អរុណសួស្ដី! ថ្ងៃនេះជាថ្ងៃចាប់ផ្ដើមនៃឆ្នាំ ២០២០ ។ ដើម្បីចាប់ផ្ដើមទំព័រថ្មីនៃឆ្នាំ ២០២០ នេះ ខ្ញុំនឹងសរសេររម្លឹកឡើងវិញនូវ...
ថ្ងៃនេះជាថ្ងៃចាប់ផ្ដើមនៃឆ្នាំ ២០២០ ។ ដើម្បីចាប់ផ្ដើមទំព័រថ្មីនៃឆ្នាំ ២០២០ នេះ ខ្ញុំនឹងសរសេររម្លឹកឡើងវិញនូវកិច្ចការនិងរឿងដែលខ្ញុំបានឆ្លងកាត់ខ្លះ ៗ ក្នុងឆ្នាំចាស់ ហើយនិងលើកឡើងនូវកិច្ចការដែលនឹងបន្តធ្វើជាបន្តទៀតក្នុងឆ្នាំថ្មីនេះ ។
ឆ្នាំ ២០១៩ កន្លងទៅនេះ បានបញ្ចប់ទៅដោយភាពរលូន ។ ខ្ញុំគិតថា ក្នុងឆ្នាំចាស់កន្លងទៅនេះ ខ្ញុំបានរៀនសូត្រច្រើនណាស់អំពីជីវិត ។ ថ្វីបើការអានរបស់ខ្ញុំក្នុងឆ្នាំ ២០១៩ មានការធ្លាក់ចុះជាងឆ្នាំ ២០១៨ ខ្ញុំគិតថា ឆ្នាំ ២០១៩ ខ្ញុំបានប្រើប្រាស់ពេលវេលាច្រើន ដើម្បីសិក្សាឡើងវិញពីអ្វីដែលខ្ញុំបានចេះដឹងតាមរយៈការអាន ក្រោមទម្រង់នៃការអនុវត្តជាក់ស្ដែងក្នុងឆាកជីវិតដ៏ពិតប្រាកដមួយ ។ បើរម្លឹកទៅដល់ឆ្នាំ ២០១៨ ខ្ញុំគិតថា វាគឺជាឆ្នាំប្រកបដោយព្យុះភ្លៀងជាច្រើន ដែលធ្វើឲ្យខ្ញុំមានគំនិតរាថយខ្លះ ក្នុងដំណើរជីវិតដ៏ស្រពេចស្រពិលនេះ ។ ឆ្នាំ ២០១៨ ជាឆ្នាំដ៏ប្រកបដោយភាពស្មុគស្មាញ ដែលជំរុញឲ្យខ្ញុំងាកទៅរកការអាន ហើយរៀនសូត្រអំពីជីវិតបានយ៉ាងច្រើនតាមរយៈទំព័រសៀវភៅ ។ ឆ្នាំ ២០១៩ ខ្ញុំហាក់មានការរវល់ច្រើនក្នុងការរៀនសូត្រពីជីវិតតាមរយៈទំព័រជីវិតពិត ដោយឆ្លុះបញ្ចាំងនឹងអ្វីដែលខ្ញុំតាមរៀនតាមរយៈទំព័រសៀវភៅ ។
បើនិយាយពីការអានក្នុងឆ្នាំ ២០១៩ ខ្ញុំអានសៀវភៅចប់បានតែបីក្បាលប៉ុណ្ណោះ ។ វាជាចំនួនដ៏តិចតួចណាស់ បើធៀបទៅនឹងឆ្នាំ ២០១៨ ដែលខ្ញុំបានអានសៀវភៅចប់ដល់ទៅកៅសិបក្បាលឯណោះ ។ ក្នុងឆ្នាំ ២០១៩ ក្រៅពីសៀវភៅដែលខ្ញុំបានអានចប់ ក៏នៅមានសៀវភៅខ្លះទៀតដែលខ្ញុំអានហើយតែមិនទាន់បានបញ្ចប់សព្វគ្រប់នៅឡើយទេ ។ សៀវភៅទាំងនោះរួមមាន «ទម្រាំក្លាយជាអ្នកនិពន្ធ» , «មនោសញ្ចេតនា» (បោះពុម្ពថ្មី), «ដំណើរជីវិត» , «Love for Imperfect Things» ជាដើម ។ ខ្ញុំបានដាក់គម្រោងការអានព្រះត្រៃបិដកក្នុងឆ្នាំ ២០១៩ តែពុំបានសម្រេចតាមគម្រោងការនោះទេ ។ ឆ្នាំ ២០២០ នេះ ខ្ញុំបន្តគម្រោងការអានព្រះត្រៃបិដកបន្តទៀត។ ខ្ញុំសង្ឃឹមថា គម្រោងការឆ្នាំថ្មីនេះនឹងមិនអាចខកខានដូចឆ្នាំមុនឡើយ ។ ឆ្នាំថ្មី ២០២០ នេះត្រូវបើទំព័រជីវិតថ្មីជាមួយនឹងសៀវភៅ «ត្រឹមតែពូកែ មិនគ្រប់គ្រាន់ទេ» ដែលជាសៀវភៅដែលខ្ញុំចង់អានជាយូរណាស់មកហើយ ។
បើសួរថា តើខ្ញុំរៀនសូត្រអ្វីពីឆ្នាំ ២០១៩ កន្លងទៅនេះ ? ខ្ញុំនឹងឆ្លើយដោយមិនស្ទាក់ស្ទើរក្នុងចិត្តទេថា ខ្ញុំរៀនសូត្របានច្រើនខ្លាំងណាស់ ។ ខ្ញុំបានស្គាល់កាន់តែច្បាស់ពីឆាកជីវិតពិត ដែលប្រកបដោយភាពបទបែនដ៏ពិបាកនឹងពណ៌នា ។ ខ្ញុំបានប្រឈមមុខច្រើនជាមួយបញ្ហានានាក្នុងជីវិតនេះ ប្រកបដោយភាពជឿជាក់ជាងឆ្នាំមុន ៗ ។ ខ្ញុំមានទស្សនសម្រាប់ជីវិត ប្រកបដោយភាពប្រាកដប្រជាជាងមុន ។ ខ្ញុំមានសេរីភាពផ្នែកការគិត ផ្នែកការសម្រេចចិត្ត ផ្នែកសកម្មភាព និងផ្នែកហិរញ្ញវត្ថុច្រើនជាងមុន ។ រឿងដែលសំខាន់មួយទៀត គឺខ្ញុំរៀនចេះនិយាយពាក្យថា «ទេ!» ហើយរស់ក្នុងភាពជាខ្លួនឯងបានយ៉ាងល្អប្រសើរ ។ ខ្ញុំបានធ្វើឲ្យចម្រើនឡើងនូវសុចរិតភាពក្នុងខ្លួនរបស់ខ្ញុំ ។ និយាយរួមទៅ ខ្ញុំបានប្រឡូកជាមួយឆាកជីវិតពិតច្រើនជាងឆ្នាំមុន ៗ ហើយក៏ទទួលបានការចេះដឹងច្រើនដែរពីឆាកជីវិតដ៏ពិតប្រាកដមួយនេះ ។
ឆ្នាំថ្មី ២០២០ នេះ ខ្ញុំមានគម្រោងការជាច្រើនបន្តទៀត ជាពិសេសផ្ដោតលើការអាន ការសរសេរ និងការអភិវឌ្ឍចំណេះដឹងថ្មី ៗ ។ គម្រោងការក្នុងឆ្នាំថ្មីនេះ មានភាពប្រាកដប្រជាជាងឆ្នាំមុន ៗ ។ ខ្ញុំប្ដេជ្ញាថានឹងបញ្ចប់ឯកសារគោល «Life Charter: Road Map to Peaceful Life» ឲ្យបានឆាប់រហ័សបំផុត ដើម្បីបានជាបទដ្ឋានដ៏រឹងមាំសម្រាប់សម្រេចឲ្យបាននូវគម្រោងការផ្សេង ៗ ជាច្រើនទៀតក្នុងឆ្នាំថ្មីនេះ ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ឆ្នាំថ្មីនេះ ខ្ញុំនឹងអាចសម្រេចបាននូវសមិទ្ធផលច្រើនឲ្យការគ្រងទុក ។
COMMENTS