រៀនពាក្យខ្មែរ៖ បានឃើញនិងឯកភាព
បានឃើញនិងឯកភាព
- ឯកភាព ឬ ឰក-, ឰក្យ- ភាពមួយ, ភាពត្រូវគ្នា; ដែលមានបែបបទ, សណ្ដាប់ធ្នាប់, សម្លៀកបំពាក់, ឫកពា ត្រូវគ្នាៈ ប្រទេសឯកភាព, ស្រុកឯកភាព។
- យល់ព្រម ព្រមតាម, អនុលោមតាម, ឃើញត្រូវជាមួយ។
កាលពីសម័យមុន គេមិននិយមប្រើពាក្យ "ឯកភាព" ដើម្បីបង្ហាញនូវការយល់ស្របចំពោះកម្មវត្ថុអ្វីមួយឡើយ គឺគេប្រើពាក្យ "យល់ព្រម"។
យោងតាមវេយ្យាករណ៍នៃការប្រើសន្ធាន "និង" ការប្រើ "បានឃើញនិងឯកភាព" គឺមិនត្រឹមត្រូវទេ ព្រោះ "ឃើញ" គឺជាកិរិយាសព្ទ រី "ឯកភាព" គឺជានាម ហើយ "និង" មិនអាចភ្ជាប់ពាក្យដែលមានថ្នាក់នៃពាក្យ ឬ ជំពូកនៃសព្ទខុសគ្នាបានទេ គឺវាអាចភ្ជាប់ពាក្យដែលមានថ្នាក់នៃពាក្យ ឬ ជំពូកនៃសព្ទដែលដូចគ្នាតែប៉ុណ្ណោះ។
ឧទាហរណ៍:
- សៀវភៅនិងខ្មៅដៃ (នាម + នាម)
- ខ្ចីនិងទុំ (គុណនាម + គុណនាម)
- ចាស់និងថ្មី (គុណនាម + គុណនាម)
- គោនិងក្របី (នាម + នាម)
ដូច្នេះ យើងគួរប្រើថា "បានឃើញនិងយល់ព្រម" វិញទើបត្រឹមត្រូវ។
ឯកសារយោង:
- វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញាណោ
- ព្រះរាជនិពន្ធរបស់សម្ដេចព្រះពោធិវ័ង្ស ហួត តាត
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ២១ វិច្ឆិកា ២០១៨)
COMMENTS