កន្លងមកក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សង្កេតឃើញមានករណីជាច្រើន ពាក់ព័ន្ធនឹងការលួចយកគណនី អនឡាញ (Apple ID, Faceb...
កន្លងមកក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សង្កេតឃើញមានករណីជាច្រើន ពាក់ព័ន្ធនឹងការលួចយកគណនី អនឡាញ (Apple ID, Facebook) ដោយជនខិលខូចមួយចំនួន ប្រើប្រាស់រូបភាពបើកអាជីវកម្មបង្កើតគណនី Apple ID និងគណនី Facebook។ បន្ទាប់ពីបង្កើតគណនី ជនខិលខូចមួយចំនួនខាងលើបានធ្វើការកត់ត្រាព័ត៌មានគណនីរួមមាន៖ អាសយដ្ឋានអ៊ីមែល លេខសម្ងាត់ និងធ្វើការលួចចូលប្រើប្រាស់នៅពេលក្រោយក្នុងបំណងទុច្ចរិត។ តើមានហានិភ័យអ្វីខ្លះ នៅពេលដែលអ្នកពឹងពាក់អ្នកដទៃឱ្យបង្កើតគណនី Apple ID ឬ គណនី Facebook របស់អ្នក?
១) ហានិភ័យនៅពេលដែលអ្នកដទៃដឹងលេខសម្ងាត់គណនី Apple ID របស់អ្នក៖
- ជនអនាមិកអាចធ្វើការផ្លាស់ប្ដូរលេខសម្ងាត់គណនីរងគ្រោះបានគ្រប់ពេល តាមរយៈ Reset Password។ - ជនអនាមិកទាំងនោះអាចធ្វើការទាញយកកម្មវិធីផ្សេងៗ នៅលើ AppStore ប្រើប្រាស់គណនីហិរញ្ញវត្ថុរបស់អ្នក។
- តាមរយៈគណនី និងលេខសម្ងាត់ ពួកគេអាចធ្វើការប្រើប្រាស់កម្មវិធី iMessage ក្នុងនាមជាអ្នក។ - ពួកគេក៏អាចធ្វើការលួចចូលមើលព័ត៌មានមួយចំនួនរបស់អ្នកដែលបាន Backup អនឡាញ (ឧទាហរណ៍៖ កម្មវិធី Note, កម្មវិធី Reminders)
- តាមរយៈគណនី និងលេខសម្ងាត់ ពួកគេអាចធ្វើការលួចចូលទៅកាន់ iCloud របស់អ្នក ដើម្បីលួចទាញយករូបភាព ឯកសារ ព័ត៌មានផ្សេងៗ របស់អ្នក ជាពិសេសអាចដឹងពីទីតាំង (Location) និងតាមដានដំណើររបស់អ្នកបានគ្រប់ពេលវេលា (Live location)។
២) ហានិភ័យនៅពេលដែលអ្នកដទៃដឹងលេខសម្ងាត់គណនី Facebook របស់អ្នក៖
- ជនអនាមិកអាចធ្វើការផ្លាស់ប្ដូរលេខសម្ងាត់គណនីរងគ្រោះបានគ្រប់ពេល តាមរយៈ Reset Password។ - តាមរយៈគណនី និងលេខសម្ងាត់ ជនខិលខូចអាចធ្វើការលួចចូលប្រើប្រាស់គណនីរបស់អ្នក ប្រើប្រាស់ដើម្បីឆបោកប្រាក់សាច់ញាតិ មិត្តភ័ក្ដិ។ល។
- ប្រើប្រាស់គណនីជនរងគ្រោះ បង្ហោះអត្ថបទអាសអាភាស នយោបាយ បរិហារកេរ្តិ៍ ឬអត្ថបទល្មើសច្បាប់ផ្សេងៗ។
- លួចចូលមើលរូបភាព ឬសាររបស់គណនីរងគ្រោះ និងធ្វើការគម្រាមទារប្រាក់ជាថ្នូរនឹងការរក្សាការសម្ងាត់ផ្សេងៗ របស់ជនរងគ្រោះ។
ដើម្បីការពារបញ្ហាដូចបានរៀបរាប់ខាងលើ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ សូមធ្វើការណែនាំនូវវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖
- ពុំត្រូវឱ្យអ្នកដទៃបង្កើត ឬដឹងអំពីលេខសម្ងាត់គណនី អនឡាញ របស់អ្នក។
- ត្រូវធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ នៅពេលដែលសង្ស័យថាមានការលួចប្រើប្រាស់ខុសច្បាប់។
- ពុំត្រូវប្រើប្រាស់គណនីរបស់អ្នកដទៃ (ឧទាហរណ៍៖ គណនី Apple ID, គណនី Facebook)។
- ត្រូវធ្វើការបិទ ឬលុបគណនី អនឡាញ នៅពេលឈប់ប្រើប្រាស់។
- ធ្វើការលុប (Erase / Wipe / Facetory Reset) ឯកសារ រូបភាព និងព័ត៌មានផ្សេងៗ ក្នុងឧបករណ៍អេឡិចត្រូនិករបស់អ្នក (ទូរស័ព្ទ កុំព្យូទ័រ ឬឧបករណ៍ឆ្លាតវៃ។ល។) មុននឹងលក់ ឬប្រគល់ទៅឱ្យអ្នកដទៃ។
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS