អរុណសួស្ដី! ម្សិលមិញ ខ្ញុំបង្ហោះពាក្យលេងសើចនឹងមេឃ នៅលើ ហ្វេសប៊ុក ថា «មេឃថ្ងៃនេះ កើតទុក្ខស្អីទៀតហើយ...? ហ្នឹងហើយ...! ប្រាប់...
ម្សិលមិញ ខ្ញុំបង្ហោះពាក្យលេងសើចនឹងមេឃ នៅលើ ហ្វេសប៊ុក ថា
«មេឃថ្ងៃនេះ កើតទុក្ខស្អីទៀតហើយ...?
ហ្នឹងហើយ...! ប្រាប់ហើយមិនចេះស្ដាប់ទេ ថាកុំឲ្យទុកចិត្តស្រីៗ 😃😃😃😃
ហាស! ហាស! អាសូរបងមេឃណាស់ កើតទុក្ខតាំងពីម្សិលមិញ។ ព្រឹកនេះ បងមេឃបើកភ្នែកភ្លាម ក៏ស្រែកទួញយំភ្លាម។ អ្ហា! ចេះកើតទុក្ខអីតែខ្ញុំ បងមេឃក៏គាត់ចេះយំសោកកើតទុក្ខដែរ។ មិនមែនសប្បាយចិត្តលើគំនរទុក្ខរបស់បងមេឃទេ តែភ្លៀងក៏ល្អដែរ ព្រោះខ្ញុំចូលចិត្តភ្លៀង។ សំឡេងភ្លៀង ប្រៀបបាននឹងសំឡេងតន្ត្រីដែលប្រគំយ៉ាងពីរោះ។ ភ្លៀង បង្កើតនូវពិភពថ្មីមួយ ដែលធ្វើឲ្យខ្ញុំនឹកឃើញដល់រឿងរ៉ាវជាច្រើន។ មនោសញ្ចេតនា ការចងចាំ និងអារម្មណ៍ទាំងឡាយ ដែលបានកប់បាត់ទៅក្នុងលំហនៃពេលវេលាដ៏វែងឆ្ងាយ ត្រូវបានផុសឡើងវិញដោយសារសំឡេងនិងបរិយាកាសនៃការស្រែកទួញយំរបស់បងមេឃ។ ហាស! ហាស! កំពុងពណ៌នាពីបងមេឃ ឥលូវបងមេឃយំកាន់តែខ្លាំងទៀតហើយ។ សំឡេងនេះ ពីរោះណាស់! មានក្ដីសុខណាស់!
អត្ថបទនេះ នៅមិនទាន់ដឹងថាគួរដាក់ចំណងជើងថាម៉េចទេ...។ គិតថានឹងសរសេររៀបរាប់ពីរឿងរ៉ាវដែលកើតឡើងកាលពីចុងសប្ដាហ៍កន្លងទៅ តែបែរជាមកជាប់ចិត្តនិងបរិយាកាសដ៏កម្រនេះទៅវិញ។ គួរនិយាយពីអីមុនអ៊ីចេះនេះ...
ខ្ញុំក្រោកពីព្រលឹមដូចសព្វដង...
ទទួលទានបាយពេលព្រឹករួចរាល់ភ្លាម ខ្ញុំរៀបចំអីវ៉ាន់ទៅស្រុកកំណើតភ្លាម។ ខានជិះម៉ូតូទៅស្រុកតែម្នាក់ឯងយូរដែរហើយ...។ មានអី...! ម្នាក់ឯងក៏ល្អដែរ។ ហុកសិបគីឡូម៉ែត្រ មិនឆ្ងាយពេកទេ ព្រោះខ្ញុំចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយដ៏ឯកោបែបនេះ។ ហាស! គ្រាន់តែទៅដល់ភ្លាមអ្នកជិតខាងខ្ញុំស្រែកសួរ «អឺ! រង្សីមកទៀតអ្ហា?»។ អារម្មណ៍ខ្ញុំហាក់មិនបានចាប់ភ្លឹកនឹងសំឡេងសួរហ្នឹងសោះ។ ខ្ញុំចុះពីម៉ូតូ រួចអង្គុយលើគ្រែក្រោមផ្ទះ ទើបឮពួកគាត់ទាំងពីរនាក់ជជែកគ្នាពី នីតា។ នីតា សួររកខ្ញុំតាំងពីម្សិលមិញ។ "បើអ៊ីចឹងវិញចាំណាស់ តែរៀនអត់ចាំអ៊ីចឹងសោះ!" យាយរបស់ នីតា និយាយទាំងអស់សំណើចទៅកាន់ម្ដាយ នីតា ព្រោះហួសចិត្តដែល នីតា ចាំច្បាស់ពីថ្ងៃចុងសប្ដាហ៍។ ហាស! ហាស! កាលនៅតូច នីតា ខ្លាចខ្ញុំណាស់។ លុះក្រោយមក នាងបែរជាចូលចិត្តខ្ញុំទៅវិញ។ នាងចូលចិត្តមកនិយាយលេងនឹងខ្ញុំខ្លាំងណាស់ ហើយខ្ញុំក៏សប្បាយចិត្តដែរ ព្រោះពេលនិយាយនឹងនាង ខ្ញុំត្រូវនាងធ្វើឲ្យសើចរហូត។ មកដល់ផ្ទះ ផ្ទះខ្ញុំស្ងាត់ជ្រងំ ឮតែសំឡេងអ្នកជិតខាងកំពុងជជែកគ្នាយ៉ាងក្អាកក្អាយ។ មួយសន្ទុះក្រោយមក ខ្ញុំបានឮសំឡេង...។ នីតា រត់មកលេងនឹងខ្ញុំ ទាំងញញឹមតាំងពីចម្ងាយ។
- "មកពីរៀនវិញអ្ហា?" ខ្ញុំសួរទៅកាន់ នីតា។
- "មកវិញហើយ! ខ្ញុំចង់បត់ជើង ហើយក៏សុំអ្នកគ្រូមកផ្ទះ។"
ខ្ញុំសើច រួចបន្តសួរនាង...
- "ហើយអត់ទៅវិញទេអ្ហ?"
- "អត់ទៅវិញអ្ហេ..!"
ខ្ញុំនឹកអស់សំណើចជាខ្លាំង... ហាស! ចេះតែមានហើយ នីតា។
នាងរត់ទាំងត្រហេបត្រហប ការពិត មកអួតពីអាវរងារបស់នាងសោះ។ ខ្ញុំមើលទៅមុខ នីតា...
- "ស្អីហ្នឹង! ម៉េចមានស្នាមខ្មៅៗពេញមុខអ៊ីចឹង?"
នាងសើច រួចឆ្លើយនឹងខ្ញុំ...
- "ហាស! ហាស! ជ័រស្វាយរោល..."
- "ហើយ ម៉េចអ៊ីចឹង?" ខ្ញុំបន្តសួរនាង។
នាងសើច ហើយបន្លប់ខ្ញុំឲ្យនិយាយរឿងផ្សេងពីនេះវិញ ទាំងដែលខ្ញុំខំសួរជីកឫសជីកគល់។ ហាស! ហាស! ការពិត ធ្វើដូច នីតា ក៏ល្អម្យ៉ាងដែរ។ រឿងណាដែលធ្វើឲ្យយើងមិនសប្បាយចិត្ត ក៏ទុកមួយដុំសិនទៅ មិនចាំបាច់រំលឹកនាំតែមិនសប្បាយចិត្តទេ។ បែរមកនិយាយរឿងល្អៗ ដែលធ្វើឲ្យយើងសប្បាយចិត្តវិញ ទើបជារឿងដែលសំខាន់។
ល្ខាចជិតយប់ទៅហើយ នីតា បានរត់មកលេងនឹងខ្ញុំម្ដងទៀត។ នាងប្រាប់ខ្ញុំថា នាងនឹងទៅមើល ខនសឺត (Concert) នៅយប់នេះ។ ហាស! និតា ចេះអង់គ្លេសទៀត...។ ខ្ញុំនាំនាងដើរទៅដើរមក នៅខាងមុខផ្ទះខ្ញុំ។ នាងសម្លឹងមើលទៅព្រះចន្ទ រួចនិយាយថា «មើលន៏! ព្រះ... ចន្ទហ្នឹង ដើរតាមយើងរហូត...។ ហាស! ហាស! នាងគិតដូចខ្ញុំកាលពីក្មេងដែរ។ សម្ដីនាង ធ្វើឲ្យខ្ញុំនឹកឃើញដល់ពេលវេលាកាលពីក្មេង ពេលដែលខ្ញុំជិះកង់ជាមួយបងស្រីខ្ញុំ ហើយបងស្រីខ្ញុំប្រាប់ខ្ញុំថា «ទោះទៅដល់ទីណាក៏ដោយ ព្រះចន្ទនឹងដើរតាមយើងរហូត»។
ព្រឹកឡើង នីតា មកលេងនឹងខ្ញុំទៀត។ ខ្ញុំមិននឹកស្មានថា ខ្ញុំចូលចិត្តក្មេងៗដល់ម្ល៉ឹងសោះ ហើយកាន់តែមិននឹកស្មានសោះថា ខ្ញុំនិងក្មេងៗចុះសម្រុងគ្នាដល់ម្ល៉ឹង។ ខ្ញុំដឹងថា នីតា មិនបានទៅមើលការប្រគំតន្ត្រីទេ កាលពីយប់មិញ ទើបខ្ញុំនិយាយចំអន់នាង ដើម្បីឲ្យបានសើច។
ម្ដាយរបស់ នីតា ជាកម្មការិនីរោងចក្រផ្នែកផុងសម្លៀកបំពាក់។ នីតា និយាយពីនេះពីនោះមិនឈប់ រត់ផងដើរផងពេញមុខផ្ទះ។ ខ្ញុំយកកៅអីមកអង្គុយ ហើយ នីតា ចាប់ផ្ដើមសួរខ្ញុំ...
- "(ពូ)...! (ពូឯង) ធ្វើការអីគេ?"
ខ្ញុំនឹកមិនឃើញថា ត្រូវតបនឹងនាងថាម៉េចទេ ព្រោះរាល់ថ្ងៃហ្នឹង គ្មានការងារធ្វើទេ មួយថ្ងៃៗ គិតតែទៅសាលា ចូលបណ្ណាល័យ ហ្នឹងឯង។ នីតា នៅតែបន្តសួរខ្ញុំ...
- "(ពូ)...! (ពូឯង) ធ្វើការអីគេ? (ពូឯង) ផុងអីគេ?"
ខ្ញុំទប់សំណើចមិនបាន ក៏សើចយ៉ាងខ្លាំង។ ខ្ញុំសួរទៅនាងថា ចុះម៉ែអូនឯងផុងអីគេ?
- "ម៉ែខ្ញុំ ផុងខោអាវ!" នីតា ឆ្លើយ។
ហាស! ហាស! នាងច្រមក់នេះ ចេះនិយាយអ៊ីចឹងកើត...។
អ្ហើយ! ការពិត ជីវិតនេះវិលវល់មិនទៀងសោះ...។ ទើបតែនិយាយលេងជាមួយ នីតា យ៉ាងសប្បាយ ស្រាប់តែរឿងមិនល្អកើតមានភ្លាមតែម្ដង។ វាគ្មានអីធំដុំទេ តែកុំព្យូទ័រខ្ញុំត្រូវផឹកទឹកអស់ជិតមួយកែវ។ ចង្រៃមែន! ខ្ញុំក្ដៅក្រហាយតាំងពីពេលហ្នឹង រហូតមកដល់ភ្នំពេញ នៅតែមិនទាន់បាត់ផង។ ស៊យអីស៊យយ៉ាងនេះ! ជិះមកតាមផ្លូវជួបរឿងមិនល្អជាហូរហែ។ គិតទៅ ពេលអារម្មណ៍មិនល្អ នាំឲ្យកើតរឿងមិនល្អតកន្ទុយគ្នាមិនដាច់។ មកដល់ភ្នំពេញវិញ ខ្ញុំមានអារម្មណ៍ថាដូចត្រូវគេកាត់ដៃម្ខាងបោះឲ្យឆ្កែស៊ី។ មួយថ្ងៃមួយថ្ងៃ ខ្ញុំនៅតែជាមួយកុំព្យូទ័រ ឥលូវ កុំព្យូទ័រខ្ញុំវាចង់ទៅលេងពេទ្យហើយ។ ចុងក្រោយ ខ្ញុំក៏សម្រេចចិត្តនាំវាទៅផ្ទះជាង ដូរក្ដារចុច (Keyboard) អស់ ២០ ដុល្លារ ទាំងព្រឹក។
សរុបមក អត្ថបទហ្នឹង អត់ដឹងនិយាយពីស្អីឲ្យប្រាកដទេ។ អូ! ភ្លេចប្រាប់... ចុងសប្ដាហ៍កន្លងទៅហ្នឹង ត្រូវនឹងថ្ងៃបុណ្យសមុទ្រ ដែលប្រារព្ធនៅខែត្រកែប។ អត្ថបទនេះ នឹងត្រូវបញ្ចប់ដោយពាក្យមួយឃ្លានេះហើយ...
«មនុស្សប្រមាណជាងដប់ប្រាំម៉ឺននាក់ ចូលរួមក្នុងពិធីបុណ្យសមុទ្រ កាលពីចុងសប្ដាហ៍កន្លងទៅ។ ឯខ្ញុំឯណេះ ដេកផ្ទះស្អាត...»
COMMENTS