កំណត់ហេតុ
ដាវី ជាបុគ្គលិកនៅបណ្ណាល័យនៃសាកលវិទ្យាល័យដែលខ្ញុំរៀន។ នាងជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ។ ថ្វីដ្បិតតែខ្ញុំមិនដែលបានប្រាស្រ័យទាក់ទងជិតស្និទ្ធអ្វីនឹងនាង តែខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួលយ៉ាងក្រៃលែងចំពោះការបាត់បង់ទៅនូវរូបនាង។ ខ្ញុំស្ទើរតែមិនជឿនូវមរណភាពរបស់នាង ព្រោះអ្វីៗហាក់ដូចជាប្រព្រឹត្តិទៅលឿនពេកហើយ។ មួយរយៈចុងក្រោយនេះ ខ្ញុំមិនឃើញនាងមកធ្វើការសោះ។ ខ្ញុំស្មានតែនាងឈប់ធ្វើការនៅក្នុងបណ្ណាល័យ។ មិនគួរឡើយសោះ នាងបែរជាមានជំងឺ ហើយលាពួកយើងទាំងក្មេងវ័យបែបនេះ។
ម្សិលមិញ ខ្ញុំមានអារម្មណ៍ចម្លែកក្នុងចិត្តខ្លះដែរ ព្រោះឃើញ ពិសី មិនស្លៀកពាក់ឯកសណ្ឋានបុគ្គលិកនោះទេ ដោយនាងពាក់អាវសខុសប្លែកពីសព្វដង។ ពិសី ហាក់មានទឹកមុខស្រពាប់ស្រពោនខុសប្លែកពីធម្មតា។ ពិសី និង ដាវី ចូលចិត្តញ៉ាំកាហ្វេណាស់ សូម្បីតែដល់ថ្ងៃចុងក្រោយ ដែល ដាវី លាចាកពីលោកនេះហើយ ក៏ ពីសី នៅតែរំលឹករឿងនេះឡើងសាជាថ្មីទៀត។ ពិសី បានរៀបរាប់លើគណនីហ្វេសប៊ុករបស់នាងថា ហេតុអ្វីក៏ ដាវី ទៅចោលនាង... ដាវី បានសន្យានឹងនាងថា ទៅដើរលេង ហើយនិងទៅផឹកកាហ្វេជាមួយគ្នា។ នាងថា នាងមិនទាន់បានឲ្យកាដូ ដាវី ទេ ហេតុអ្វី ដាវី ទៅចោលនាង...។ ខ្ញុំពិតជាមានអារម្មណ៍ក្ដុកក្ដួលក្នុងចិត្តណាស់។
ដោយអំណាចនៃទាន សីល ភាវនា និងកិច្ចការជាកុសលទាំងឡាយ ដែលខ្ញុំបានបំពេញតាំងពីដើមរឿងមក ខ្ញុំសូមឧទ្ទិសជូនវិញ្ញាណក្ខន្ធរបស់ ដាវី សូមឲ្យនាងបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ម្យ៉ាងវិញទៀត ខ្ញុំទើបតែបានទទួលការឆ្លើយតបពីភិក្ខុជនជាតិថៃ ដើម្បីចម្លងអត្ថបទ ដែលជាសៀវភៅធម៌ឡើងវិញ ដើម្បីរក្សាទុកជាធម្មទាន។ ខ្ញុំកំពុងចាប់ផ្ដើមរៀបចម្លងសៀវភៅនោះហើយ ដែលពេលនេះមានចំនួនពីរក្បាល។ ខ្ញុំសូមឧទ្ទិសនូវផលបុណ្យទាំងឡាយ ដែលកើតឡើងដោយអំណាចនៃចិត្តជ្រះថ្លាក្នុងកិច្ចការជាកុសល ក្នុងការចម្លងសៀវភៅធម៌ទាំងពីរក្បាលនេះ ជូនវិញ្ញាណក្ខន្ធ ដាវី សូមនាងអនុមោទនាទទួលយកដោយក្ដីសោមនស្សរីករាយចុះ។
ខ្ញុំសូមថ្វាយ ប្រគេន និងជូនបុណ្យចំពោះព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងលោកអ្នកគ្រប់គ្នា សូមបានប្រកបតែនឹងសេចក្ដីសុខតទៅ។ ដោយអំណាចនៃការខិតខំក្នុងកិច្ចការជាកុសលនេះ សូមបានរួចផុតចាកទុក្ខ សូមឲ្យបានជាឧបនិស្ស័យត្រាស់ដឹងនូវព្រះនិព្វានឰដ៏អនាគតកាលទៅហោង។
COMMENTS