អរុណសួស្ដី! ម្សិលមិញ ខកខានមិនបានមកសាលាទេ។ ព្រឹកនេះ ត្រឡប់មកវិញសាជាថ្មី ហើយមកជាមួយនឹងរឿងខ្លះៗ ដែលបានកើតឡើងកាលពីម្សិលមិ...
ម្សិលមិញ ខកខានមិនបានមកសាលាទេ។ ព្រឹកនេះ ត្រឡប់មកវិញសាជាថ្មី ហើយមកជាមួយនឹងរឿងខ្លះៗ ដែលបានកើតឡើងកាលពីម្សិលមិញ។ អូ! ការពិត ម្សិលមិញ មិនមែនអត់បានមកសាលាសោះនោះទេ។ អត់បានមកតែពេលព្រឹកប៉ុណ្ណោះ។
និយាយចូលសាច់រឿងតែម្ដងទៅ។ ពេលថ្ងៃម្សិលមិញ ខ្ញុំបានជួបនឹងមិត្តខ្ញុំ ដែលស្គាល់គ្នាយូរមកដែរហើយ។ ការសន្ទនាចាប់ផ្ដើមដោយ គេសួរខ្ញុំពីវាក្យសព្ទខ្មែរយើងខ្លះៗដែលគេឆ្ងល់។ ចប់ពីនេះ ពួកយើងចេះតែបន្តនិយាយលើប្រធានបទច្រើនគួរសមដែរ។ និយាយឲ្យត្រង់ទៅ ក្រោយពេលដែលខ្ញុំបានជួបគាត់ម្ដងៗ ខ្ញុំតែងតែគិតថា «ខ្ញុំនិយាយច្រើនពេកហើយ»។ តែខ្ញុំក៏មិនដឹងយ៉ាងម៉េចដែរ ឲ្យតែ បាននិយាយនឹងគាត់ ក៏ចេះតែបែកអូរហូរស្ទឹងបែបហ្នឹង។ ការពិត ខ្ញុំរៀនសូត្រពីគាត់បានច្រើន។ ប៉ុន្តែ ខ្ញុំនៅតែគិតថា ពេលជួបគាត់ឬនរណាៗនៅពេលក្រោយទៀត ខ្ញុំគួរតែស្ដាប់ឲ្យបានច្រើន ហើយនិយាយឲ្យកាត់តែតិចតាមដែលអាចធ្វើទៅបាន។ ហាស! ហាស! ថានិយាយចូលសាច់រឿង តែឥលូវបែបរជាមករៀបរាប់ឯណាឯណេះទៅវិញ។
សាច់រឿងដែលចង់និយាយគឺអំពី «Kindle»។ ពួកយើងនិយាយគ្នាចុះឡើង ក៏ស្រាប់តែធ្លាយដល់ការអានសៀវភៅ ហើយគាត់ក៏ចាប់ផ្ដើមនិយាយដល់ «Kindle» ដែលជាឧបករណ៍សម្រាប់អានសៀវភៅហ្នឹងតែម្ដងទៅ។ ដំបូងគាត់ដូចជាស្ទាក់ស្ទើរក្នុងការនិយាយដែរ ដោយខ្ញុំធ្លាប់ប្រាប់គាត់ថា ខ្ញុំកាត់ចិត្តបានហើយថានឹងមិនទិញ «Kindle» មកអានអីនោះទេ។ គាត់ថា ថ្ងៃមុនឃើញគេផ្សព្វផ្សាយពីវា តម្លៃតែជាងមួយរយដុល្លារទេ តែគាត់មិនហ៊ានផ្ញើវាឲ្យខ្ញុំមើល ដោយគិតថាខ្ញុំលែងចង់បានវាហើយ។ និយាយឲ្យត្រង់ទៅ អារម្មណ៍ខ្ញុំពេលនេះ... ដូចជាមិនត្រូវការវាអីនោះទេ។ គាត់ប្រហែលគិតថា ខ្ញុំនៅតែចង់បានវា ហើយប្រហែលមកពីបញ្ហាថវិកាទេដែលធ្វើឲ្យខ្ញុំនិយាយថា ខ្ញុំកាត់ចិត្តពីវាបាន។ គាត់បន្តក្នុងទំនងបែបស្ទាក់ស្ទើរក្នុងចិត្តថា គាត់ចង់និយាយយូរហើយ ថ្ងៃហ្នឹងនិយាយវាតែម្ដងទៅអ៊ីចឹង។ គាត់ថា បើខ្ញុំចង់បានវា គាត់ជួយចេញថ្លៃចំណាយហាសិបភាគរយ។ ខ្ញុំបានបដិសេធនឹងគាត់។ គាត់នៅបញ្ជាក់ខ្ញុំជាលើកទីពីរ តែខ្ញុំតបទៅគាត់ថា គាត់បានចំណាយលើខ្ញុំមកច្រើនហើយ។ គាត់ធ្វើមុខដូចជាឆ្ងល់...។ គាត់ថា គាត់អត់មានដែលបានចំណាយអ្វីលើខ្ញុំនោះទេ។ ខ្ញុំតបនឹងគាត់ថា បើអត់ចាំថាបានចំណាយអ្វីលើខ្ញុំអត់ទៅ តែខ្ញុំនឹងចាំរឿងទាំងនោះទុកក្នុងចិត្ត។ បន្តិចក្រោយមក គាត់ក្រោយដើរចេញទៅខាងក្រៅ ដើម្បីទៅបន្ទប់ទឹក។ ក្រោយពីត្រឡប់មកវិញ គាត់នៅបន្តបញ្ជាក់ខ្ញុំថា គាត់និយាយមែន បើខ្ញុំចង់បានវាមែន គាត់ជួយចេញថ្លៃចំណាយហាសិបភាគរយ។ គាត់បន្តថា គាត់ជួយចេញថ្លៃចំណាយខ្លះបែបនេះ ដោយគាត់យល់ថា គាត់បានបំពេញប្រយោជន៍សម្រាប់អ្នកដទៃ។ ក្នុងន័យនេះ គាត់គិតថា ការធ្វើបែបនេះជាការជួយដល់ខ្ញុំផងនិងជួយដល់អ្នកឯទៀតផង។ គាត់បញ្ជាក់ប្រាប់ខ្ញុំថា គាត់ធ្វើបែបនេះ ដោយរំពឹងថា វានឹងបានជាប្រយោជន៍ដល់ខ្ញុំ ហើយខ្ញុំនឹងបន្តធ្វើប្រយោជន៍ដល់អ្នកដទៃបន្តទៀត ដោយការចែករំលែកនូវចំណេះដឹងដែលទទួលបានពីការអាន។ ខ្ញុំនៅតែបដិសេធនឹងគាត់ ដោយនិយាយថា «មិនបាច់ទេ!» ដែលនេះជាភាសារបស់មនុស្សសោះកក្រោះដូចជារូបខ្ញុំ ចូលចិត្តប្រើ។ ខ្ញុំញញឹមហើយបន្តថា ទឹកចិត្ត ខ្ញុំទទួលយក តែ លុយ ខ្ញុំសុំមិនទទួលទេ។
ខ្ញុំពិតជាសប្បាយចិត្តជាមួយសន្ដានចិត្តដ៏ល្អរបស់គាត់ខ្លាំងណាស់។ វាជាការល្អដែលមនុស្សក្នុងសង្គមចេះចែករំលែក ចេះគិតគូរដល់គ្នានឹងគ្នា និងគិតគូរពីអ្នកដទៃនិងផលប្រយោជន៍រួមបែបនេះ។
ខ្ញុំគិតថា គាត់បានធ្វើរឿងល្អៗមកលើខ្ញុំជាច្រើន។ ទេ! គាត់ប្រហែលធ្វើល្អបែបនេះដាក់មនុស្សរាល់គ្នា។ ប្រាកដណាស់! តែទោះជាយ៉ាងណាក៏ដោយ... បើនិយាយឲ្យត្រង់ទៅ ខ្ញុំនៅតែមានអារម្មណ៍ថា គាត់មិនមែនជាមិត្តដ៏ជិតស្និទ្ធរបស់ខ្ញុំទេ។ ថ្វីបើយើងធ្លាប់និយាយគ្នាច្រើន តែខ្ញុំនៅតែគិតថា មិត្តភាពនេះនៅមានគម្លាតដ៏ធំ ហើយខ្ញុំក៏មិនដឹងថាគួរដោះស្រាយនឹងគម្លាតនេះយ៉ាងណាដែរ។ ខ្ញុំមានមិត្តតិចតួចណាស់ ដែលខ្ញុំចាត់ទុកថាជាមិត្តជិតស្និទ្ធ។ ពួកគេមានគុណវិបត្តិច្រើន តែខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចទទួលយកភាពអសកម្មទាំងនោះបាន ហើយពួកគេនឹងខ្ញុំរាប់អានគ្នាដោយភាពចុះសម្រុងនិងរីករាយទៀតផង។ តែសម្រាប់មិត្តម្នាក់នេះ ហាក់ខុសគ្នាស្រឡះ។ អាចនិយាយថា ខ្ញុំចូលចិត្តនិយាយនឹងគាត់ (គួរតែចូលចិត្តស្ដាប់គាត់ ពេលក្រោយ) តែខ្ញុំមិនដែលចាត់ទុកគាត់ថាជាមិត្តជិតស្និទ្ធរបស់ខ្ញុំទេ។
ចុងក្រោយ ខ្ញុំនៅតែអរគុណចំពោះទឹកចិត្តដ៏ល្អរបស់មិត្តម្នាក់នេះ ហើយខ្ញុំរីករាយជាមួយនឹងអ្វីដែលគាត់ផ្ដល់ឲ្យខ្ញុំ។ អរគុណ!!!
COMMENTS