រៀនពាក្យខ្មែរ៖ ធ្ងន់ធ្ងរ
ធ្ងន់ធ្ងរ គុ. ដែលមានចិត្តធ្ងន់, ដែលចេះអត់ចេះទ្រាំ, មានអំណត់, បុិនអត់បុិនទ្រាំ: ចិត្តធ្ងន់ធ្ងរ, មនុស្សធ្ងន់ធ្ងរ (និយាយចំពោះតែចិត្ត, អធ្យាស្រ័យប៉ុណ្ណោះ ក្រៅពីនេះ ពាក្យដែលផ្សំជាមួយនឹង ធ្ងន់ នេះមានច្រើន ត្រូវផ្សំតាមគួរដល់ដំណើរសេចក្ដី) ទំព័រ៤៨៥
ក្នុងបទសម្ភាសន៍ សម្ដេចព្រះសង្ឃរាជ ជួន ណាត បានមានព្រះរាជឱង្ការថា:
"សព្វថ្ងៃនេះ ពាក្យ "ធ្ងន់ធ្ងរ" ត្រូវបានគេប្រើប្រាសចាកន័យពិតប្រាកដហើយ។ គេនិយាយថា "ឥឡូវនេះ ស្ថានភាពនៅប្រទេសលាវកាន់តែធ្ងន់ធ្ងរហើយ!" ដូច្នេះ វាមានន័យថា ប្រទេសលាវកាន់តែសុខស្រួល លែងមានចម្បាំងរាំងជល់ហើយ!"
បច្ចុប្បន្ននេះ យើងឃើញការប្រើពាក្យ "ធ្ងន់ធ្ងរ" នេះប្រាសចាកចេញពីន័យដើមរបស់ពាក្យ ដូចជា ជំងឺធ្ងន់ធ្ងរ (ជិតជាហើយឬ?), បទល្មើសធ្ងន់ធ្ងរ (មិនមានទោសទេឬ?) កំហុសធ្ងន់ធ្ងរ (មិនខុសទេឬ?) ជាដើម...
យើងបានកំណត់យកវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជាគោល ក្នុងការប្រើពាក្យខ្មែរ ក៏ប៉ុន្តែការប្រើពាក្យមួយចំនួនបានប្រាសចាកពីន័យដើមទាំងស្រុងហើយ...
តើយើងត្រូវកែការប្រើឲ្យត្រូវវិញឬទេ? តើយើងគួរបន្តខុសតទៅទៀតរហូតឲ្យវាក្លាយទៅជាទម្លាប់ដែលកែលែងឡើងឬ?
សូមមេត្តាពិចារណាតាមការគួរផងចុះ ទាន!
ឯកសារយោង: បទសម្ភាសន៍និងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញាណោ
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ២០ សីហា ២០១៧)
COMMENTS