ស្របពេលនឹងការចូលមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខ្ញុំសង្ឃឹមថា ខែមេសាគឺជាខែដ៏ល្អសម្រាប់ខ្ញុំ។ ប៉ុន្តែ អ្វីៗមិនដ...
មានទស្សនៈមួយបានលើកឡើងថា «គ្មានវិន័យ មិនមែនជាជីវិតទាល់តែសោះ»។ កាន់តែគិត ខ្ញុំកាន់តែយល់ថា ទស្សនៈមួយនេះត្រឹមត្រូវខ្លាំងណាស់។ ព្រោះតែប្រាសចាកវិន័យ ទើបខែមេសាកន្លងទៅនេះក្លាយជាខែមួយដែលខ្ញុំគ្មានជីវិតរស់នៅ គឺថា មានតែដង្ហើមចេញចូល តែគ្មានជីវិតទេ។
គិតៗទៅ សូម្បីតែកំណត់ហេតុផ្ទាល់ខ្លួនក៏ខ្ញុំមិនសូវបានសរសេរដែរ។ ឥលូវ គិតចង់សរសេរសរុបឡើងវិញខ្លះៗ។
ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរត្រូវបានបញ្ចប់ ដល់ពេលចូលរៀនវិញល្មម។ ការត្រឡប់មកវិញនេះជាពេលចុងក្រោយនៃការសិក្សាថ្នាក់បរិញ្ញាបត្ររបស់ខ្ញុំ។ រៀនតែបួនខែទៀតទេ ខ្ញុំនឹងបញ្ចប់ថ្នាក់បរិញ្ញាបត្រនេះហើយ។ អ្ហើយ! ពេលវេលាពិតជាដើរលឿនមែន។
ខ្ញុំកាន់តែបារម្ភខ្លាំងពីខ្លួនឯងនិងសង្គមមួយនេះ។ លោកសាស្ត្រាចារ្យមួយរូបបានមានប្រសាសន៍ចែករំលែកពីរឿងផ្ទាល់ខ្លួនរបស់លោក ទាក់ទងនឹងបញ្ហាដែលខ្ញុំកំពុងព្រួយបារម្ភនេះ។ លោកបានចូលសិក្សាជាមួយសិក្ខាកាមជាច្រើននាក់ មកពីប្រទេសផ្សេងៗ។ ពេលចូលរៀនថ្ងៃដំបូង គេបានឲ្យសិក្ខាកាមទាំងអស់រៀបរាប់ពីធនធាននានាដែលមាននៅក្នុងប្រទេសកំណើតរបស់សិក្ខាកាមនីមួយៗ។ សិក្ខាកាមជាច្រើនរូប បានរៀបរាប់ លើកសរសើរពីធនធាននានាដែលប្រទេសខ្លួនមាន។ ក្នុងបណ្ដាអ្នករៀបរាប់នោះក៏មានលោកសាស្ត្រាចារ្យរបស់ខ្ញុំដែរ។ លោកមានប្រសាសន៍ថា លោកបានលើកឡើងពីធនធានដ៏សម្បូរបែបជាច្រើនរបស់ជាតិយើង ជាពិសេសមរតកប្រាង្គប្រាសាទរបស់ខ្មែរយើង។ រឿងដែលនឹកស្មានមិនដល់បានកើតឡើង។ សិក្ខាកាមជនជាតិសិង្ហបុរីម្នាក់និយាយថា «ប្រទេសខ្ញុំមិនសម្បូរធនធានច្រើនយ៉ាងដូចប្រទេសដទៃទេ យើងមានធនធានតែម៉្យាងគត់ នោះគឺធនធានមនុស្ស»។ ពាក្យសម្ដីនេះពិតជាចាក់ដោតបេះដូងនៃសិក្ខាកាមទាំងឡាយណាស់។
សរសេរប៉ុណ្ណឹងបានហើយ ព្រោះគ្មានអារម្មណ៍សរសេរអ្វីបន្តិចទេ។ សរសេរទាំងបង្ខំទេ... ហាស! ហាស!
COMMENTS