និព្វាននៅឯណា ? ភិក្ខុធម្មបាល ខៀវ-ជុំ
ខ្ញុំបានអានសៀវភៅ «និព្វាននៅឯណា ?» នេះ តាំងពីថ្ងៃទីពីរ ខែមីនា ឯណោះ។ សៀវភៅនេះជាស្នាព្រះហស្តរបស់ភិក្ខុ ធម្មបាល ខៀវ-ជុំ ដែលត្រូវបានមហាជនទូទៅស្គាល់ថាជាភិក្ខុដែលមានចំណេះដឹងជ្រៅជ្រះ និងការគិតប្រកបដោយភាពជឿនលឿន។ ខ្ញុំយល់ស្របដោយច្រើនទៅនឹងការយល់ឃើញអំពី «ព្រះនិព្វាន» ដែលត្រូវបានពន្យល់បកស្រាយនៅក្នុងសៀវភៅនេះ ។
ខ្ញុំសង្កេតឃើញថាមានពាក្យប្លែក ៗ ជាច្រើនដែលត្រូវបានប្រើនៅក្នុងសៀវភៅនេះ ។ តាមការយល់ឃើញរបស់ខ្ញុំ ពាក្យទាំងនោះជាពាក្យក្លាយ ដែលត្រូវបានបង្កើតឡើងដោយប្រាសចាកលំអាននៃការបង្កើតពាក្យខ្មែរ ។
កាលរៀននៅមហាវិទ្យាល័យ ប្រហែលនៅឆ្នាំទី ២ ភិក្ខុមួយរូបដែលរៀនជាមួយខ្ញុំក្នុងកាលនោះ ក៏ធ្លាប់មានសង្ឃដីកាប្រាប់ខ្ញុំខ្លះ ៗ ដែរអំពីភិក្ខុធម្មបាល ខៀវ-ជុំ ។ លោកនឹកស្ងើចសរសើរនូវចំណេះដឹងដែលប្រកបដោយភាពជឿនលឿន ដែលមិនគួរនឹងជឿសោះថា ក្នុងសម័យនោះ ភិក្ខុធម្មបាល ខៀវ-ជុំ មានចំណេះដឹងជឿនលឿនប្រហាក់ប្រហែលនឹងសម័យបច្ចុប្បន្នដែរ ។ លោកនៅមានសង្ឃដីកាប្រាប់ខ្ញុំទៀតថា ភិក្ខុធម្មបាល ខៀវ-ជុំ ក៏មានចំណេះដឹងជ្រៅជ្រះផ្នែកអក្សរសាស្ត្រខ្មែរដែរ ដ្បិតអីភិក្ខុធម្មបាល ខៀវ-ជុំ បានរៀបរៀងសៀវភៅវេយ្យាករណ៍ខ្មែរមួយក្បាលដែរ ។ ក្រោយមក ខ្ញុំបានស្រាវជ្រាវឃើញថា ភិក្ខុធម្មបាល ខៀវ-ជុំ ពិតជាបានរៀបរៀងសៀវភៅវេយ្យាករណ៍មួយក្បាលមែន ដែលសៀវភៅនោះមានចំណងជើងថា «កម្ពុជវេយ្យាករណ៍» ។ តាមរយៈសៀវភៅ «កម្ពុជវេយ្យាករណ៍» ភិក្ខុធម្មបាល ខៀវ-ជុំ បានបញ្ជាក់នៅក្នុង «សេចក្ដីរំលឹក» ថា កាលដែលរៀបរៀងសៀវភៅនោះហើយ ព្រះអង្គពុំបានប្រគេនសម្ដេចព្រះសង្ឃរាជ ជួន-ណាត ពិនិត្យផ្ទៀងផ្ទាត់ទេ ដ្បិតអីសម្ដេចមានព្រះអង្គកាន់តែទន់ខ្សោយដោយអំណាចជរាគ្របសង្កត់ ។ តាមការយល់ឃើញរបស់ខ្ញុំ ក្នុងសៀវភៅ «កម្ពុជវេយ្យាករណ៍» នេះ ត្រង់ការបង្កើតពាក្យ មានការយល់ឃើញដោយភ្លាំងភ្លាត់ បង្កើតបានជាក្បួនខ្នាតថ្មីមួយដែលប្រាសចាកពីលំអាននៃសម្ដេចព្រះសង្ឃរាជ ជួន-ណាត ។ ហេតុនេះហើយទើបសៀវភៅរបស់ភិក្ខុធម្មបាល ខៀវ-ជុំ មានពេញទៅដោយពាក្យប្លែក ៗ ដែលគ្មានក្នុងវចនានុក្រម។
ខ្ញុំនឹកស្ដាយជាពន់ពេក ដ្បិតអីនៅក្នុងសៀវភៅ «កម្ពុជវេយ្យាករណ៍» មានសេចក្ដីភ្លាំងភ្លាត់ខុសពីលំអាននៃភាសាជាតិយើង។
COMMENTS