អត្ថបទដំបូង អធិប្បាយខ្លីៗពីប្លក់ «ប៉ាកការាត្រី»
អរគុណប្រិយមិត្តដែលបានចំណាយពេលដ៏មានតម្លៃចូលអានប្លក់នេះ។ អត្ថបទដែលអ្នកកំពុងអាននេះ អាចចាត់ទុកថាជាអត្ថបទដំបូងបំផុតហើយសម្រាប់ប្លក់នេះ។
អ្នកអាចនឹងមានសេចក្ដីងឿងឆ្ងល់ទាក់ទងនឹងឈ្មោះនៃប្លក់នេះ។ តាមពិតទៅ «ប៉ាកការាត្រី» ជានាមប៉ាកកាដែលខ្ញុំដាក់ឲ្យខ្លួនឯង ដើម្បីបោះជំហានចូលក្នុងសមរភូមិនៃកិច្ចការតែងនិពន្ធ ក្នុងនាមជាស្មេរលាក់មុខម្នាក់។ ការដាក់នាមប៉ាកកាឲ្យខ្លួនឯងនេះមិនមែនបានន័យថា ខ្ញុំចាត់ទុកខ្លួនឯងជាអ្នកនិពន្ធអ្វីនោះទេ។ នាមប៉ាកកានេះគ្រាន់តែជាឈ្មោះសម្រាប់សម្គាល់ខ្លួនខ្ញុំ ក្នុងនាមជាស្មេរដ៏សាមញ្ញម្នាក់ ដែលប្រៀបបីដូចជាសត្វអំពិលអំពែកក្នុងស្បៃរាត្រី មិនហ៊ានអ្វីនឹងលើកតម្កើងខ្លួនជាកវីនិពន្ធដែលប្រៀបដូចជាដួងសូរ្យសែងបំភ្លឺលោកនោះទេ។
ជាបន្តទៅ ខ្ញុំនឹងអធិប្បាយដោយត្រួសៗអំពីប្លក់នេះ។ ខ្ញុំបានយកនាមប៉ាកការបស់ខ្ញុំធ្វើជាឈ្មោះសម្រាប់ប្លក់នេះ ដ្បិតអីប្លក់នេះក៏ជាផ្នែកមួយនៃកំណត់ហេតុផ្ទាល់ខ្លួនរបស់ខ្ញុំដែរ។ ក្រៅពីជាកំណត់ហេតុផ្ទាល់ខ្លួនហើយ ប្លក់នេះក៏ជាទីកន្លែដែលប្រមូលផ្ដុំទៅដោយឯកសារផ្សេងៗ (E-បណ្ណាល័យ) អត្ថបទចម្រុះ និងស្នាដៃនិពន្ធនានារបស់លោកអ្នកកវីនិពន្ធខ្មែរទូទៅ ហើយនិងស្នាដៃផ្ទាល់ខ្លួនរបស់ខ្ញុំផងដែរ។
ជាជំហានដំបូងនេះ ខ្ញុំនឹងរៀបចំចុះផ្សាយអត្ថបទដែលផ្ទុកឯកសារ ពោលគឺ «E-បណ្ណាល័យ» និងអត្ថបទផ្សេងៗ ដែលជាអត្ថបទផ្សាយពីស្នាដៃលោកអ្នកកវីនិពន្ធនានា រួមនឹងអត្ថបទដកស្រង់ចម្រុះប្រធានបទ។ លើសពីនេះទៀត ខ្ញុំបានរៀបចំស្រង់អត្ថបទអំពីការរៀនពាក្យខ្មែររបស់លោក ទុត-បូ ដែលលោកបានផ្សាយតាមរយៈហ្វេសប៊ុករបស់លោក យកមកចុះផ្សាយនៅទីនេះ ទុកគ្រាន់ជាទស្សនទានក្នុងការសិក្សាពីភាសាជាតិរបស់យើង។ ចំណែកអត្ថបទដែលជាស្នាដៃរបស់ខ្ញុំ នឹងនាំមកជូននៅពេលក្រោយជាបន្តបន្ទាប់។
ខ្ញុំសូមអភ័យទោសទុកជាមុនចំពោះភាពយឺតយ៉ាវឬភាពអាក់ខានមិនបានសម្រេចតាមសេចក្ដីគ្រោងទុកដែលបានរៀបរាប់មកខាងលើ។
ខ្ញុំនឹងខិតខំរៀបចំមាតិកាល្អៗបន្ថែមទៀត ជាបន្តបន្ទាប់ ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រិយមិត្តអ្នកអាននិងសាធារណជនទូទៅ។
ជាចុងបញ្ចប់ ខ្ញុំសូមអរគុណប្រិយមិត្តទាំងអស់គ្នា ដែលបានចំណាយពេលមកលេងផ្ទះរបស់ខ្ញុំ។ សូមប្រិយមិត្តបានប្រកបតែនឹងសេចក្ដីសុខចម្រើនគ្រប់ពេលវេលា កុំបីឃ្លៀងឃ្លាតឡើយ។
COMMENTS