កំណត់ហេតុ
ខ្ញុំបន្ថយល្បឿន ព្រោះមិនដឹងថា ធ្វើដូចម្ដេចបន្តទៀត។
- ចុចអាហ្នឹងទៅ!
សំឡេងស្ត្រីម្នាក់បន្លឺឡើងយ៉ាងស្រទន់។
- អាមូលនេះមែន?
មិនទាន់បានទទួលការឆ្លើយតបស្រួលបួលផង ខ្ញុំក៏ចុច រួចបន្ថែមល្បឿនទៅមុខទៀត។
- ឈប់! យកសំបុត្រនេះសិន!
ខ្ញុំបញ្ឈប់ម៉ូតូ រួចងាកក្រោយបែររកម្ចាស់សំឡេង។ ខ្ញុំចតម៉ូតូ ហើយដើរត្រឡប់ក្រោយ ដើម្បីយកសំបុត្រពីម្ចាស់សំឡេង។
- ទុកឲ្យស្រួល កុំឲ្យបាត់! បើបាត់ គេនឹងពិន័យ ២០,០០០ រៀល ហើយ។
ខ្ញុំត្រហេបត្រហបទទួលសំបុត្រ ភ្លេចទាំងនិយាយពាក្យ អរគុណ ផង។ ខ្ញុំនៅតែស្ទាក់ស្ទើរ មិនដឹងធ្វើបែបណាបន្តទៀត។ ខ្ញុំជិះយឺតៗ រំពេចនោះ ម៉ូតូមួយគ្រឿងបានបោះពួយមកក្បែរខ្ញុំ រួចបន្តរកកន្លែងចត។ ខ្ញុំជិះតាមពីក្រោយយ៉ាងយឺត សម្លឹងរកកន្លែងចតម៉ូតូដែរ។
- ចតតាមចន្លោះគំនូស កុំចតបាំងផ្លូវ! បើចតបាំងផ្លូវគេផ្ដេសផ្ដាស គេចាក់សោទុកអត់ឲ្យចេញទៅវិញទេ។
ម្ចាស់សំឡេងដដែល និយាយរៀបរាប់ប្រាប់ខ្ញុំ ជាមួយសំឡេងយ៉ាងស្រទន់ ហាក់ដូចជាម្ដាយដែលកំពុងនិយាយទៅរកកូនជាទីស្រលាញ់តែមួយ។ ខ្ញុំញញឹមបន្តិច ហើយនៅរេរារកកន្លែងចត។
- ចតកន្លែងនេះបានអត់បង?
- បានតើ!
ឮតែប៉ុណ្ណឹង ខ្ញុំក៏បោះពួយទៅមុខ រួចបទឆ្វេង ដើម្បីចតម៉ូតូ។ ចន្លោះទំនេរហាក់មានភាពចង្អៀតបន្តិច។ ខ្ញុំបម្រុងឈប់ម៉ូតូ ដើម្បីរៀបចំកន្លែងចត។ ភ្លាមនោះ ក៏លេចមុខស្ត្រីម្នាក់មក ហើយគាត់ក៏បានជួយរៀបចំកន្លែងឲ្យខ្ញុំបានចតម៉ូតូ។
- អរគុណបង!
ដងនេះខ្ញុំមិនភ្លេច អរគុណ គាត់ដូចលើកមុនទេ។ ខ្ញុំរៀបចំចតម៉ូតូស្រេចបាច់ ក៏ដើរទៅជួបបងស្រី។ ខ្ញុំញញឹមដាក់គាត់ សម្ដែងការដឹងគុណ ដែលគាត់បានជួយខ្ញុំម្ដងហើយម្ដងទៀត។
- ជាបុគ្គលិកថ្មីឬ?
- អត់ទេ! គេមានកម្មវិធីមួយ ខ្ញុំមកប្រឡងសាកល្បង ដើម្បីចូលរួម។
- អូ! អ៊ីចឹងទេ!
ខ្ញុំ អរគុណ គាត់ម្ដងទៀត ហើយក៏ដើររកជណ្ដើរ ដើម្បីឡើងទៅជាន់ទី៣៨។ ខ្ញុំដើរទាំងគ្មានគោលដៅ ព្រោះមិនដឹងថា ជណ្ដើរនៅទីណាទេ។ គិតចង់សុំជំនួយពីបងស្រីដែរ តែដូចជាមិនចង់យ៉ាងម៉េចទេ។ រវល់តែគិត បងស្រីទៅចោលខ្ញុំបាត់។ អូ! ខ្ញុំទៅណា ទៅណីទេ...។ អូ! ឃើញហើយ មានទាំងស្លាកឈ្មោះអគារដែលខ្ញុំត្រូវទៅទៀត។ ប្រាកដជាជណ្ដើរមួយហ្នឹងហើយ!
- ហើយអត់ចុចទេ? ទៅជាន់ណា? (បងស្រីម្នាក់ដែលនៅក្បែរខ្ញុំ សួរមកខ្ញុំ។)
ខ្ញុំញញឹម ហាក់អស់សំណើចនឹងខ្លួនឯង រួចក៏ចុចលេខ ៣៨។
ហាស! ហា! អរគុណរឿងល្អៗ ដែលបានកើតលើខ្លួនខ្ញុំ។ អរគុណបងស្រីដែលបានជួយខ្ញុំម្ដងហើយម្ដងទៀត។ ខ្ញុំចង់ប្រាប់ថា បងគួរឲ្យគោរពស្រលាញ់មែនទែន។ សង្ឃឹមថា ខ្ញុំនឹងមានឱកាសបានជួបបងម្ដងទៀត។ អូ! ភ្លេច... បងគួរតែចូលរួមត្រកអរជាមួយខ្ញុំ។ ព្រឹកមិញនេះ អ្វីៗដំណើរការទៅយ៉ាងរលូន។ ខ្ញុំមានអារម្មណ៍រីករាយជាខ្លាំង ប្រហែលដោយសារបង គឺការយកចិត្តទុកដាក់របស់បងស្រីចំពោះខ្ញុំក៏មិនដឹង។ ហាស! ហា! ពិតជាសំណាងណាស់ដែលបានជួបបងស្រី!
ផ្អាករឿងល្អៗ ដែលកើតឡើងព្រឹកមិញប៉ុណ្ណឹងសិន។ ឥលូវ ចង់រម្លឹកឡើងវិញរឿងរ៉ាវខ្លះៗ កាលពីម្សិលមិញ។
ខ្ញុំត្រឡប់មកពីស្រុកកំណើតវិញ កាលពីម្សិលមិញ។ ខ្ញុំមកដល់ភ្នំពេញ នៅពេលល្ងាច ម៉ោង ៦ ជាង។ មកដល់ភ្លាម ក៏បានជួបនឹងរឿងដែលមិនពេញចិត្តខ្លះៗ។ ខ្ញុំហាក់មានអារម្មណ៍នឿយហត់ខ្លាំងណាស់។ ខ្ញុំត្រូវមានរឿងផ្ទាល់ខ្លួនខ្លះ ដើម្បីដោះស្រាយ។ អ្ហើយ! នេះទើបចំជាជីវិតមែន!
ញ៉ាំបាយពេលល្ងាចរួច មិត្តខ្ញុំបានផ្ញើសារមក។ ចំមែនហើយ! រឿងខ្ញុំខ្លួនឯងមិនទាន់ដឹងថា គួរដោះស្រាយយ៉ាងណាផង មិត្តខ្ញុំក៏ផ្ញើសារប្រាប់ពីរឿងរ៉ាវដែលកើតឡើងលើខ្លួនគេ។ ខ្ញុំត្រូវទុករឿងផ្ទាល់ខ្លួនមួយដុំសិន ដើម្បីស្ដាប់ពួកគេ។ ណ្ហើយ! ទោះខ្ញុំស្មុគស្មាញយ៉ាងណា ក៏ខ្ញុំមិនដាច់ចិត្តទុកពួកគេចោលដែរ។ រឿងរបស់ពួកគេ ហាក់រកច្រកចេញឃើញហើយ នៅឡើយតែខ្ញុំ...។ អូ! ខ្ញុំកាន់តែមានអារម្មណ៍ស្មុគស្មាញ។ ខ្ញុំប្រាប់បងស្រីខ្ញុំថា តាំងពីគ្រូពេទ្យប្រាប់ថា បេះដូងខ្ញុំដើរលឿនខុសពីធម្មតាមក ខ្ញុំជួបរឿងអ្វីបន្តិចក៏ចេះតែមានអារម្មណ៍ថា បេះដូងខ្ញុំនេះកាន់តែមិនស្រួលហើយ។ វាតែងតែលោតញាប់ ប្លែកៗយ៉ាងម៉េចក៏មិនដឹង...។ ខ្ញុំយកដៃដាក់លើទ្រូងខ្លួនឯង។ ខ្ញុំគិតដល់រឿងប្រលង។ ខ្ញុំគិតរឿងចម្លែកៗដែលមិត្តខ្ញុំនិយាយនឹងខ្ញុំ។ ខ្ញុំគិតដល់រឿងផ្ទាល់ខ្លួននិងរឿងក្នុងគ្រួសារមួយចំនួន។ បេះដូងខ្ញុំលោតកាន់តែញាប់ ខ្ញុំហាក់កាន់តែមានអារម្មណ៍ភ័យខ្លាំងឡើង។ ខ្ញុំមានអារម្មណ៍ខ្លាចអ្វីម្យ៉ាង។ ខ្ញុំស្ដាប់សំឡេងបេះដូងខ្លួនឯង ដែលកំពុងលោតខុសចង្វាក់ ហាក់បញ្ជាក់ប្រាប់ថា កំពុងមានរឿងមិនប្រក្រតីខ្លះកំពុងកើតឡើងលើខ្លួនខ្ញុំ។ ខ្ញុំចង់យំ...។ ខ្ញុំមានអារម្មណ៍ថា ឈឺខ្លាំង...។ ខ្ញុំបារម្ភខ្លាំងណាស់ បារម្ភខ្លាចខ្ញុំធ្វើឲ្យនរណាម្នាក់មានអារម្មណ៍ខ្លោចផ្សាដូចជាខ្ញុំកំពុងជួបនៅពេលនេះ។ ខ្ញុំអស់កម្លាំងណាស់។ ខ្ញុំដេកស្ដាប់ចង្វាក់បេះដូងខ្លួនឯង ហើយប្រាប់ខ្លួនឯងថា ត្រូវតែប្រឈមមុខនឹងបញ្ហា។ ខ្ញុំប្រាប់បេះដូងខ្ញុំថា កុំលោកញាប់ពេក។ កុំប្រាប់ខួរក្បាលខ្លួនឯងថា ឈប់គិតទៅ នឹងអាលដេកឲ្យលក់ ហើយថ្ងៃស្អែក អ្វីៗនឹងប្រសើរឡើង។ ហាស! ហា! ការពិត ស្រណុកនិយាយគ្នាទេតើ...។ ទីបំផុត ពេលវេលាមួយរាត្រីក៏បានកន្លងផុតទៅ។ អ្វីៗនៅព្រឹកនេះ សុទ្ធតែល្អ។ ខ្ញុំទើបបានទទួលសារមួយ នៅពេលថ្ងៃត្រង់នេះ ដែលជួយឲ្យខ្ញុំបានល្ហែល្ហើយពីអារម្មណ៍សោកសៅកាលពីល្ងាចមិញ។ នៅសេសសល់តែរឿងបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីឲ្យខ្ញុំដោះស្រាយ។ សង្ឃឹមថា រឿងល្អៗនឹងកើតឡើងជាបន្តទៀត។
គិតថា មិនរៀបរាប់អ្វីច្រើនទៀតទេ។ ចុងក្រោយនេះ នៅតែចង់និយាយពាក្យ អរគុណ ទៅកាន់បងស្រីចិត្តល្អ ដែលខ្ញុំបានជួបកាលពីព្រឹកមិញ។ អូ! នៅមានទៀត។ អរគុណមិត្តគ្រប់គ្នា។ ពួកយើងធ្វើបានល្អណាស់ព្រឹកមិញនេះ។ អរគុណ បង ពេជ្រ...។ អូ! ភ្លេចប្រាប់... បង ពេជ្រ ជាពីផ្ដាសាយហើយ។ រីករាយមែនទែន ដែលមានវត្តមានជាមួយអ្នកទាំងអស់គ្នាម្ដងទៀត។ សង្ឃឹមថា ពួកយើងនឹងបានជួបគ្នាទៀតណា...។
COMMENTS