សិក្សាពាក្យខ្មែរ៖ ឆកល្វែង
ឆកល្វែង
យោងតាមការស្រាវជ្រាវទៅតាមអត្ថបទនានា ក្នុងសម័យមុន យើងហាក់ដូចជាមិនជួបប្រទះនូវពាក្យ "ឆកល្វែង" នេះទេ។ ខ្ញុំធ្លាប់បានឮពាក្យនេះជាលើកដំបូង នៅក្នុងជំនាន់ខ្មែរក្រហម ដែលកម្មាភិបាលខ្មែរក្រហមនិយមប្រើណាស់។
យោងតាមវចនានុក្រមរបស់សម្ដេចសង្ឃរាជ ជួន ណាត:
ឆក
ដែលមានញកញោចៈ ក្បាលឆក, ឈូងឆក; ឆកសមុទ្រ។
ល្វែង
ប៉ែកសង្កាត់ផ្ទះលំនៅត្រង់ចន្លោះជួរសសរៈ ល្វែងផ្ទះ, ល្វែងសាលា, ល្វែងវិហារ, ផ្ទះប្រាំល្វែង។ ល្វែងរាសិចក្រ ឬ ល្វែងមេឃ ភាគរាសីឬប៉ែកសង្កាត់មេឃក្នុងរាសិចក្រ (ម. ព. រាសិចក្រ និង រាសី ផង)។
យោងតាមអត្ថន័យខាងលើនេះ "ឆកល្វែង" មិនមានន័យថា "ភាពចន្លោះប្រហោង" ដែលគេសំដៅដល់ដូចបច្ចុប្បន្ននេះទេ។
សូមមើលពាក្យខាងក្រោម:
រវែង
ដែលភ្ជួរជ្រលួសខ្លះមិនសព្វដីៈ ភ្ជួរវែង; ដីរវែង។ ព. ប្រ. ដែលឃ្វាង, ជ្រួស; ដែលរាប់អានមិនសព្វគ្នា ឬខានរាប់អានគ្នាយូរហើយៈ រវែងគំនិត, រវែងចិត្ត; រវែងសេចក្ដីរាប់រកគ្នា។
ដូច្នេះពាក្យត្រូវគឺ "រវែង" ដែលមានន័យថា មិនសព្វ នៅមានចន្លោះ នៅមានខ្វះខាត មិនទាន់បានល្អ... ហើយពាក្យនេះត្រូវបានប្រើក្នុងន័យអត្ថប្បដិរូប
ឯកសារយោង: វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញាណោ
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ២៧ កញ្ញា ២០១៨)
COMMENTS