អរុណសួស្ដី! ថ្ងៃនេះ ប្លែកបន្តិច ព្រោះត្រូវមកអង្គុយក្នុងបណ្ណាល័យសាលាទាំងព្រឹក។ មានតែទីនេះទេ ដែលជាកន្លែងដែលសក្ដិសមបំផុតសម្រាប់ខ្ញុំ។ ហាស! ទីន...
ថ្ងៃនេះ ប្លែកបន្តិច ព្រោះត្រូវមកអង្គុយក្នុងបណ្ណាល័យសាលាទាំងព្រឹក។ មានតែទីនេះទេ ដែលជាកន្លែងដែលសក្ដិសមបំផុតសម្រាប់ខ្ញុំ។ ហាស! ទីនេះស្ទើរតែក្លាយទៅជាផ្ទះរបស់ខ្ញុំទៅហើយ...។
Cover |
អត្ថបទមុនៗ ដែលខ្ញុំសរសេរ ក្រោយពេលដែលបានអានសៀវភៅណាមួយចប់ ភាគច្រើនខ្ញុំមិនបានរៀបរាប់ពីអត្ថន័យក្នុងសៀវភៅច្រើននោះទេ។ ខ្ញុំសរសេរត្រឹមតែរឿងរ៉ាវនិងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនខ្ញុំប៉ុណ្ណោះ ព្រោះចង់ទុកតួនាទីឲ្យអ្នកអានបានអានស្វែងយល់ពីអត្ថន័យដោយខ្លួនឯង។ ដោយឃើញសៀវភៅនេះមានបង្កប់ដោយពាក្យពេចន៍ដែលមានអត្ថន័យល្អៗច្រើន ខ្ញុំសុំអនុញ្ញាតនាំមកនូវអ្វីដែលខ្ញុំបានកត់ត្រា ជូនអ្នកអាន ដើម្បីបានជាប្រយោជន៍ពីការអានអត្ថបទនេះ។
ដូចជាវែងឆ្ងាយពេកហើយ!
និយាយពីសៀវភៅហ្នឹងតែម្ដងទៅ។ សៀវភៅនេះមិនវែងពេក ហើយក៏មិនខ្លីពេកដែរ ល្មមអានដោយគ្មានការធុញទ្រាន់អ្វីនោះទេ ហើយអត្ថន័យទៀតសោតក៏ល្មមឲ្យអ្នកអានជក់ចិត្ត ចង់អានរហូតដល់ទំព័រចុងក្រោយ។ គ្រាន់តែឃើញចំណងជើង អ្នកគ្រប់គ្នាប្រាកដជាជាក់ច្បាស់ហើយថា ក្នុងសៀវភៅនេះ អ្នកនិពន្ធពិភាក្សាលើប្រធានបទអាថ៌កំបាំងទាំងដប់បីហ្នឹងឯង អ្នកទាំងអស់គ្នាគ្រាន់តែមិនទាន់បានដឹងថាជាអ្វីខ្លះប៉ុណ្ណោះ។ ខ្ញុំសុំមិនលើកយកនូវរាល់ចំណុចទាំងអស់មកនិយាយនោះទេ លើកយកតែចំណុចណាដែលខ្ញុំចាប់អារម្មណ៍ប៉ុណ្ណោះ។
អាថ៌កំបាំងដំបូងដែលអ្នកនិពន្ធលើកយកមកនិយាយ គឺអំពីការទទួលខុសត្រូវ។ អានចំណុចនេះចប់ ខ្ញុំស្រាប់តែនឹងឃើញដល់រឿងរ៉ាវកាលពីជាងមួយឆ្នាំមុន។
លោកសាស្ត្រាចារ្យនៅសាកលវិទ្យាល័យខ្ញុំ តម្រូវឲ្យចាប់គ្នាជាក្រុម ដើម្បីធ្វើការងារដែលលោកបានដាក់ឲ្យ។ ការពិត ខ្ញុំមិនពូកែធ្វើកិច្ចការជាក្រុមប៉ុន្មានទេ។ ខ្ញុំគិតថា ការងារក្រុមដងនេះ គឺជាការងារក្រុមដែលគួរឲ្យធុញទ្រាន់បំផុត ក្នុងបណ្ដាការងារក្រុមដែលខ្ញុំបានជួប។ មិនបាច់ប្រាប់ក៏ដឹងដែរថា ការងារក្រុមនោះ មិនប្រព្រឹត្តទៅដោយភាពរលូននោះទេ។ ថ្ងៃធ្វើបទបង្ហាញមកដល់... ត្រូវចំលើថ្ងៃស៊យតែម្ដង! ខ្ញុំក្ដៅខ្លួនផងឈឺក្បាលផង ស្ទើរទ្រាំពុំបាន។ មួយម៉ោងមុនការធ្វើបទបង្ហាញមកដល់ ខ្ញុំដើរចេញពីសាលាឆ្ពោះទៅរកហាងកាហ្វេដែលនៅជិតនោះ។ ខ្ញុំផ្ញើសារប្រាប់ពួកគេថា «ថ្ងៃនេះ ខ្ញុំមិនអាចទៅចូលរួមធ្វើបទបង្ហាញបានទេ។ សូមអ្នកទាំងអស់គ្នា កាត់ផ្នែករបស់ខ្ញុំចោលចុះ! បញ្ហានេះ ខ្ញុំនឹងជជែកជាមួយលោកសាស្ដ្រាចារ្យពេលក្រោយ។»
គ្រាន់តែបានឃើញសាររបស់ខ្ញុំភ្លាម ពួកគាត់ប្រញាប់ប្រញាល់តបសាររបស់ខ្ញុំភ្លាម ក្នុងទំនងខឹងនឹងខ្ញុំណាស់ហើយមើលទៅ។ អាចនិយាយបានថា នេះជាការជជែកគ្នាយ៉ាងតឹងសរសៃក។ ការពិត ក្ដៅខ្លួនឈឺក្បាលអីនោះ គ្រាន់តែជាលេសរបស់ខ្ញុំទេ។ គ្រាន់តែទៅចូលរួមធ្វើបទបង្ហាញប៉ុណ្ណឹង មិនដល់ថ្នាក់ធ្វើឲ្យខ្ញុំស្លាប់នោះទេ តែចិត្តខ្ញុំមិនចង់ ព្រោះនឹកឃើញរឿងការងារក្រុមហ្នឹងម្ដងៗ ក្ដៅឆេវតែម្ដង។ ហាស! ហាស! មិននឹកស្មានថា មនុស្សដែលមើលទៅហ្មត់ចត់ មិនសូវចេះលេងសើចដូចជាខ្ញុំ បែរជាធ្វើរឿងល្ងង់ខ្លៅបែបនេះទៅវិញ។ សំឡេងសារស្ងាត់មួយសន្ទុះ ទើបលេចសំឡេងជាថ្មីម្ដងទៀត។ វាជាសាររបស់សមាជិកក្រុមម្នាក់ គាត់មិនសូវមករៀនទេ ពេលប្រជុំក្រុមម្ដងៗ និយាយរកសាច់ការមិនឃើញទេ។ ខ្ញុំស្រាប់តែភ្ញាក់ព្រើតពេលឃើញសាររបស់គាត់។ គាត់សរសេរថា «កាត់ផ្នែកណាមួយចោល វាមិនមែនជារឿងសំខាន់ទេ តែអ្វីដែលសំខាន់ក្នុងពេលនេះ គឺ ការទទួលខុសត្រូវ...»
អានហើយ ពិតជាធ្វើឲ្យខ្ញុំរអៀសខ្លួនខ្លាំងណាស់។ វាជាប្រយោគដ៏ចាក់ដោតពេញបេះដូង សម្រាប់មនុស្សដែលចូលចិត្តគិតច្រើនដូចជារូបខ្ញុំ។ ខ្ញុំផ្ដាច់អ៊ីនធឺណិត ឈប់តបអ្វីទាំងអស់ ហើយបែរមកគិតពីពាក្យដែលគាត់បានសរសេរ។ ខ្ញុំឈ្លោះនឹងខ្លួនឯងអស់ចិត្ត ទើបជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ជាមួយនឹងការចងចាំដែលមិនអាចបំភ្លេចបាន។
ការពិត ខ្ញុំបានរៀនសូត្រពី ការទទួលខុសត្រូវ នេះតាំងពីជាងមួយឆ្នាំមុន។ វាជាភាពអាម៉ាស់មួយក្នុងឆាកជីវិតរបស់ខ្ញុំ ហើយខ្ញុំបានសន្យានឹងខ្លួនឯងថា ធ្វើអ្វីៗ ត្រូវតែមានការទទួលខុសត្រូវជានិច្ច។
នៅមានចំណុចមួយដែលខ្ញុំនឹកស្ងើចសរសើរពួកគាត់ គឺក្រោយពីកើតរឿងថ្ងៃនោះមក គាត់នៅតែរក្សាទំនាក់ទំនងល្អជាមួយខ្ញុំ។ ពេលជួបខ្ញុំម្ដងៗ ពួកគេមិនដែលខានទេ នូវការផ្ដល់ឲ្យខ្ញុំនូវស្នាមញញឹមយ៉ាងកក់ក្ដៅ។ ខ្ញុំពិតជាគោរពស្រលាញ់ពួកគាត់ណាស់!
ចំណុចមួយទៀត ដែលអ្នកនិពន្ធបានបង្ហាញនោះ គឺ គោលបំណង។
«Your purpose in life should be the reason why you wake up every morning. Each day should have its own purpose and do not go to bed until you are sure you accomplished the goals of that day. Our purpose in life defines who we are.»
ខ្ញុំពេញចិត្តនឹងពាក្យប៉ុន្មានឃ្លានេះជាខ្លាំង ព្រោះវាត្រូវនឹងសាច់រឿងរបស់ខ្ញុំ។
រម្លឹកឡើងវិញបន្តិចចុះ! ពីមុនខ្ញុំជាមនុស្សដែលក្រោយពីគេងយឺត។ ថ្ងៃខ្លះ ម៉ោងប្រាំបួនជាងអីហើយ មិនទាន់ក្រោកផង។ ពិតណាស់ថា ខ្ញុំពិតជាមិនដឹងទេថាត្រូវក្រោកពីព្រលឹមដើម្បីធ្វើអ្វី។ ខ្ញុំធ្លាប់ព្យាយាមក្រោកពីព្រលឹមដែរ តែជាការក្រោយដើម្បីតែដេកទៅវិញប៉ុណ្ណោះ ក៏គឺដោយសារតែហេតុផលមួយដែលថា មិនដឹងក្រោកដើម្បីធ្វើអ្វី។ នេះជាសោកនាដកម្មនៃជីវិតដ៏ធំធេង។ ខ្ញុំមិនបាននិយាយថា អ្នកដែលមានទម្លាប់ក្រោកពីគេងយឺត សុទ្ធតែជាមនុស្សគ្មានគោលដៅទេ តែនេះ ខ្ញុំគ្រាន់តែលើកយករឿងផ្ទាល់ខ្លួនរបស់ខ្ញុំមកនិយាយឲ្យអ្នកទាំងអស់គ្នាស្ដាប់ប៉ុណ្ណោះ។ ថ្វីបើនៅពេលនេះ ខ្ញុំនៅតែរស់ក្នុងភាពស្រពេចស្រពិលលើវិថីជីវិត តែយ៉ាងហោចណាស់ក៏ខ្ញុំប្រាកដក្នុងចិត្តដែរថា តើខ្ញុំត្រូវក្រោកពីព្រលឹមដើម្បីអ្វី...។ យ៉ាងហោចណាស់ក៏ថ្ងៃនេះ ខ្ញុំបានក្រោកពីព្រលឹមអង្គុយសរសេរអត្ថបទនេះឲ្យអ្នកទាំងអស់គ្នាអាន។
អ្នកនិពន្ធក៏បានលើកមកនិយាយដែរអំពី ការបរាជ័យ។
ត្រង់ចំណុចនេះ ខ្ញុំជាប់ចិត្តនឹងឃ្លាមួយដែលអ្នកនិពន្ធនិយាយថា ភាពបរាជ័យ មិនគួរជាមូលហេតុដែលធ្វើឲ្យយើងបោះបង់ការតស៊ូនេះទេ ការមិនព្យាយាមឯណោះទេ ដែលជាការបរាជ័យដ៏ពិតប្រាកដ។
មានពាក្យប៉ុន្មានឃ្លាទៀតដែរ ដែលខ្ញុំចាប់អារម្មណ៍។
«Never stop learning because life never stop teaching you stop learning only when you
die Keep in mind that a wise man can learn from a foolish man but a foolish man cannot learn from a wise man.»
ឃ្លាទាំងនេះ អ្នកនិពន្ធលើកមកនិយាយក្នុងអាថ៌កំបាំងទី៦ គឺ បន្តការរៀនសូត្រជាដរាប។ ការពិត អ្វីៗដែលនៅជុំវិញខ្លួនយើង សុទ្ធតែជាមេរៀនដែលយើងអាចយកមករៀនសូត្របាន សំខាន់ថាតើយើងម្នាក់ៗមានភាពឆ្លាតវៃប៉ុណ្ណា ក្នុងការទទួលការរឿងសូត្រពីអ្វីៗដែលនៅជុំវិញខ្លួននោះ។
នៅក្នុងសៀវភៅនេះដែរ អ្នកនិពន្ធបានបង្កប់នូវរឿងអប់រំខ្លីៗខ្លះ លើប្រធានបទ គ្រួសារ (Family is Everything) និង ការឲ្យ (Give to People)។ សូមអានស្វែងយល់ដោយខ្លួនឯងចុះ ដ្បិតអីខ្ញុំបានស្រង់យកមកចុះផ្សាយនៅទីនេះស្រាប់ តែជាភាសាអង់គ្លេសទេ ចាំពេលក្រោយ ខ្ញុំនឹងចំណាយពេលបកប្រែមកជាភាសាខ្មែរជូនទៅចុះ។
ជារួម សៀវភៅនេះជាសៀវភៅដ៏ល្អមួយដែលអ្នកទាំងអស់គ្នាគួរតែចំណាយពេលខ្លះដើម្បីអាន។ អាថ៌កំបាំងទាំងដប់បីនេះ គ្របដណ្ដប់លើការរស់នៅរបស់មនុស្សម្នាក់ៗ។ អ្នកនឹងបានស្វែងយល់ពី គន្លឹះជីវិតផ្ទាល់ខ្លួន ការងារ គ្រួសារ មិត្តភ័ក្ដិ ហិរញ្ញវត្ថុ ភាពរីករាយនៃជីវិត និងគន្លឹះផ្សេងៗទៀតជាច្រើន។ ចុងក្រោយ គឺមានតែទុកភារៈឲ្យអ្នករាល់គ្នា អានស្វែងយល់ដោយខ្លួនឯងទៀតហើយ។ សៀវភៅនេះ មានផ្ដល់ជូនដោយឥតគិតថ្លៃ។ អ្នកអាចស្វែងរកតាមប្រព័ន្ធអ៊ីនធឺណិត ឬទាក់ទងមកខ្ញុំផ្ទាល់ក៏បាន។ ខ្ញុំមិនបានដាក់ឲ្យទាញយកនៅទីនេះទេ ដ្បិតអីចង់កែប្រែរបៀបរបប ប្លក់ ថ្មីនេះឲ្យខុសពី ប្លក់ ចាស់។ បើដាក់ឲ្យទាញយក ខ្ញុំនឹងបាត់បង់ឱកាសបានស្គាល់អ្នកជាក់ជាមិនខាន។ ហាស! មនុស្សស្រលាញ់ការអាន ហើយមិនសូវទាន់ចូលចិត្តអានដូចជារូបខ្ញុំនេះ ពិតជាចង់រាប់អានជាមួយអ្នករាល់គ្នា (ដែលចូលចិត្តការអាន និងចូលចិត្តអាន) ខ្លាំងណាស់។ អ៊ីចឹង! សូមទាក់ទងមកណា... តាមរយៈសារដែលមានស្រាប់ក្នុង ប្លក់ នេះក៏បាន តាម ហ្វេសប៊ុក ឬអ៊ីមែលក៏បាន។
ជាចុងក្រោយ សូមអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះគុណម្ចាស់ ដែលបានផ្ដល់សៀវភៅនេះឲ្យខ្ញុំបានអាន។ អរគុណអ្នកគ្រប់គ្នា ដែលចំណាយពេលដ៏មានតម្លៃ អានអត្ថបទដ៏អត់ប្រយោជន៍ គ្មានន័យខ្លឹមសាររបស់ខ្ញុំ។
COMMENTS