ប្រភេទអក្សរសិល្ប៍ខ្មែរ ប្រភេទអក្សរសិល្ប៍ពាក្យរាយ ប្រភេទអក្សរសិល្ប៍ពាក្យកាព្យ អក្សរសិល្ប៍រូបភាព
ប្រភេទអក្សរសិល្ប៍ពាក្យរាយ
១- រឿងពិតឬពិតកថា
ក- ជីវប្រវត្តិកថា ជាផ្នែកមួយនៃពិតកថាដែលអ្នកនិពន្ធបានសរសេររៀបរាប់ពីជីវិតពិតរបស់មនុស្សណាម្នាក់។
ឧ. ជីវប្រវត្តិសម្ដេចព្រះសង្ឃរាជ ជួន ណាត, ព្រះនាង ឥន្ទ្រទេវី ...។
ខ- ស្វ័យជីវប្រវត្តិកថា ជាផ្នែកមួយនៃពិតកថាដែលអ្នកនិពន្ធបានសរសេររៀបរាប់ពីជីវិតពិតរបស់ខ្លួនដោយខ្លួនឯង។
ឧ. ស្វ័យជីវប្រវត្តិកថារបស់លោក ឃុន ស្រុន ក្នុងសៀវភៅ "ជំទង់អំពីស្នេហា"។
គ- បទសាកល្បង ជាប្រភេទអត្ថបទពិតដែលបកស្រាយប្រធានបទណាមួយទាក់ទងទៅនឹងអក្សរសាស្រ្ដ នយោបាយ សេដ្ឋកិច្ច នីតិសាស្ត្រ វិទ្យាសាស្ត្រជាដើម។
ឧ. សេរីភាពនិងយុទ្ធធម៌ របស់លោក អ៊ឹង ជុនហួរ។
២- រឿងប្រតិដ្ឋ
ក- ទេវកថា ជាតំណាលកថាស្ដីពីការយល់ដំបូងរបស់មនុស្សពីប្រភពពិធីគោរពបូជាផ្សេងៗនៅក្នុងប្រពៃណីប្រទេសជាតិនីមួយៗ។
ឧ. រឿងអ្នកតាទឹកអ្នកតាភ្នំ (កំណើតទឹកជំនន់), សង្គ្រាមរវាងតាព្រហ្មនិងគីង្គក់ ...។
ខ- ព្រេងកថា ជាតំណាលកថាប្រជាប្រិយដែលមានទំនាក់ទំនងតិចឬច្រើនទៅនឹងវីរៈបុរសជាតិឬព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដ។
ឧ. រឿងព្រះថោងនាងនាគ, អ្នកតាឃ្លាំងមឿង, ប្រាសាទអង្គរ ...។
គ- ល្បើកកថា ជាប្រភេទមួយនៃតំណាលកថាប្រជាប្រិយខ្លីមួយដែលបង្ហាញពីដំបូន្មាន។ តួអង្គល្បើកកថាច្រើនជាសត្វ ប៉ុន្តែខ្លឹមសារបកស្រាយអ្វីមួយអំពីជីវិតមនុស្ស។
ឧ. ប្រាជ្ញាមនុស្ស, រឿងសត្វភេពីរចែកផ្លូវគ្នារកអាហារ ...។
ឃ- និទានកថា ជាតំណាលដែលនិយាយអំពីព្រឹត្តិការណ៍ហាក់ដូចជាពិតឬកើតមានជាក់ស្ដែងនៅក្នុងសង្គមមនុស្ស។
ឧ. រឿងចិត្តចៅ, មិត្តសានិត, ទឹកចិត្តកូឡាំង, ដុំឥដ្ឋ ...។
ង- ប្រលោមកថា ជារឿងដែលកើតក្រោយតំណាលកថា មានដំណើររឿងវែង តួអង្គច្រើន កាលអាកាសច្រើន និងចំណោទបញ្ហាសាំញ៉ាំ។
ឧ. រឿងសូផាត, កុលាបប៉ៃលិន, មាលាដួងចិត្ត, ស៊ីមអ្នកបរឡាន ...។
ច- អត្ថបទល្ខោនរាយ ជារឿងដែលតួអង្គនិយាយឆ្លើយឆ្លងគ្នាដូចជាយើងនិយាយឆ្លើយឆ្លងគ្នាជាពាក្យពេចន៍ក្នុងទម្រង់សន្ទនាក្នុងជីវភាពជាក់ស្ដែង។
ឧ. រឿងវង្សត្រកូលកំសត់ ...។
ប្រភេទអក្សរសិល្ប៍ពាក្យកាព្យ
១- កាព្យនិទាន ជាប្រភេទកាព្យម្យ៉ាងដែលនិយាយអំពីរឿងមួយ។ វាមានតួអង្គ កាលអាកាស ដំណើររឿង និងមូលន័យ។ គេអាចប្រើបទផ្សេងៗទៅតាមបរិយាកាសនៃរឿង។ឧ. រឿងមាយើង, រឿងពុទ្ធិសែន ...។
២- កាព្យពណ៌នា ជាប្រភេទកាព្យម្យ៉ាងដែលរៀបរាប់ពីវត្ថុ ទីកន្លែង ធម្មជាតិ ។ល។
ឧ. សម្រស់ព្រៃព្រឹក្សា ម្រឹគីម្រឹគា ...។
៣- កាព្យឧបទេស ជាប្រភេទកាព្យម្យ៉ាងដែលមានលក្ខណៈអប់រំណែនាំ។
ឧ. ច្បាប់ប្រុស, ច្បាប់ស្រី, ល្បើកថ្មី ...។
៤- កាព្យរិះគន់ ជាប្រភេទកាព្យម្យ៉ាងដែលមានលក្ខណៈរិះគន់។
ឧ. តោថ្ម, សេរីភាពឬដុំបាយ ...។
អក្សរសិល្ប៍រូបភាព
ឧ. ហោរាទិសដៅព្រះចន្ទ ...។
ឯកសារយោងៈ សៀវភៅភាសាខ្មែរ កម្រិតបឋមនិងមធ្យមសិក្សា របស់ក្រសួងអប់រំ
អត្ថបទ៖ ហេង-រង្សី
COMMENTS