អ្នកទាំងអស់គ្នាគួរតែសាកល្បងចំណាយពេលអានសៀវភៅមួយក្បាលនេះ... ហេតុអ្វីខ្ញុំចាប់ផ្ដើមអត្ថបទដោយពាក្យមួយឃ្លានេះទៅវិញ? នេះ...
ហេតុអ្វីខ្ញុំចាប់ផ្ដើមអត្ថបទដោយពាក្យមួយឃ្លានេះទៅវិញ? នេះមិនមែនជាការបង្គាប់បញ្ជាអ្វីនោះទេ ហើយខ្ញុំក៏ដឹងច្បាស់ថា ខ្ញុំពិតជាគ្មានសិទ្ធិអ្វីនឹងបង្គាប់បញ្ជានរណាមួយឡើយ សូមត្រឹមជាការស្នើសុំ ក្នុងបំណងចង់ឲ្យអ្នកបានទទួលនូវរសជាតិដ៏ឆ្ងាញ់ពីសាពីសៀវភៅនេះ។
Cover |
និយាយឲ្យត្រង់ទៅចុះ ខ្ញុំជាមនុស្សដែលស្ងប់ស្ងាត់ មិនចូលចិត្តមាត់ក ហើយស្នាមញញឹមវិញក៏ក្រណាស់ដែរ។ ខ្ញុំមិនដែលដឹងទេថា គ្រាន់តែញញឹម ធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ថ្លាយ៉ាងនេះសោះ។ ស្ដាយណាស់ដែលគ្មាននរណាជួយប្រាប់ខ្ញុំឲ្យបានដឹងតាំងពីមុនមក។ ខ្ញុំអានសៀវភៅនេះបណ្ដើរ ខ្ញុំលួចញញឹមបណ្ដើរ។ ទោះស្នាមញញឹមខ្លះជាស្នាមញញឹមដែលប្រតិដ្ឋឡើងក៏ដោយ ក៏ស្នាមញញឹមទាំងនោះផ្ដល់ឲ្យខ្ញុំនូវសេចក្ដីសុខយ៉ាងច្រើន ដែលខ្ញុំមិនធ្លាប់ទទួលបានពីមុនមក។ អានសៀវភៅនេះចប់ ជួបនរណាក៏ខ្ញុំញញឹមដាក់ដែរ កុំថាឡើយញញឹមដាក់មនុស្សមិនធ្លាប់ស្គាល់ ចូលដល់ក្នុងបន្ទប់ទឹកក៏ខ្ញុំញញឹមដែរ។ ហាស! មកដល់ពេលនេះហើយ ខ្ញុំនៅតែញញឹមមិនឈប់។ ហេតុនេះហើយទើបមានគំនិតមួយផុសឡើងថា បើដោយសារតែខ្ញុំញញឹមដាក់អ្នកដទៃ ហើយគេយល់ថាខ្ញុំឆ្កួត ខ្ញុំក៏មិនចង់ក្លាយជាមនុស្សជាអីនោះដែរ ឆ្កួតបែបនេះក៏ល្អណាស់ដែរ (រៀននិយាយតាមអ្នកគ្រូ ប៉ិច សង្វាវ៉ាន)។
សៀវភៅនេះ សរសេរដោយប្រើប្រាស់ពាក្យសាមញ្ញ ដែលល្មមឲ្យអ្នកអានងាយយល់សេចក្ដី។ អ្នកនិពន្ធពន្យល់ដោយបានលើកយកការយល់ឃើញនិងការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រនានាមកជាគ្រឿងសម្អាង។ អត្ថបទខ្លីៗ តែប្រកបដោយខ្លឹមសារ ដែលអាចយកមកប្រើឲ្យកើតជាប្រយោជន៍ក្នុងជីវិតរស់នៅបានយ៉ាងច្រើន។ គួរឲ្យស្ដាយ ដោយសៀវភៅនេះមានភាគបន្តទៀត ខ្ញុំបានខំរកសព្វក្នុងបណ្ណាល័យហើយ តែនៅតែមិនឃើញ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយខ្ញុំនឹងបានអានសៀវភៅនេះភាគបន្តទៀត។
និយាយខ្លីៗប៉ុណ្ណឹងហើយ! ចុងក្រោយជាភារៈរបស់អ្នកទៀតហើយ ក្នុងការស្វែងរកសៀវភៅនេះទៅអានដោយផ្ទាល់ចុះ។ សូមឲ្យអ្នកទទួលបាននូវអារម្មណ៍ដ៏ស្រស់ថ្លាដូចជាខ្ញុំដែរ ក្រោយពីបញ្ចប់ការអានសៀវភៅនេះ។
ញញឹមមួយសិនទុកជាអនុស្សាវរីយ៍...
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BF 592 C43 2000 Vol.1
COMMENTS