ធម្មទាននៃការពិចារណាទៅលើអក្សរសាស្ត្រខ្មែរ អក្សរសាស្ត្រខ្មែរហាក់ដូចចាប់ផ្ដើមធ្លាក់ចុះខុសក្បួនខ្នាត ចាប់តាំងពីសម្ដេចព្រះស...
អក្សរសាស្ត្រខ្មែរហាក់ដូចចាប់ផ្ដើមធ្លាក់ចុះខុសក្បួនខ្នាត ចាប់តាំងពីសម្ដេចព្រះសង្ឃរាជ ជួន ណាត នៅមានព្រះជន្មម្ល៉េះ។
មូលហេតុនៃការធ្លាក់ចុះបណ្ដាលមកពីកត្តាជាច្រើនដូចជា៖
- ការច្រៀងមិនគោរពទៅតាមសូរសព្ទត្រឹមត្រូវ គឺច្រៀងទៅតាមតម្រូវនៃជើងកាព្យ ដូចជា
ឧ. “សត្វលោក” ត្រូវអានថា “ស័ត.ត្វៈ.លោក “ តែបែរជាច្រៀងថា “សាត់.លោក” ទៅវិញ រីជនានុជនក៏អានថា “សាត់.លោក” ទៅតាមចម្រៀងទៅ
ឧ. “អូនអើយ” ត្រូវអានថា “អូន.ណើយ” តែបែរជាច្រៀងថា “អូន.អើយ”
- ការអានខុសសូរសព្ទនៃពាក្យរបស់អ្នកអានព័ត៌មានក្នុងវិទ្យុជាតិ ដែលសម្ដេចធ្លាប់បានទ្រង់ព្រះលិខិតមកឲ្យកែតម្រូវ តែអ្នកអាននៅតែចចេសរឹងរូសពុំព្រមកែតាមឡើយ
- និន្នាការនៃអ្នកប្រាជ្ញអក្សរសាស្ត្រវ័យក្មេងជំនាន់ក្រោយដែលកែអក្សរសាស្ត្រខ្មែរ
ឧ. “ដើម្បី” សរសេរជា “ដើមបី”, “ចម្ការ” សរសេរជា “ចំការ”, “សម្រាក” សរសេរជា “សំរាក”
ពួកអ្នកប្រាជ្ញថ្មីទាំងនេះ ត្រូវបានសម្ដេចហៅថា “ពួកដង្កូវស៊ីត្រួយអក្សរសាស្ត្រជាតិ” ឬ “ពួកបំផ្លាញអក្សរសាស្ត្រជាតិ”
- ក្រោយសម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់សោយព្រះទិវង្គតទៅ ក្រុមអ្នកប្រាជ្ញថ្មីបានបង្កើតពាក្យជាច្រើនទៅតាមទ្រឹស្ដី ”ឆ្មូល” ដូចជា “ការទទួល” ទៅជា “ទំនួល”, “ការទាក់ទង” ទៅជា “ទំនាក់ទំនង”, “ការស្នើ “ ទៅជា “សំណើ”...
ក្រោយមក ថ្វីបើសម្ដេចព្រះសង្ឃរាជ ហួត តាត មានចំណេះផ្នែកអក្សរសាស្ត្រប្រហាក់ប្រហែលនឹងសម្ដេចព្រះសង្ឃរាជ ជួន ណាត ក៏ដោយ ក៏ព្រះអង្គទ្រង់ហាក់ដូចជាមានព្រះចិន្ដា ”ស្លូត” ជាងសម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុងការថ្លែងអន្តរាគមន៍ចំពោះការកែអក្សរសាស្ត្រខ្មែររបស់ក្រុមអ្នកប្រាជ្ញវ័យក្មេងដែរ។ ម្យ៉ាងវិញទៀត ស្ថានភាពនៃសង្គ្រាមក៏កាន់តែយ៉ាប់យ៉ឺន បណ្ដាលឲ្យវាមានភាពវឹកវរ ហើយទីបំផុតពួកខ្មែរក្រហមវាយយកទីក្រុងភ្នំពេញបាន។
ឯកសារយោង៖ បទសម្ភាសន៍និងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
COMMENTS