ខ្ញុំអង្គុយនៅមុខកុំព្យូទ័រយូរហើយ តែខ្ញុំនៅតែមិនដឹងថា ខ្ញុំគួរចាប់ផ្ដើមសរសេរពីត្រង់ណាទៅនោះទេ។ សប្ដាហ៍មុន ខ្ញុំម...
ខ្ញុំអង្គុយនៅមុខកុំព្យូទ័រយូរហើយ តែខ្ញុំនៅតែមិនដឹងថា ខ្ញុំគួរចាប់ផ្ដើមសរសេរពីត្រង់ណាទៅនោះទេ។ សប្ដាហ៍មុន ខ្ញុំមានគម្រោងថានឹងសរសេរពីរឿងរ៉ាវដែលបានកន្លងទៅនោះ ដើម្បីបានជាការចងចាំដ៏យូរអង្វែងប្រតិដ្ឋទុកនៅទីនេះ។ ប៉ុន្តែ ពេលនេះ ខ្ញុំហាក់គ្មានពាក្យអ្វីមកសរសេរនៅទីនេះសោះ។ ប្រហែល ខ្ញុំមានរឿងច្រើនពេកដែលត្រូវសរសេរ រហូតមិនដឹងថាគួរសរសេរមួយណាទុកមួយណាហើយ បានជាខ្ញុំក្លាយទៅជាបែបនេះ។
ថ្ងៃនេះកាលពីពីរឆ្នាំមុន គឺជាថ្ងៃដែលកន្លងទៅប្រកបដោយភាពតក់ស្លុត។ ស្របពេលដែលការបោះឆ្នោតជាតិជិតឈានចូលមកដល់ផង ខ្ញុំកាន់តែនឹកស្រណោះដល់រឿងរ៉ាវអស់ទាំងនោះខ្លាំងឡើង។ បើយើងសាកគិតដោយភាពល្ងង់ខ្លៅថា គ្មានរឿងអាក្រក់អ្វីកើតឡើងនៅថ្ងៃនេះទេ កាលពីពីរឆ្នាំមុន នោះយើងនឹងបន្តស្រវឹងនឹងភាពល្ងង់ខ្លៅនៃមនោគតិ រួចហោះហើរទៅនៅក្នុងពិភពស្រមើស្រមៃដែលពេញទៅដោយរូបភាពនិងសំឡេងនៃបុគ្គលដ៏គួរឲ្យគោរពស្រឡាញ់មួយរូបកំពុងធ្វើអត្ថាធិប្បាយពីបញ្ហាសង្គមនិងនយោបាយប្រកបដោយការជក់ចិត្ត។ ពេលវេលានេះសក្ដិសមនឹងការស្រមើស្រមៃដ៏ឆ្កួតលីលាបែបនេះខ្លាំងណាស់។ តែការស្រមើស្រមៃដ៏ល្ងង់ខ្លៅនេះ ពិតជាមិនអាចក្លាយជាការពិតបាននោះទេ ព្រោះអ្វីៗបានកន្លងផុតអស់ទៅហើយ។ ខ្ញុំមិនហ៊ានបន្ទោសនរណាម្នាក់អំពីសោកនាដកម្មដ៏គួរឲ្យរន្ធត់នេះទេ។ ខ្ញុំប្រហែលត្រូវបន្ទោស «មច្ចុរាជ»។ បន្ទោស មច្ចុរាជ គ្មានក្ដីមេត្តា ប្រល័យផ្ដាច់បង់ជីវិតសង្ខារលោកបណ្ឌិតឲ្យសូន្យទៅ...។ ឱ! មច្ចុរាជ អ្នកសាហាវណាស់ អ្នកគ្មានសេចក្ដីមេត្តាអ្វីបន្តិចទាល់តែសោះ។ មិនគួរសោះ! មិនគួរណាអ្នកហ៊ានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃបែបហ្នឹងនោះទេ។ មច្ចុរាជ អើយ! ខ្ញុំខ្លាច ខ្ញុំខ្លាចអ្នកណាស់...!
ដើមសប្ដាហ៍នេះ ខ្ញុំកត់សម្គាល់ឃើញថាមានសារព័ត៌មានមួយចំនួនបានចុះផ្សាយរម្លឹកឡើងវិញនូវរឿងរ៉ាវដែលគួរឲ្យសោកសៅនោះ ហើយមកដល់ថ្ងៃនេះ ខ្ញុំក៏នៅសង្កេតឃើញថានៅតែមានការចុះផ្សាយបន្តទៀត ហូរហែខ្លះៗដែរ។ ពីរឆ្នាំងដែលបានកន្លងទៅ ហាក់ដូចជាលឿនណាស់អ៊ីចឹង។ ខ្ញុំនៅចង់ចាំយ៉ាងច្បាស់ពីរឿងរ៉ាវដែលបានកើតឡើងនៅពេលនោះ។ ខ្ញុំចាំថា កាលនោះ ខ្ញុំធ្វើការងារជាបុគ្គលិកក្រៅម៉ោងនៅថ្ងៃចុងសប្ដាហ៍។ ខ្ញុំកំពុងអង្គុយធ្វើការ ហើយក៏បានទទួលដំណឹងដ៏រន្ធត់នោះតាមរយៈសារព័ត៌មានមានលើអ៊ីនធឺណិត។ ខ្ញុំហើយនិងមិត្តខ្ញុំដែលកំពុងអង្គុយធ្វើការជិតគ្នានោះ មានភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញការចុះផ្សាយពីអំពើឃាតកម្មកណ្ដាលក្រុងយ៉ាងសាហាវព្រៃផ្សៃ។ ដំបូង ពួកយើងស្មានតែដំណឹងនោះជាការចុះផ្សាយព័ត៌មានមិនពិត ដ្បិតព័ត៌មានមិនពិតក៏មានច្រើនសន្ធឹកក្នុងអ៊ីនធឺណិត។ មានគេហទំព័រជាច្រើនចុះផ្សាយពីដំណឹងដ៏ក្ដៅគគុកនោះ។ ពួកយើងខំចុចអាន តែតំណខ្លះមិនដំណើរការទេ ប្រហែលមកពីមានអ្នកចុចចូលអានច្រើនពេលហើយមើលទៅ។ ដំណឹងទាំងនោះត្រូវបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់យ៉ាងឆាប់រហ័សស្ទើរគ្រប់គេហទំព័រព័ត៌មាន។ ព័ត៌មានត្រូវបានលាតត្រដាងកាន់តែច្បាស់ ដោយមានការបង្ហោះរូបភាពនិងវីដេអូលើបណ្ដាញសង្គម ហ្វេសប៊ុក។ យើងមានភាពរន្ធត់ចិត្តជាខ្លាំងក្រោយបានឃើញរូបភាពនិងវីដេអូអស់ទាំងនេះ។ ខ្ញុំមានអារម្មណ៍ស្រងេះស្រងោចបែបម្យ៉ាង ដែលហាក់ដូចជាកំពុងរងទុក្ខដោយការព្រាត់ប្រាស់ពីសមាជិកគ្រួសារណាម្នាក់យ៉ាងពិតប្រាកដ។ អារម្មណ៍មួយទៀតជាអារម្មណ៍ភ័យខ្លាច មិនអាចទទួលយកបាននូវដំណឹងដ៏សែនរន្ធត់នោះ។ ខ្ញុំពិតជារន្ធត់ចិត្តដែលអំពើឃាតកម្មអាចកើតមានឡើងនៅកណ្ដាលក្រុងដ៏ធំល្វឹងល្វើយនេះ។ ព្រឹកនោះ ក្រោយពីទទួលបានដំណឹងច្បាស់ការណ៍ថា លោក បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កណ្ដាលទីក្រុងបែបហ្នឹង ខ្ញុំនិងមិត្តខ្ញុំគ្មានទឹកចិត្តអ្វី ដើម្បីបន្តកិច្ចការងារទៀតនោះទេ។ ពួកយើងទុកការងារចោល ហើយបែរទៅតាមដានព័ត៌មានជាមួយនឹងអារម្មណ៍យ៉ាងរន្ធត់តក់ស្លុត។
ថ្ងៃនោះ ខ្ញុំចាកចេញពីកន្លែងធ្វើការ ដោយស្ពាយមកជាមួយនូវក្ដីរន្ធត់និងភាពសោកសៅរកអ្វីពណ៌នាមិនបានឡើយ។ រូបភាពនិងវីដេអូទាំងឡាយបានដិតជាប់នៅក្នុងការចងចាំរបស់ខ្ញុំ។ សម្រែកទួញសោកបានលាន់ឮពេញត្រចៀក ហើយភាពចលាចលបានផុសឡើងយ៉ាងច្បាស់ក្នុងការចងចាំរបស់ខ្ញុំ។ ខ្ញុំមានការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ទៅនៃលោកបណ្ឌិត កែម ឡី។ នេះជាការបាត់បង់ទៅនូវធនធានមនុស្សដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ ស្របពេលជាមួយគ្នានឹងភាពសោកសៅនោះ ខ្ញុំបានព្យាយាមស្រាវជ្រាវរកឯកសារនានាដែលទាក់ទងនឹងលោកបណ្ឌិត កែម ឡី ដើម្បីបានយល់កាន់តែច្បាស់ពីរឿងរ៉ាវនៅពីក្រោយសោកនាដកម្មដ៏ខ្លោចផ្សានេះ។ ខ្ញុំបានមើលឯកសារជាច្រើន រួមជាមួយនឹងការអង្កេតសកម្មភាពផ្ទាល់ខ្លួនរបស់លោកលើបណ្ដាញសង្គម ហ្វេសប៊ុក និងក្នុងបទអត្ថាធិប្បាយផ្សេងៗ នៅមុនពេលដែលលោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់។ ការណ៍នេះជារឿងរ៉ាវដ៏រសើបមួយដែលបង្កប់ដោយភាពស្មុគស្មាញ ហើយចុងបញ្ចប់ ខ្ញុំក៏សម្រេចចិត្តបញ្ចប់ការស្រាវជ្រាវនោះទៅ។ ខ្ញុំបានទុកឲ្យរឿងរ៉ាវទាំងអស់កន្លងទៅ រហូតដល់ពេលនេះ ដែលជាខួបពីរឆ្នាំនៃការស្លាប់របស់លោក ទើបខ្ញុំដាច់ចិត្តសរសេរឡើងវិញនូវការចងចាំទាំងនោះ។
កាលនោះ មានមនុស្សជាច្រើនបានចូលរួមរំលែកទុក្ខក្នុងឱកាសដ៏សោកសៅនៃការបាត់បង់ទៅនៃលោកបណ្ឌិត កែម ឡី។ ការចូលរួមនោះមានប្រជាជន ថ្នាក់ដឹកនាំអង្គការក្រៅរដ្ឋាភិបាល អង្គទូតនានា និងបុគ្គលជាច្រើនទៀត។ ជាការកត់សម្គាល់ឃើញថា ខាងស្ថាប័នព្រះមហាក្សត្រក៏បានចូលរួមដែរ ដោយមានបញ្ជូនអ្នកតំណាងមកចូលរួមសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំ។ នៅថ្ងៃហែសពលោកបណ្ឌិតទៅកាន់ស្រុកកំណើតរបស់លោក មានប្រជាជនជាច្រើនបានចូលរួមយ៉ាងសស្រោកសស្រាំក្រៃលែង។ នៅថ្ងៃហែសពនោះ មានការបិទស្ថានីយប្រេងឥន្ធនៈខ្លះ (សុំមិនបញ្ចេញឈ្មោះស្ថានីយទេ) នៅតាមផ្លូវនៃការហែនោះ។ ទោះជាយ៉ាងណាក៏ដោយ ការបិទស្ថានីយទាំងនោះមិនបានប៉ះពាល់ដល់ការហែសពនោះទេ ដ្បិតអ្នកចូលរួមទាំងអស់នោះមានភាពសាមគ្គីគ្នាយ៉ាងខ្លាំងក្លា។ អ្នកខ្លះបានទិញអាហារចែកឲ្យអ្នកចូលរួមបរិភោគ។ អ្នកខ្លះទៀតបានទិញប្រេងសាំងចែកដល់អ្នកចូលរួមដែលគ្មានសាំងដើម្បីបន្តដំណើរ។ ខ្ញុំនៅតែស្រមៃនឹកដល់សកម្មភាពដ៏ល្អៗអស់ទាំងនោះ។ វាជាការរួបរួមគ្នាប្រកបដោយភាតរភាព មានតម្លៃមិនអាចកាត់ថ្លៃបាន។ ក្រោយពីមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីការបិទស្ថានីយប្រេងឥន្ធនៈ ក៏មានការលេចឡើងផងដែរនូវប្រតិកម្មពីសំណាក់ប្រជាពលរដ្ឋនិងអ្នកតាមដានសង្គមផ្សេងៗ។ កាលនោះ មានអ្នកខ្លះមានការខឹងសម្បាពេករហូតប្រកាសឈប់ប្រើប្រាស់ប្រេងឥន្ធនៈរបស់ស្ថានីយនោះទៀតផង។ មិត្តរួមការងាររបស់ខ្ញុំក៏ប្ដេជ្ញាយ៉ាងដាច់ខាតថាមិនចាក់ប្រេងឥន្ធនៈរបស់ស្ថានីយនោះដែរ។ តែខ្ញុំគិតថា មកដល់ពេលនេះប្រហែលគំនិតនិងការប្ដេជ្ញាទាំងនោះត្រូវរលត់រលាយអស់បាត់ទៅហើយ។ អូ! កាលនោះក៏មានក៏ឆ្លើយតបពីអ្នកពាក់ព័ន្ធដែរថា ការបិទនោះគឺដើម្បីរក្សាសន្តិសុខនិងសុវត្ថិភាព។
ខ្ញុំគិតថា ខ្ញុំនឹងមិនបន្តរៀបរាប់អ្វីច្រើនទៀតទេ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្ដែងនូវសមានចិត្តចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារលោកបណ្ឌិត កែម ឡី និងប្រជាជនខ្មែរទាំងមូល។
COMMENTS