ម៉ោងដប់ពីរថ្ងៃត្រង់... ខ្ញុំងូតទឹកស្អាតបាត ហើយឆ្លៀតទាញទូរស័ព្ទបើកមើល ហ្វេសប៊ុក បន្តិច មុនពេលចេញដំណើរទៅសាលា។ អូសចុះអូស...
ខ្ញុំងូតទឹកស្អាតបាត ហើយឆ្លៀតទាញទូរស័ព្ទបើកមើល ហ្វេសប៊ុក បន្តិច មុនពេលចេញដំណើរទៅសាលា។ អូសចុះអូសឡើង ខ្ញុំឃើញអត្ថបទមួយដែលដូចជាធ្លាប់អាននៅឯណាមិនដឹងទេ...។ យី! អត្ថបទដែលខ្ញុំសរសេរទេតើ! Blog របស់ខ្ញុំមានអ្នកចូលមើល ហើយនៅឆ្លៀតយកមកចែករំលែកលើបណ្ដាញសង្គម ហ្វេសប៊ុក ទៀត។ នរណាគេអ៊ីចេះ? អូ! ការពិត ម្ចាស់ស្នាដៃសៀវភៅ «ខែតូច» ទេតើ។ ហាស! ហាស!អត្ថបទនោះគឺអត្ថបទដែលខ្ញុំនិយាយពីសៀវភៅរបស់គាត់។
អូ! ខ្ញុំភ្លេចឲ្យឈឹងថា ខ្ញុំបានយកសៀវភៅរបស់គាត់ទៅ បរិច្ចាគឲ្យបណ្ណាល័យសាលាខ្ញុំ តែមិនទាន់បានចុះផ្សាយពីលេខកូដសៀវភៅនេះនោះទេ។ ខែមុន ខ្ញុំបានឃើញសៀវភៅនេះត្រូវបានយកទៅតម្កល់នៅលើធ្នើរសៀវភៅមួយ ដោយបិទភ្ជាប់ជាមួយពាក្យជាភាសាអង់គ្លេសថា «New Arrival» (ធ្នើរ «New Arrival»)។ ខ្ញុំចេះតែភ្លេចសរសេរចុះផ្សាយពីសៀវភៅនេះ។ កាលពីថ្ងៃទី២៣ ខែមេសា ខ្ញុំបានផ្ញើរូបថតសៀវភៅនេះទៅឲ្យម្ចាស់ស្នាដៃ។ ខ្ញុំបានថតរូបទាំងនោះ កាលពីថ្ងៃទី២០ ខែមេសា ដោយគិតថាទុកគ្រាន់យកមកដាក់អមជាមួយអត្ថបទ។ ថតហើយ ខ្ញុំភ្លេចឈឹង ភ្លេចសរសេរអត្ថបទបញ្ជាក់ពីលេខកូដសៀវភៅ។ អ៊ីចឹង ប្រាប់ពេលនេះតែម្ដងទៅ។ បើមិត្តអ្នកអានចង់អានសៀវភៅកំណាព្យមនោសញ្ចេតនាមួយនេះ សូមអញ្ជើញទៅកាន់បណ្ណាល័យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ហើយស្វែងរកនៅលើធ្នើរសៀវភៅ «Khmer Collection» ឬស្វែងរកតាមរយៈលេខកូដ... លេខប៉ុន្មានអ៊ីចេះ? ថ្ងៃមុនកត់យកមកហើយ តែមិនដឹងជាភ្លេចទៅកន្លែងណាបាត់។ ហាស! ហាស! ចំមែនហើយ...។ មិនអីទេ! ចាំទៅកត់ម្ដងទៀត ហើយចុះនៅខាងក្រោមអត្ថបទទៅចុះ។
- |
- |
- |
ខ្ញុំនឹងមិនភ្លេចសន្យាទេ ថានឹងកត់លេខកូដសៀវភៅឲ្យអ្នកទាំងអស់គ្នា។ ជួបគ្នាពេលក្រោយទៀតណា។ សូមសេចក្ដីសុខនិងភាពរីករាយ ចូរមានដល់អ្នកគ្រប់ពេលវេលាតទៅ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PS 3602 H45 2018
COMMENTS