រៀនពាក្យខ្មែរ៖ ពន្លឹក
ការពន្យល់
ពន្លឹក គុ. ដែលគួរភ្លឹក, គួរស្បើមៈ កាចពន្លឹក, ភ័យពន្លឹក ឬ ភ័យដ៏ពន្លឹក, ភ្លើងឆេះផ្ទះពេញទាំងភូមិ ជាអគ្គិភ័យដ៏ពន្លឹក។
កុំច្រឡំប្រើពាក្យនេះថា អរពន្លឹក, សប្បាយពន្លឹក ព្រោះពុំមែនជាហេតុគួរឲ្យភ្លឹក ឲ្យភ្លេច ឲ្យស្លន់ភ័ន្តគំនិតទេ។ ម.ព. សប្បដិភ័យ ទៀតផង។ ទំព័រ៧៣០
ក្នុងបទសម្ភាសន៍ សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់មានព្រះរាជឱង្ការរំឭកពេលដែលព្រះអង្គយាងទៅសម្ដែងធម្មទេសនា មានលោកអាចារ្យម្នាក់បាននិយាយថាៈ
“ឧបាសកឧបាសិកាមានអំណរដ៏ពន្លឹកដែលបានសម្ដេចប្រទានធម៌ទេសនា...”
លោកអាចារ្យនិយាយចប់ ព្រះអង្គទ្រង់មានព្រះរាជឱង្ការថាៈ
“មិនដឹងជាទេសនាឲ្យអ្នកណាស្ដាប់ទេ បើនាំគ្នាភ្លឹកដួលអស់មួយរោងទៅហើយ! ត្រូវនិយាយថា ត្រេកអរណាស់... ត្រេកអរពន់ប្រមាណ... ត្រេកអរក្រៃលែងវិញ ទើបត្រឹមត្រូវ...”
ឯកសារយោងៈ បទសម្ភាសន៍និងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ០៣ កុម្ភៈ ២០១៧)
COMMENTS