រឿង សម្លាប់ខ្លួន និពន្ធដោយ កញ្ញា សេង ច័ន្ទមុនីរតន៍
មិនដឹងថាព្រហ្មលិខិតលេងសើចនឹងខ្ញុំឬយ៉ាងណាទេ តែគិតៗទៅខ្ញុំចង់សើចនឹងខ្លួនឯងដែរ។ ខ្ញុំបានដើររកកន្លែងបម្រុងនឹងចងក តែក្នុងបន្ទប់ខ្ញុំមិនមានកន្លែងអំណោយផងសោះ ទើបខ្ញុំចេញទៅខាងក្រៅ។ ខ្ញុំបានឃើញដីទំនេរមួយកន្លែងនៅជាយក្រុងភ្នំពេញ ហើយក៏បានឈប់ម៉ូតូចុះទៅមើល។ មានដើមឈើមួយសក្ដិសមណាស់។ ខ្ញុំក៏សម្រេចចិត្តយកដើមឈើមួយនេះ ប៉ុន្តែពិតជាយ៉ាប់មែន ព្រោះភ្លេចយកខ្សែមកបាត់ទៅហើយ។ ដូច្នេះ ខ្ញុំត្រូវជិះដើររកទិញខ្សែយ៉ាងយូរទៀត ទម្រាំបានឃើញតូបមួយមានលក់អីវ៉ាន់។ មើលទៅពិតជាចៃដន្យមែន ពេលខ្ញុំលូកយកលុយបម្រុងនិងឲ្យគេ បែរជាគ្មានលុយមួយរៀលសោះ។ ខ្ញុំត្រូវបង្ខំចិត្តមកផ្ទះរួចទើបត្រឡប់ទៅវិញ។ ទៅដល់ទីនោះ ខ្ញុំបានយកខ្សែទៅចងនឹងមែកឈើដែលធំជាងគេ។ មិនដឹងថាសំណាងល្អឬអាក្រក់សម្រាប់ខ្ញុំទេ។ ខ្ញុំឡើងជាន់លើដុំថ្មបម្រុងនឹងចងកទៅហើយ ស្រាប់តែមែកឈើនោះបាក់ប្រស ធ្វើឲ្យខ្ញុំធ្លាក់មកដីខ្ពាក។ ខ្ញុំខឹងជាខ្លាំង ហើយក៏ជិះម៉ូតូមកទីក្រុងវិញទៅ។
ខ្ញុំសម្រេចថាត្រូវតែស្លាប់ឲ្យបាន ទើបជិះទៅទិញថ្នាំបំពុលនៅឱសថស្ថានមួយកន្លែង តែគេគ្មានលក់ ក៏ជិះទៅមួយកន្លែងទៀត គេប្រាប់ថាអស់ទៅហើយ។ ពេលដែលរកបានហើយ ខ្ញុំក៏ទិញបឺហ្គឺរមួយយ៉ាងធំមក។ ខ្ញុំចាក់ថ្នាំទៅលើនំ ហើយបម្រុងនឹងដាក់ចូកក្នុងមាត់ ប៉ុន្តែគ្រាន់តែឃើញថ្នាំនោះ ខ្ញុំក៏ក្អួតចេញមកទាំងអស់ រួមទាំងបាយថ្ងៃត្រង់ផងដែរ។
រូបភាពពី Pexels | © Pixaby |
ខ្ញុំជិះទៅស្ពានជ្រោយចង្វា ដើម្បីលោតទឹកម្ដង។ ទៅដល់ហើយ ខ្ញុំងាកមើលឆ្វេងស្ដាំ រួចប្រុងនឹងឡើងលើបង្កាន់ដៃ ប៉ុន្តែស្រាប់តែពោះខ្ញុំកូរឮសូរគ្រូកៗ។ ខ្ញុំគិតថា ណ្ហើយបើជ្រុលជាចង់ស្លាប់ទៅហើយ ក៏គួរតែហូបចុកឲ្យបានឆ្អែតដែរ ទើបខ្ញុំសម្រេចចិត្តជិះមកមាត់ទន្លេរកអីញ៉ាំសិន។
មកដល់កន្លែងដាក់ម៉ូតូ ខ្ញុំក៏ផ្ញើនៅទីនោះ រួចដើរចេញមកបណ្ដើររាប់លុយបណ្ដើរ។ គ្រាន់តែផុតកន្លែងនោះបន្តិច ខ្ញុំក៏ទាក់ជើងដួលព្រូស។ ខ្ញុំក្រោកឡើងមកទាំងក្ដៅឆេវ ហើយងាកមើលឆ្វេងស្ដាំ ក៏បានឃើញអ្នកសុំទានចំណាស់ម្នាក់។ អ្នកសុំទាននោះពោបលើបន្ទះក្ដារមួយ ដែលមានកង់អាចចល័តបាន។ គាត់ពិការអវយវៈ ទាំងលើទាំងក្រោម មានតែដៃម្ខាងប៉ុណ្ណោះ ហើយដៃម្ខាងនោះមានលក្ខណៈមិនប្រក្រតីទៀត។ ខ្ញុំឃើញដូចនេះ ក៏ប្រញាប់សុំទោសគាត់៖
- លោកតាឲ្យខ្ញុំសុំទោសផងចុះ! ខ្ញុំមិនបានឃើញលោកតាទេ។
- មិនអីទេ!
គាត់តបវិញដោយសំឡេងស្អកៗ រួចប្រើដៃម្ខាងនោះរំកិលក្ដារចេញទៅយឺតៗ យ៉ាងលំបាកលំបិន។ ខ្ញុំតាមមើលគាត់ទាំងអាណិត ហើយក៏យកលុយក្រដាសប្រាំពាន់រៀលបួនសន្លឹកទៅដាក់ក្នុងមួកគាត់ ព្រោះទោះយ៉ាងណា ក៏ខ្ញុំជិតស្លាប់ទៅហើយដែរ។ ពេលឃើញខ្ញុំឲ្យលុយច្រើនអ៊ីចឹង លោកតានោះក៏និយាយ៖
- ចៅស្រីឲ្យលុយតាច្រើនណាស់ តាអរគុណ! អរគុណណាស់! ចៅជាមនុស្សល្អមែន! តាជូនពរឲ្យចៅជួបតែសំណាងល្អណា៎!
ខ្ញុំញញឹមដាក់គាត់បន្តិច រួចក៏ដើរចេញទៅ ព្រោះខ្ញុំលែងត្រូវការសំណាងល្អអីទៀតហើយ ប៉ុន្តែខ្ញុំស្រាប់តែចង់សួរគាត់ពីរបីសំណួរ ទើបដើរត្រឡប់ទៅក្រោយវិញ ហើយអង្គុយនិយាយជាមួយគាត់៖
- លោកតា! លោកតាកុំខឹងនឹងខ្ញុំអី។ ខ្ញុំសុំសួរលោកតាបន្តិចបានទេ?
- មិនអីទេ!
- អ៊ីចឹងលោកតាប្រាប់ខ្ញុំបានទេថា ហេតុអ្វីបានជាលោកតាមកសុំទានទៅវិញ?
មិនមែនតាចង់ទេ តែមើលរូបរាងតាទៅមើល៍អាចធ្វើអ្វីបានទៀត បើមិនដែលស្គាល់សាលានឹងគេផងនោះ? ទោះបីតាពិការមែន តែត្រូវខំរកដើម្បីចម្អែតក្រពះដែរ។ ជីវិតជាការតស៊ូណា៎ចៅ! តាក៏ចង់រស់ឃើញពិភពលោកនេះរីកចម្រើនដល់ណាដែរ។ ដូច្នេះហើយមានតែពឹងលើការអាណិតអាសូររបស់អ្នកដទៃទេ ព្រោះយើងមិនអាចពឹងខ្លួនឯងបានទាំងស្រុង។ ចៅជាមនុស្សល្អ នៅមានឱកាសនិងមានលទ្ធភាពត្រូវតែខំតស៊ូ។
- តាមិនតូចចិត្តទេឬ?
- តូចចិត្តបានប្រយោជន៍អីទៅ? តូចចិត្តហើយអាចឲ្យតាមានដៃមានជើងនឹងគេវិញបានទេ? មានតែយកវាជាកម្លាំងចិត្ត ខំរស់នៅថ្ងៃមុខទៀត។
- តែទោះជាយ៉ាងណា ក៏លោកតាមិនសូវពិបាកចិត្តច្រើនដូចខ្ញុំដែរ។
អ្វីទៅជាការពិបាកបំផុតនោះ? ចៅមានដៃមានជើងគ្រប់គ្រាន់ នៅថាខ្លួនឯងលំបាក ចុះតាវិញ? អ៊ីចឹងហើយកុំអស់សង្ឃឹមឲ្យសោះ។
- លោកតាពិតជាគួរឲ្យស្ញប់ស្ញែងមែន!
- កុំស្ញប់ស្ញែងនឹងអ្នកសុំទានអី។ ខំកសាងជីវិតរបស់ខ្លួនឲ្យល្អប្រសើរជាងតាទៅ។ តាលាសិនហើយ!
និយាយចប់ គាត់ក៏រំកិលខ្លួនចេញទៅ។ ខ្ញុំពិតជាខ្មាសគាត់ខ្លាំងណាស់។ មើលទៅគាត់មិនសមជាអ្នកសុំទានសោះ។ ខ្ញុំខំតាមសម្លឹងមើលគាត់រហូត តែទោះជាយ៉ាងណា អ្វីដែលខ្ញុំគិតដល់នោះ គឺក្រពះរបស់ខ្ញុំលាន់សូរគ្រូកៗទៀតហើយ។
អ្នកលក់ដាក់បបរចានទីពីរមកឲ្យខ្ញុំ ព្រោះខ្ញុំបានក្អួតអស់ធ្វើឲ្យឃ្លានជាខ្លាំង។ ខណៈពេលខ្ញុំកំពុងហុតបបរ ខ្ញុំក៏ក្រឡេកឃើញក្មេងស្រីម្នាក់កំពុងឈរសម្លឹងខ្ញុំមិនដាក់ភ្នែកសោះ ទោះខ្ញុំខំងាកចេញក៏ដោយ។ ឃើញដូចនេះ ខ្ញុំក៏ហៅ៖
- ប្អូនស្រី! មកណេះមើល។
ដំបូង នាងមិនហានមកជិតខ្ញុំទេ តែដោយខ្ញុំចេះតែហៅពេក ទើបនាងព្រមដើរមក។ ក្មេងស្រីនោះមើលទៅដូចជាឃ្លានណាស់អ៊ីចឹង ហើយសំលៀកបំពាក់ក៏រយីករយាកទៀត។ ខ្ញុំចាប់ផ្ដើមសួរ៖
- ឯងឃ្លានមែនទេ?
នាងងក់ក្បាលយឺតៗជំនួសមិនតប។ ខ្ញុំប្រាប់អ្នកលក់ឲ្យដាក់បបរឲ្យនាងមួយចាន។ នាងដួសហុត ដួសហុត ដោយមិនខ្វល់ពីអ្វីសោះ។ មើលទៅនាងឃ្លានជាងខ្ញុំឆ្ងាយណាស់។ ខ្ញុំក៏សួរនាងទៀត៖
- ប្អូនស្រី! ឯងរៀនថ្នាក់ទីប៉ុន្មានហើយ?
- អត់បានរៀនទេ!
- ចុះប៉ាម៉ាក់ឯងទៅឯណា?
- ស្លាប់អស់ហើយ!
- អញ្ចឹងឯងនៅជាមួយអ្នកណា?
- លោកយាយ!
ក្មេងស្រីនោះក៏បញ្ឈប់ការញ៉ាំ ហើយច្រកបបរដែលនៅសល់ចូលក្នុងថង់។ ខ្ញុំប្រញាប់ឃាត់នាង៖
- ម៉េចក៏ឯងមិនញ៉ាំឲ្យឆ្អែតទៅ?
- ខ្ញុំទុកឲ្យលោកយាយនិងប្អូនខ្ញុំពីរនាក់ទៀត។
ឮសម្ដីនេះហើយ ខ្ញុំភ្ញាក់នឹងខ្លួនឯងជាខ្លាំង។ ក្មេងស្រីនោះចេះតែគិតពីអ្នកនៅជុំវិញខ្លួនជាងខ្ញុំទៅទៀត។ ចុះខ្ញុំវិញមានដែលគិតពីអ្នកនៅជុំវិញទេ? ថ្មើរនេះទៅហើយ ប៉ាម៉ាក់ខ្ញុំបារម្ភពីខ្ញុំប៉ុណ្ណាទៅ? ខ្ញុំមានគិតពីអារម្មណ៍ពួកគាត់ទេ? គាត់ប្រាប់ថា កុំឲ្យខ្ញុំមានសង្សារក្នុងវ័យសិក្សា ខ្ញុំមានដែលស្ដាប់គាត់ទេ? ពួកគាត់ឈ្លោះគ្នាក៏ដោយសារតែខ្ញុំដែរ ម៉េចក៏ខ្ញុំមិនគិតសោះអ៊ីចឹង? គ្រាន់តែខឹងបន្តិចបន្តួចក៏ចង់សម្លាប់ខ្លួនទៅហើយ។ ខ្ញុំប្រឡងធ្លាក់ដោយសារខ្ញុំមិនខំរៀន មិនត្រូវបន្ទោសអ្នកដទៃទេ។ ខ្ញុំនឹកឃើញដល់ពាក្យលោកតាម្នាក់នោះ ធ្វើឲ្យខ្ញុំរន្ធត់ជាខ្លាំង។ គាត់វិកលពិការនិងក្រីក្រទៀត ប៉ុន្តែគាត់នៅតែមានចិត្តចង់រស់ចង់តស៊ូ។ ចំណែកខ្ញុំវិញមានរូបរាងល្អល្អះ មានជីវិតគួរសមនឹងគេដែរ ហេតុអ្វីក៏ចង់ស្លាប់ទៅវិញ? មិនបានទេ ជីវិតមានតម្លៃណាស់ គ្មានដាក់កញ្ច្រែងលក់ទេ។ ខ្ញុំលែងចង់ស្លាប់ហើយ។ ខ្ញុំនឹកប៉ានឹងម៉ាក់ខ្ញុំ។ ខ្ញុំមិនអាចទៅចោលពួកគាត់បានទេ។
ខ្ញុំបានឲ្យគេខ្ចប់បបរបីថង់និងពងទាកូនដប់គ្រាប់ រួមទាំងសាច់គោអាំងម្ភៃចង្កាក់ឲ្យទៅក្មេងស្រីនោះ ដោយបានឲ្យលុយនាងមួយចំនួនផងដែរ។
ខ្ញុំចាកចេញពីទីនោះ ដោយដើរបណ្ដើរយំបណ្ដើរ នឹកដល់ប៉ាម៉ាក់ដូចកូនក្មេងអញ្ចឹង ធ្វើឲ្យគេមើលខ្ញុំគ្រប់គ្នា។ ខ្ញុំចង់ទៅយកម៉ូតូ ប៉ុន្តែស្រាប់តែប៉ាម៉ាក់ខ្ញុំបើកទ្វារចេញពីឡានដើរសំដៅមកខ្ញុំទាំងត្រហេបត្រហបនិងភិតភ័យ។ មិនទាន់ឲ្យពួកគាត់សួរផង ខ្ញុំក៏យំកាន់តែខ្លាំង។
- ប៉ាម៉ាក់! ខ្ញុំធ្វើឲ្យប៉ាម៉ាក់បារម្ភហើយ។
- ប៉ាទាញខ្ញុំទៅ ដោយនិយាយថា៖
- កូនល្ងង់! ដឹងថាប៉ាម៉ាក់ខំដើររកកូនឯងយ៉ាងណាទេ?
- ខ្ញុំសុំទោស! ខ្ញុំនឹងធ្វើជាកូនល្អ លែងឲ្យប៉ាម៉ាក់បារម្ភទៀតហើយ។ ខ្ញុំនឹងខិតខំរៀនសូត្រឡើងវិញ លែងឲ្យប៉ាម៉ាក់ឈ្លោះគ្នាដោយសារខ្ញុំទៀតហើយ។ ខ្ញុំនឹងខំចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។ ខ្ញុំស្រឡាញ់អ្នកទាំងពីរណាស់!
- បានហើយ! ប៉ាសប្បាយចិត្តណាស់ ដែលកូនចេះគិតបែបនេះ។ ឈប់យំទៅ!
ទោះបីជាមិនដឹងថាខ្ញុំបានជួបប្រទះរឿងអីក៏ដោយ តែឃើញខ្ញុំបែបនេះ ពួកគាត់ពិតជារីករាយមែន។ គាត់មិនទាន់សួរខ្ញុំទេ បានត្រឹមតែមើលមុខគ្នាសើចញឹមៗប៉ុណ្ណោះ ហើយក៏នាំខ្ញុំត្រឡប់ទៅផ្ទះ ដោយពាំនាំភាពសប្បាយរីករាយទៅផងដែរ។ គ្រួសារខ្ញុំមានសុភមង្គលវិញហើយ។ ជីវិតខ្ញុំក៏ល្អប្រសើរវិញដែរ បន្ទាប់ពីខ្ញុំចេះកែប្រែខ្លួន។ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា "កុំព្យាយាមផ្លាស់ប្ដូរអ្នកដទៃ មុននឹងអ្នកខ្លួនឯងមិនទាន់មានការផ្លាស់ប្ដូរ" និងថា "កុំធ្វើជាគីង្គក់លក់ថ្នាំស្រែងឲ្យសោះ"។
ខ្ញុំពិតជាសំណាងល្អខ្លាំងណាស់ ដែលគម្រោងការសម្លាប់ខ្លួនទាំងប៉ុន្មានត្រូវបរាជ័យ ហើយបែរជាមកជួបមេរៀនជីវិតដ៏ជាក់ស្ដែងទៅវិញ។ ខ្ញុំធ្លាប់ទៅរកលោកតានោះដែរ តែមិនដែលឃើញគាត់ទៀតសោះ។ ខ្ញុំតែងនិយាយប្រាប់អ្នកដទៃដែរថា៖
"ខ្ញុំតូចចិត្តនឹងជីវិតដែលវេទនា រហូតដល់ខ្ញុំបានជួបនឹងអ្នកដែលវេទនាជាងខ្ញុំប្រាកដ"៕
រូបភាពពី Pexels | © Pixaby |
រឿង «សម្លាប់ខ្លួន» និពន្ធដោយ កញ្ញា សេង ច័ន្ទមុនីរតន៍ ជ័យលាភីលេខ១ ឆ្នាំ២០១៣ ពីសមាគមអក្សរសិល្ប៍ នូ ហាច។
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS