ក្នុងឱកាសពិព័រណ៍សៀវភៅ ឆ្នាំ ២០១៨ ក្មួយស្រីខ្ញុំបានផ្ដាំខ្ញុំឲ្យទិញសៀវភៅនេះឲ្យនាង ។ ដោយសារជាប់រវល់ពុំទាន់មានពេលយកទៅឲ្យ...
មួយឆ្នាំបានកន្លងផុតទៅហើយ ខ្ញុំនៅមិនទាន់បានយកសៀវភៅនេះទៅឲ្យក្មួយស្រីខ្ញុំទេ ។ ខ្ញុំនៅចាំរកទិញសៀវភៅមួយក្បាលទៀត ហើយសឹមយកទៅឲ្យនាងទាំងពីរក្បាលតែម្ដង ។ ពិព័រណ៍សៀវភៅឆ្នាំនេះ ខ្ញុំខំស្វែងរកសៀវភៅដែលខ្ញុំចង់ទិញនោះដែរ តែទិញមិនបាន ។ សៀវភៅនោះ ខ្ញុំធ្លាប់លើកមកនិយាយច្រើនលើកច្រើនសាហើយ។ សៀវភៅនោះមានចំណងជើងថា «ព្រោះជាយុវវ័យទើបឈឺចាប់» ។ សៀវភៅ «ព្រោះជាយុវវ័យទើបឈឺចាប់» នេះជាសៀវភៅដ៏ល្អ ដែលខ្ញុំប្រាថ្នាចង់ឲ្យយុវវ័យទាំងអស់បានអាន ។
អូ! ឥឡូវងាកមកនិយាយពីសៀវភៅ «ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ» នេះវិញ ។ សៀវភៅនេះ ប្រហែលមានអ្នកធ្លាប់អានច្រើនគ្នាហើយ ដ្បិតអីសៀវភៅនេះប្រែសម្រួលពីសៀវភៅបរទេសដ៏ល្បីមួយក្បាលដែរ ។ សៀវភៅនេះជាសៀវភៅដែលត្រូវបានប្រែសម្រួលពីភាសាបរទេសដោយលោក សុខ-សុផាត ។ ខ្ញុំសង្កេតឃើញថា សៀវភៅនេះមានការភ្លាំងភ្លាត់ច្រើនផ្នែកអក្ខរាវិរុទ្ធ ។ ខ្ញុំយល់ថា អ្នករៀបរៀង និងអ្នកបោះពុម្ពផ្សាយហាក់មិនបានយកចិត្តទុកដាក់ត្រួតពិនិត្យអក្ខរាវិរុទ្ធសោះ ។ ខ្ញុំសង្ឃឹមថា ក្នុងការបោះពុម្ពលើកក្រោយ ៗ ទៀត ទាំងអ្នករៀបរៀង និងអ្នកបោះពុម្ពផ្សាយនឹងយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាជាងនេះ ដើម្បីឲ្យសៀវភៅដែលចេញផ្សាយទៅ ប្រកបដោយគុណភាព បានជាប្រយោជន៍ច្រើនសម្រាប់អ្នកអានទូទៅ ។
COMMENTS