលទៅហោង។
ណ្ហើយ! រៀបរាប់គម្រោងការប៉ុណ្ណឹងសិនចុះ។
និយាយត្រង់ទៅ ខ្ញុំមានអារម្មណ៍ស្ដាយក្រោយណាស់ដែរចំពោះរឿងដែលបានកើតឡើងនៅល្ងាចនេះ។ ខ្ញុំពិតជាស្ទាក់ស្ទើរក្នុងចិត្តណាស់។ ខ្ញុំមិនដែលបានដើរតួជា «បុរសជិះសេះស ជួយស្រីស្អាត» សូម្បីតែម្ដងក្នុងជីវិតនេះ។ ក្រោយពីនាងចាកចេញទៅ ខ្ញុំបានត្រឡប់ក្រោយដើម្បីរកនាង តែមិនបានជួបនាងសោះ។ ខ្ញុំស្ដាយដែលមិនបានបំពេញភារកិច្ចជាមនុស្សប្រុសដ៏ពេញលេញម្នាក់។ ខ្ញុំសន្យានឹងនាង ខ្ញុំនឹងមិនបណ្ដោយឲ្យរឿងដូចថ្ងៃនេះកើតឡើងក្នុងក្នុងជីវិតខ្ញុំម្ដងទៀតនោះទេ។ ខ្ញុំតែងតែជឿលើនិស្ស័យ ហើយជឿខ្លាំងទៀតផង។ មើលទៅនាងដូចជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលបានជួបខ្ញុំម្ដងទៀត។ ខ្ញុំក៏មានការភ្ញាក់ផ្អើលដែរ ដែលបានជួបនាងម្ដងទៀត។ គួរតែចាត់ទុកថា នេះជានិស្ស័យ ហើយបើយើងនៅតែមាននិស្ស័យ ខ្ញុំសង្ឃឹមថា យើងនឹងបានជួបគ្នាម្ដងទៀតនៅពេលក្រោយទៀត។ រីករាយណាស់ដែលបានជួបនាង!
រាត្រីសួស្ដី!
COMMENTS