រឿងរ៉ាវនានា មួយខែនៃដើមឆ្នាំ២០១៩
ឆ្នាំមុន រៀបចំគម្រោងមុនមួយខែសម្រាប់អនុវត្តក្នុងឆ្នាំថ្មី។ ឆ្នាំនេះវិញ ឆ្នាំថ្មីចូលមកដល់ជិតមួយខែ ទើបចាប់ផ្ដើមរៀបចំ។ រឿងដែលគួរឲ្យកាន់តែអស់សំណើចទៀតនោះគឺថា គម្រោងដែលបានរៀបចំនោះ គិតមកដល់ពេលនេះ ទើបតែបានអនុវត្តមួយថ្ងៃគត់។ ហា! ហា! ប្រពៃណាស់...។
មួយខែដើមឆ្នាំនេះ មានរឿងជាច្រើនបានកើតឡើង។ ជាពិសេសគឺរឿងដែលបានកើតឡើងក្នុងសង្គមសិល្បៈ។ សិល្បករចាស់ថ្មីខ្លះបានទទួលមរណភាព មានជំងឺ ជួបគ្រោះថ្នាក់។ តាមការសង្កេតរបស់ខ្ញុំ ព័ត៌មានតាមអនឡាញកំពុងយកចិត្តទុកដាក់ខ្លាំងចំពោះរឿងរ៉ាវនានាក្នុងរង្វង់សិល្បៈ។
មានរឿងមួយទៀតដែលគួរលើកមកនិយាយដែរ គឺរឿងវិវាទរបស់ក្រុមសិល្បករ ដែលបាននឹងកំពុងឆេះឡើងយ៉ាងសន្ធោសន្ធៅ។ ខ្ញុំគិតថា វាជារឿងគួរឲ្យអាម៉ាស់ខ្លាំងណាស់ ដែលខ្លួនក្នុងនាមជាអ្នកសិល្បៈ ជាន់ឈ្លីតម្លៃសិល្ប ដែលជាអ្នកផ្ដល់កំណើតឲ្យខ្លួនបែបនេះទៅវិញ។ ខ្ញុំធ្លាប់បានឮមកហើយ ដែលអ្នកសិល្បៈជាច្រើនរូប បានយកសិល្បៈមកធ្វើជាហេតុផល ក្នុងការឆ្លើយតបនឹងភាពអសកម្មរបស់ខ្លួន។ រាប់ចាប់តាំងពីការស្លៀកពាក់ ការតុបតែងខ្លួន ការនិយាយស្ដី ការប្រព្រឹត្តនានា និងអ្វីៗជាច្រើនផ្សេងទៀត ដែលឆ្គាំឆ្គង គេបានចាប់ទាញពាក្យថា «សិល្បៈ» នេះមកដាក់ជារនាំង ដើម្បីបិទបាំងសភាពឆ្គាំឆ្គងទាំងឡាយនោះ។ គេឆ្លើយតបយ៉ាងខ្លីថា អ្វីៗទាំងនោះគឺសុទ្ធតែជាសិល្បៈ។ ខ្ញុំគិតថា ពេលនេះ ប្រហែលគេនឹងនិយាយទៀតថា ការជេរដៀលគ្នាពេញដោយពាក្យអសុរោះនោះ គឺគ្រាន់តែជាសិល្បៈ។ ឱ! សិល្បៈ អឺយ... មិនគួរណាអ្នកធ្លាក់ខ្លួនមកជាយ៉ាងនេះសោះ។ ពិតជាគួរឲ្យអាសូរដល់ សិល្បៈ ណាស់។
ណ្ហើយ! ផ្អាករឿងក្នុងសង្គមប៉ុណ្ណឹងសិនចុះ។ ឥឡូវ និយាយពីរឿងផ្ទាល់ខ្លួនវិញម្ដង។ ពេញមួយខែនេះ ខ្ញុំបានស្គាល់មនុស្សថ្មីៗជាច្រើន តាមរយៈគណនីហ្វេសប៊ុកថ្មីរបស់ខ្ញុំ។ ខ្ញុំបានក្លាយទៅជាមិត្តដែលគ្មានរូបរាង គ្មានឈ្មោះពិតប្រាកដ របស់គេគ្រប់គ្នា។ អូ! មានរឿងសំខាន់មួយដែលខ្ញុំចង់កត់ត្រាទុកនៅទីនេះ។ វាជារឿងមួយដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លះដែរ។ ខ្ញុំសរសេររឿងនេះនៅទីនេះ ដើម្បីទុកជាការចងចាំតែប៉ូណ្ណោះ ខ្ញុំគ្មានចេតនាអ្វីផ្សេងពីនេះទេ។ រឿងនោះគឺថា មានមនុស្សម្នាក់ដើរចូលមកក្នុងជីវិតរបស់ខ្ញុំ ហើយសារភាពប្រាប់ខ្ញុំថា គេបានលួចស្រឡាញ់ខ្ញុំ ទាំងដែលគេនិងខ្ញុំមិនដែលបានជួបគ្នាសូម្បីម្ដង។ វាចម្លែកណាស់មែនទេ? ខ្ញុំក៏មិនយល់ដែរថា ហេតុអ្វីបានជាមានរឿងចម្លែកបែបនេះកើតឡើង។ ខ្ញុំគិតថា គេនៅក្មេងខ្ចីណាស់ចំពោះរឿងស្នេហា។ ខ្ញុំបានប្រាប់គេថា គេកំពុងលេងសើចនឹងខ្ញុំហើយ។ ខ្ញុំបានប្រាប់គេទៀតថា មានមនុស្សជាច្រើនបានចាញ់បោកអារម្មណ៍របស់ខ្លួនឯង។ ការពិត មិនមែនខ្ញុំឲ្យតម្លៃសេចក្ដីស្រលាញ់របស់គេស្មើត្រឹមតែជាការលេងសើចនោះទេ តែខ្ញុំគិតថា ស្នេហា មិនមែនជាការលេងសើចនោះទេ ហើយ ស្នេហា ក៏មិនមែនជាល្បែងរបស់មនោសញ្ចេតនានោះដែរ។ ខ្ញុំគិតថា គេឈឺហើយ គឺឈឺជំងឺមនោសញ្ចេតនា។ អរគុណដែលបានចូលមកក្នុងជីវិតរបស់ខ្ញុំ។ បើគេពិតជាឈឺមែន សូមឲ្យគេឆាប់បានជាសះស្បើយ។ ខ្ញុំមិនមែនមិនឲ្យតម្លៃទឹកចិត្តស្រលាញ់ដែលគេមានចំពោះខ្ញុំនោះទេ តែខ្ញុំគ្រាន់តែមិនប្រាកដក្នុងចិត្ត។ ខ្ញុំចេះតែឆ្ងល់ថា តើវាអាចកើតឡើងបានដោយរបៀបណា? ខ្ញុំក៏មិនយល់ដែរថា ស្នេហាជាអ្វីឲ្យពិតប្រាកដនោះ។ ខ្ញុំចាំមើលថា តើគេមានជំងឺ ឬក៏នេះជាការផ្ដល់ឲ្យពីជីវិតសម្រាប់ខ្ញុំ នូវអត្ថន័យនៃ ស្នេហា ដែលខ្ញុំមិនដែលបានយល់? សង្ឃឹមថា ពេលវេលានឹងផ្ដល់ចម្លើយឲ្យខ្ញុំបានដឹងនៅពេលខាងមុខ។
រាត្រីសួស្ដី!
COMMENTS