រៀនពាក្យខ្មែរ៖ សំនៀងដើមនៃពាក្យខ្មែរ
សំនៀងដើមនៃពាក្យខ្មែរ
តាមការសិក្សា យើងសង្កេតឃើញថា ពាក្យខ្មែរដែលមានលើសពីមួយព្យាង្គ និងពាក្យដែលផ្ញើជើង "រ" មានច្រើនណាស់ ក៏ប៉ុន្តែវាមានមូលហេតុដែលធ្វើឲ្យខ្មែរអានពាក្យដែលផ្ញើជើង "រ" និងពាក្យច្រើនព្យាង្គពុំច្បាស់ ដូចជា "ចំណេញ" យើងបែរជាអានចេញជា "ច្នេញ", "ក្រង" អានចេញជា "ក្ហង", "ស្រឡាញ់" ទៅជា "ស្លាញ់" ទៅវិញ។
តាមព្រះរាជឱង្ការរបស់សម្ដេចសង្ឃរាជ ជួន ណាត ប្រសិនបើយើងចង់ដឹងសំនៀងពិតរបស់ពាក្យខ្មែរ យើងត្រូវទៅភូមិស្រុកដែលឆ្ងាយដាច់ស្រយាលដែលអ្នកចំណូលថ្មីទៅមិនដល់ នោះទើបយើងឮនូវសំនៀងដើមនៃពាក្យខ្មែរបុរាណ។
ជាក់ស្ដែងក្នុងជំនាន់ខ្មែរក្រហម ខ្ញុំត្រូវបានជម្លៀសទៅនៅភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ឌៀង ខេត្តពោធិ៍សាត់ ដែលមានចម្ងាយជិតសាមគីឡូម៉ែត្រពីក្រុងពោធិ៍សាត់ ហើយនារដូវវស្សា ភូមិនេះគឺជាមាត់ទន្លេសាប។
ពេលទៅដល់ ខ្ញុំភ្ញាក់ផ្អើលទៅនឹងសំនៀងពាក្យរបស់អ្នកស្រុកនោះ គឺនិយាយត្រឹមត្រូវទៅតាមអក្សរទាំងអស់ ដូចជា ស្រូវ ប្រាំ ចំណេញ... ហើយអ្នកស្រុកភាគច្រើនមិនចេះអក្សរទេ ហើយភាគច្រើនមិនដែលចាកចេញពីភូមិទៅស្រុកកណ្ឌៀង ឬខេត្តពោធិ៍សាត់ឡើយ ហើយអ្នកស្រុកខ្លះមិនស្គាល់គុយទាវទៀតផង។
អ្នកស្រុកបង្អាប់អ្នកភ្នំពេញថានិយាយពាក្យមិនច្បាស់ ហើយនិយាយត្រាប់តាមអ្នកជម្លៀសដើម្បីសើចលេង។
តាមការពិចារណា យើងឃើញថា "ភ្នំពេញ" គឺជាទីប្រជុំនៃជនជាតិខ្មែរ និង អ្នកចំណូលថ្មីដូចជា ចិន យួន ចាម ... ហើយអ្នកចំណូលថ្មីនិយាយខ្មែរមិនច្បាស់បណ្ដាលឲ្យខ្មែរខ្លះត្រាប់តាមសំនៀងនោះ ហើយ "ធ្វើខ្លួនជាអ្នកក្រុង" និយាយខ្មែរលែងច្បាស់ ដូចជា "ភ្នំពេញ" ទៅជា "អំពេញ" ,"ជំនួញ" ទៅជា "ជ្នួញ", "បង្គាប់" ទៅជា "ប្រគាប់", "សម្លាញ់" ទៅជា "ម៉្លាញ់" ជាដើម...
មានមូលហេតុមួយទៀតគឺវាគ្មិនខ្លះដែលថ្លែងជាសាធារណៈច្រើនប្រើភាសានិយាយនាឱកាសនោះ ដែលបណ្ដាលឲ្យអ្នកស្ដាប់ត្រាប់តាមនូវសំនៀងនៃពាក្យនោះ។
សូមមេត្តាត្រងត្រាប់ស្ដាប់នូវព្រះរាជឱង្ការនៃសម្ដេចព្រះសង្ឃរាជ ជួន ណាត គឺត្រឹមត្រូវទៅតាមតួអក្សរឥតខុសមួយពាក្យណាសោះឡើយ។
ឯកសារយោង: បទសម្ភាសន៍របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញាណោ
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ២៦ កក្កដា ២០១៨)
COMMENTS