របៀបការពារ Wifi ពីការលួចប្រើប្រាស់ដោយគ្មានការអនុញ្ញាត
តាមរយៈរបាយការណ៍ "កម្ពុជាឌីជីថល ឆ្នាំ ២០១៩" បានបង្ហាញថា ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងព្រះរាជាណាចក្រកម្ពុជា មានប្រមាណ ១២,០៤ លាននាក់ គឺស្មើនឹង ៧៦% នៃចំនួនប្រជាជនសរុបប្រមាណ ១៦,៣៦ លាននាក់ ។ ការកើនឡើងនេះដោយសារចំនួនក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតមានចំនួនកើនឡើង និងតម្លៃសេវាប្រសើរជាងមុន ដែលពលរដ្ឋអាចប្រើប្រាស់បាន ។ ដោយសារភាពសម្បូរបែបនេះហើយ ស្ទើរតែគ្រប់លំនៅឋានសុទ្ធតែបានតភ្ជាប់បណ្ដាញអ៊ីនធឺណិតជាមួយដុំ Router (Wifi) ដែលអាចបន្តការតភ្ជាប់មកកាន់ឧបករណ៍ឥតខ្សែដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ ទូរទស្សន៍ឆ្លាតវៃ ជាដើម ។ ថ្ងៃនេះក្រុមការងារនឹងបង្ហាញពីរបៀបកំណត់សិទ្ធិ Wifi ការពារពីការលួចប្រើប្រាស់ដោយគ្មានការអនុញ្ញាត ដោយវិធីសាស្ត្រមួយចំនួន ដូចខាងក្រោម (ក្រុមការងារសូមជ្រើសយកឧបករណ៍ ProLink Router យកមកបង្ហាញជាឧទាហរណ៍) ៖
១) ការកំណត់ Blacklist / Whitelist អាសយដ្ឋាន MAC របស់ឧបករណ៍តភ្ជាប់
- ចូលទៅកាន់ទំព័រគ្រប់គ្រង Router តាមរយៈ Browser → Wireless → Access Control
- ធ្វើការកំណត់ ៖ Wireless Access Control Mode → Deny Listed (សម្រាប់ហាមឃាត់ Blacklist អាសយដ្ឋាន MAC) ឬ Allow Listed (សម្រាប់អនុញ្ញាត Whitelist អាសយដ្ឋាន MAC) → ចុច Apply Changes
- បញ្ចូលអាសយដ្ឋាន MAC ឧបករណ៍ដែលអនុញ្ញាត ឬហាមឃាត់ ៖ MAC Address → បញ្ចូល MAC (ដែលអាចរកបានក្នុង Active Client ឬប្រើប្រាស់កម្មវិធី Fing) → ចុច Add ។ អាសយដ្ឋាន MAC ដែលបានបញ្ចូលក្នុងតារាងទាំងនោះអាចប្រើប្រាស់ Wifi បានឬមិនបាន អាស្រ័យលើជម្រើសដែលបានកំណត់ Whitelist ឬ Blacklist ។
២) ការកំណត់លេខសម្ងាត់ Wifi លំបាកទាយ
- ចូលទៅកាន់ទំព័រគ្រប់គ្រង Router តាមរយៈ Browser → Wireless → Basic
- ត្រង់ Security Options (WPA-PSK[TKIP]+WPA2-PSK [AES]) បញ្ចូលពាក្យសម្ងាត់ពិបាក → ចុច Apply
- សូមធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ ឲ្យបានទៀងទាត់
៣) បិទ WiFi Protected setup (WPS)
- ចូលទៅកាន់ទំព័រគ្រប់គ្រង Router តាមរយៈ Browser → Wireless → Advance
- ដោះ ធីក ត្រង់ពាក្យ Enable WPS → Apply Changes
បន្ថែម ៖ អ្នកក៏អាចធ្វើការស្កេន (Scan) ត្រួតពិនិត្យឧបករណ៍កំពុងប្រើប្រាស់ Wifi របស់អ្នកដោយប្រើប្រាស់កម្មវិធីឈ្មោះ Fing ដែលអាចទាញយកបានពី PlayStore និង AppStore ។
អត្ថបទនិងរូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS