សួស្ដី! មិនដឹងថា អាចសរសេរអត្ថបទនេះចប់ក្នុងយប់នេះឬអត់នោះទេ។ រវល់តែសរសេរអត្ថបទព័ត៌មានពីពិព័រណ៍សៀវភៅនិងកិច្ចការកំប៉ិកកំប...
មិនដឹងថា អាចសរសេរអត្ថបទនេះចប់ក្នុងយប់នេះឬអត់នោះទេ។ រវល់តែសរសេរអត្ថបទព័ត៌មានពីពិព័រណ៍សៀវភៅនិងកិច្ចការកំប៉ិកកំប៉ុកខ្លះទៀត ឥលូវ យប់ជ្រៅបាត់។ ចាប់ផ្ដើមអ៊ីចឹង...
ដូចរាល់ឆ្នាំអ៊ីចឹង គឺថា ឆ្លៀតទៅអើតពិព័រណ៍សៀវភៅតែមួយថ្ងៃទេ ហើយមួយថ្ងៃហ្នឹងជាថ្ងៃចុងក្រោយទៀត។ អូ! ទេ... មួយថ្ងៃអី បើរាល់ដងថ្ងៃរសៀលជ្រាលជ្រេទើបចេញយាត្រាហ្នឹង។ គួរតែនិយាយថា មួយកំណាត់ថ្ងៃបានហើយ។ ឆ្នាំនេះប្លែកបន្តិច គឺថា ខ្ញុំមិនបាននៅដល់ចប់កម្មវិធីទេ។ និយាយពីថា ឆ្នាំមុនៗវិញ នៅចាំដល់គេប្រកាសបិទកម្មវិធី។ និយាយឲ្យត្រង់ទៅ ឆ្នាំនេះខ្ញុំចាប់ផ្ដើមមានការយល់ឃើញអំពីពិព័រណ៍សៀវភៅខុសពីឆ្នាំមុនៗ។ ខ្ញុំបានផ្លាស់ប្ដូរការយល់ឃើញខ្លះៗអំពីពិព័រណ៍សៀវភៅ។ ការផ្លាស់ប្ដូរការយល់ឃើញរបស់ខ្ញុំយ៉ាងណានោះ ខ្ញុំសុំមិនបង្ហាញជូននៅទីនេះទេ។
ឈប់និយាយឲ្យបែកសាច់រឿង។ ឥលូវ និយាយពីការចូលរួមពិព័រណ៍សៀវភៅថ្ងៃនេះតែម្ដងទៅ។ អូ! រឿងដំបូងដែលមិនអាចរំលងបាន គឺថា អ្នកចូលរួមពិព័រណ៍សៀវភៅនៅតែមានការកើនឡើង មិនកើនឡើងធម្មតាទេ គឺកើនឡើងខ្លាំងតែម្ដង។ មនុស្សច្រើន រកតែផ្លូវដើរស្ទើរតែមិនបាន។ ជារួម សូមសរសើរនិងអរគុណចំពោះគណៈកម្មការរៀបចំពិព័រណ៍និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្តធ្វើឲ្យពិព័រណ៍នេះប្រព្រឹត្តទៅប្រកបដោយផ្លែផ្កាគួរជទីមោទនៈ។ បន្ទាប់ពីសរសើរនិងអរគុណហើយ ឥលូវ សូមអនុញ្ញាតលើយកចំណុចអសកម្មខ្លះៗមកនិយាយ ក្នុងន័យចូលរួមជាគំនិតក្នុងការធ្វើឲ្យប្រសើរឡើងនូវការរៀបចំពិព័រណ៍សៀវភៅឆ្នាំក្រោយៗទៀត។ ការផ្សាយតាមរយៈស្លាកនានាឃើញថាមានភាពត្រឹមត្រូវល្អប្រសើរហើយ តែសូមយកចិត្តទុកដាក់បន្ថែមលើការប្រើពាក្យ ហើយខ្ញុំនៅតែសំណូមពរឲ្យពិនិត្យលើអក្ខរាវិរុទ្ធឲ្យបានកាន់តែសុក្រឹតថែមទៀត។ មិនដឹងថា គួរលើកយកអ្វីមកនិយាយទៀតទេ ព្រោះមានភាពល្អប្រសើរច្រើនណាស់ទៅហើយ។ អូ! និយាយពីឆាកតន្ត្រីបន្តិចចុះ។ កម្មវិធីនៅលើឆាក នៅពេលល្ងាច មានតែការច្រៀងកម្សាន្តតែមួយមុខគត់។ បើធៀបនឹងការតាំងពិព័រណ៍ដំបូងដែលខ្ញុំបានចូលរួម ឆ្នាំក្រោយៗនេះ ការរៀបចំកម្មវិធីលើឆាកពេលល្ងាចមិនសូវបានល្អដូចពីមុនទេ។ ពីមុន មានការបញ្ជ្រាបទម្រង់សិល្បៈបុរាណនិងសកម្មភាពសប្បាយៗជាច្រើន។ ក្នុងឆ្នាំនេះ និយាយពីឆាកតន្ត្រីដដែល គឺថា មានភាពមិនសូវល្អនោះទេលើប្រព័ន្ធសំឡេង; គួរសម្រួលលើបញ្ហានេះឲ្យបានល្អប្រសើរសម្រាប់ឆ្នាំក្រោយៗទៀត។ សម្រាប់ខ្ញុំ គិតថាគួររៀបចំឲ្យមានការកម្សាន្តប្រកបដោយការអប់រំផងដែរ ក្នុងវេលាល្ងាចនេះ។ សប្បាយខ្លះ បញ្ជ្រាបការអប់រំខ្លះ ជាការល្អ។
ផ្អាករឿងហ្នឹងប៉ុណ្ណឹង... ហើយបែរមកនិយាយពីរឿងផ្ទាល់ខ្លួនម្ដង។ ថ្ងៃនេះ ទិញបានសៀវភៅតែ ៤ ក្បាលទេ ព្រោះថវិកាមានកំណត់។ មួយក្បាលដំបូងជាសៀវភៅដែលទើបនឹងចេញផ្សាយក្ដៅៗរបស់អ្នកនិពន្ធ ម៊ីសន សុធារី មានចំណងជើងថា "ទម្រាំក្លាយជាអ្នកនិពន្ធ"។ សៀវភៅទី២ ជាសៀវភៅវេយ្យាករណ៍ភាសាអង់គ្លេសរបស់លោកគ្រូ ទុត បូ ដែលមានចំណងជើងថា "វេយ្យាករណ៍អង់គ្លេសសម្រាប់អ្នក"។ ហាស! ហាស! មិនមែនក្មេងទើបរៀនភាសាអង់គ្លេសទេ តែព្រោះសៀវភៅនេះល្អ ទើបទិញយកមករៀនបន្ថែម។ សៀវភៅនេះមានសេចក្ដីពន្យល់ជាភាសាខ្មែរ កម្រាស់ជាង ៧០០ ទំព័រ។ សៀវភៅទៅ៣ ជាសៀវភៅរបស់អ្នកនិពន្ធ ទឹម ម៉ានី មានចំណងជើងថា "លិល្ប៍វិធីតែងនិពន្ធប្រលោមលោក"។ ឯសៀវភៅចុងក្រោយគេ គឺជាសៀវភៅដែលក្មួយស្រីខ្ញុំពឹងឲ្យទិញ អ៊ីចឹងមិនបាច់បញ្ជាក់ចំណងជើងទេ។ ពីរ-បីក្បាលសោះ សរុបគ្នាទៅគឺថា ធូរហោប៉ៅ ស្រាលខ្លួនស្ងើក ហាស! ហាស!
ឆ្នាំនេះក៏មិនសូវខុសពីឆ្នាំមុនៗដែរ គឺគ្រឹះស្ថានបោះពុម្ពផ្សាយពីរដែលមានភាពសកម្មជាងគេក្នុងពិព័រណ៍សៀវភៅនេះ។ អ្វីដែលខ្ញុំចាប់អារម្មណ៍ គឺថាសៀវភៅជាច្រើនជាសៀវភៅដែលត្រូវបានបកប្រែពីភាសាបរទេស។ ក្នុងនោះ ក៏មានដែរនូវសៀវភៅនិពន្ធថ្មីពីអ្នកនិពន្ធក្នុងស្រុក។ សៀវភៅនិពន្ធថ្មីភាពច្រើនជាស្នាដៃរបស់អ្នកនិពន្ធវ័យក្មេង ដែលភាគច្រើនជាស្នាដៃប្រលោមលោក និងខ្លះទៀតជាសៀវភៅជំរុញលើកទឹកចិត្ត។
អូ! មានរឿងមួយដែលមិនអាចរំលងបានទៀតហើយ។ ខ្ញុំសម្រេចចិត្តត្រឡប់មកផ្ទះវិញលឿនជាងរាល់ឆ្នាំបន្តិច ដោយមិនចាំដល់ចប់កម្មវិធីទេ។ ដើរចេញមកហើយ នៅឆ្លៀតក្រឡឹងចុះឡើងរកសៀវភៅទៀត។ សៀវភៅមួយក្បាលចុងក្រោយដែលខ្ញុំរក (សៀវភៅ «ត្រឹមតែពូកែមិនគ្រប់គ្រាន់ទេ) ទីបំផុត រកទិញមិនបានទេ។ ហាស! ហាស! ខ្ញុំត្រឡប់មកផ្ទះវិញជាមួយអារម្មណ៍ដែលមិនជ្រះស្រឡះ។ ខ្ញុំជិះម៉ូតូបណ្ដើរ ផ្ដើមគិតពីនេះពីនោះបណ្ដើរ។ គិតពីអ្វី? គឺគិតពីការយល់ឃើញពីពិព័រណ៍សៀវភៅដូចដែលខ្ញុំបាននិយាយខាងដើមហ្នឹង។ រឿងដែលខ្ញុំចង់និយាយបានមកដល់ហើយ...។ ខ្ញុំជិះម៉ូតូបណ្ដើរ គិតបណ្ដើរ រហូតភ្លេចផ្លូវចូលផ្ទះ។ ពុទ្ធោ! ជិះហួសបាត់។ កុំតែបើកភ្នែកមើលឃើញអក្សរនៅលើបង្គោលភ្លើង ស្ដុប គេដាក់ថា បឹងកេងកង កុំអីមិនដឹងបន្តជិះទៅដល់ណាទេ។ ហាស! ហាស! ពូកែគីតគ្រាន់បើ។ ទេ! មិនមែនពូកែគិតទេ នេះមិនដឹងថាគួរហៅយ៉ាងម៉េចទើបត្រូវទេ? ពិតជា... ហាស! ហាស!
អូ! យប់ជ្រៅណាស់ហើយ សុំបញ្ចប់អត្ថបទនេះត្រឹមហ្នឹងហើយ។ ឆ្នាំក្រោយនឹងមិនដូចឆ្នាំនេះ ហើយឆ្នាំនេះពិតជាមិនដូចឆ្នាំក្រោយឡើយ។
រាត្រីសួស្ដី!
COMMENTS