កំណត់ហេតុ
ថ្ងៃនេះ អ្វីៗគ្រប់យ៉ាងដូចជាប្លែកណាស់។ ប្លែក សូម្បីតែហ្វេសប៊ុក។ អូសចុះអូសឡើង ទើបឃើញព័ត៌មានមួយដែលគេចុះផ្សាយពីហ្វេសប៊ុក។ អត្ថបទព័ត៌មាននោះឡើងឡើងថា ហ្វេសប៊ុកមានបញ្ហាខ្លះទាក់ទងនឹងទិន្នន័យ (បញ្ហាទាក់ទងនឹង Server ផ្ទុកទិន្នន័យ)។ ភាពមិនប្រក្រតីនេះចាប់ផ្ដើមកើតឡើងតាំងពីយប់មិញម្ល៉េះ នេះបើតាមការរៀបរាប់ក្នុងអត្ថបទព័ត៌មាននោះ។ គេថា ខាងក្រុមហ៊ុនហ្វេសប៊ុកកំពុងចាត់ការដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័សបំផុត។
ថ្ងៃជិតត្រង់ ហ្វេសប៊ុកហាក់ត្រឡប់មករកភាពដើមវិញហើយ។ ខ្ញុំបន្តអូសចុះឡើង ហើយបានជួបនឹងអ្វីខ្លះៗ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ចម្លែកម៉្យាង ពិបាកនឹងពណ៌នា។ វាហាក់បីដូចជាអារម្មណ៍នៃទុក្ខសោកបន្តិច សប្បាយរីករាយបន្តិច ពិបាកនឹងបែងចែកណាស់។ តែខ្ញុំគិតថា រីករាយច្រើនជាងកើតទុក្ខ។ ខ្ញុំហាក់រកឃើញចម្លើយម្យ៉ាងសម្រាប់ខ្លួនឯង ដែលចម្លើយនោះហើយដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ប្លែកខុសពីធម្មតា។
ខ្ញុំបានសន្យាជាមួយមិត្តលើបណ្ដាញសង្គមហ្វេសប៊ុកថានឹងយកឯកសារជាប់ទាក់ទងនឹងភាសាខ្មែរ ដែលខ្ញុំស្រាវជ្រាវបាន ដាក់ក្នុង Google Drive។ ថ្ងៃនេះ ខ្ញុំទទួលបានការស្នើសុំ ដើម្បីចែកចាយឯកសារទាំងនោះម្ដងទៀត។ ចុងក្រោយ ខ្ញុំក៏សម្រេចចិត្តមកសាលា ដើម្បីធ្វើតាមពាក្យសន្យានោះ។
រឿងចម្លែកៗនៅតែបន្តកើតឡើង នៅពេលដែលខ្ញុំបានមកដល់សាលា។ បាត់ស្រមោលសិស្សចាស់ៗអស់ហើយ ឃើញតែសិស្សប្អូនជំនាន់ក្រោយ។ ខានមកអង្គុយទីនេះយូរហើយ តែអារម្មណ៍ខ្ញុំនៅតែដដែល។ ទីនេះពោរពេញដោយមនោសញ្ចេតនារាប់រយជំពូក ដែលខ្ញុំមិនអាចបំភ្លេចបាន។ ហេតុមានរឿងចម្លែកៗ កើតឡើងច្រើនយ៉ាងនេះ? ខ្ញុំក៏មិនដឹងដែរ! ខ្ញុំសម្លឹងមើលអ្វីៗដែលនៅជុំវិញខ្លួនខ្ញុំ ហើយសួរខ្លួនឯងថា តើខ្ញុំប្រាកដក្នុងចិត្តទេ? ដូចជាប្រាកដក្នុងចិត្តដែរ! មានរឿងខ្លះខ្ញុំបានភ្លេចបាត់ហើយ ហើយមានរឿងខ្លះទៀតខ្ញុំនៅតែចងចាំ។ ខ្ញុំគិតថា អ្វីៗគ្រប់យ៉ាងសុទ្ធតែបានប្រព្រឹត្តទៅដោយល្អប្រសើរហើយ។ អរគុណនូវរឿងគ្រប់យ៉ាងទាំងអស់នោះ។ ខ្ញុំបានស្គាល់ខ្លួនឯងកាន់តែច្បាស់ ហើយក៏បានស្គាល់ពិភពលោកនេះកាន់តែច្បាស់ដែរ។
ដំបូង គិតថា សង្ឃឹមលើអ៊ីនធឺណិតរបស់សាលា ដើម្បីដាក់ឯកសារចូលក្នុង Google Drive។ អូ! អ៊ីនធឺណិតដំណើរការបានល្អណាស់ ដូចជាសត្វអណ្ដើកកំពុងវាអ៊ីចឹង។ ការពិតនឹងមិនអាចកើតឡើងដូចជាការគិត គ្រប់ពេលនោះទេ។ ពេលខ្លះ យើងត្រូវតែចេះរង់ចាំ និងយល់ពីកាលៈទេសៈ។
ហា! ហា! ដាក់ឯកសារចូលក្នុង Google Drive ជិតអស់ហើយ។ ចាំដាក់បញ្ចូលអស់រួចរាល់ ខ្ញុំនឹងចែកចាយឯកសារទាំងនោះឲ្យអ្នកទាំងអស់គ្នា។
នៅមិនទាន់អស់រឿងក្នុងចិត្តដែលត្រូវនិយាយទេ តែសុំសម្រាកសិនហើយ។ ហា! ហា!
COMMENTS