អរគុណដែលជ្រើសរើសយកខ្ញុំ! បង ពេជ្រ គួរឲ្យស្រលាញ់ណាស់...!
អរគុណដែលជ្រើសរើសយកខ្ញុំ! បង ពេជ្រ គួរឲ្យស្រលាញ់ណាស់...!
បើគិតទៅ ខ្ញុំបានមកដេកដកដង្ហើមចោលនៅស្រុកកំណើតអស់មួយសប្ដាហ៍ហើយ។ ក្នុងមិនដឹងច្បាស់ទេថា ខ្ញុំបានទន្ទឹងរង់ចាំឲ្យថ្ងៃនេះមកដល់ ឬ បន់ស្រន់សូមកុំឲ្យមានថ្ងៃនេះ? តែទោះជាយ៉ាងណាក៏ដោយ អ្វីៗមិនអាចប្រាស់ចាកពីការពិតបាននោះទេ។ មិនយូរប៉ុន្មាននោះទេ មួយសប្ដាហ៍នៃអារម្មណ៍ដែលមិនអាចកំណត់បាននេះ ក៏បានកន្លងផុតទៅ។ ពេលវេលាដែលបានកន្លងទៅនេះ បានជំរិតឲ្យចិត្តកាយខ្ញុំទទួលយកការពិត ទាំងដែលអារម្មណ៍របស់ខ្ញុំពេញដោយការភ័យព្រួយខ្លះៗ ដែលពិបាកនឹងពណ៌នា។
ខ្ញុំដឹងច្បាស់ណាស់ថា ខ្ញុំមិនល្អគ្រប់គ្រាន់។ ខ្ញុំធ្វើវាមិនបានល្អនោះទេ។ ថ្ងៃនោះ ខ្ញុំត្រឡប់មកវិញដោយនាំមកជាមួយនូវអារម្មណ៍អស់សង្ឃឹមលាយជាមួយភាពសោកសៅ និងការស្ដីបន្ទោសឲ្យខ្លួនឯង។ ខ្ញុំចាប់ផ្ដើមមានទស្សនៈអវិជ្ជមានចំពោះខ្លួនឯង កាន់តែខ្លាំងឡើង។ ខ្ញុំគិតថា ខ្ញុំប្រាកដជាមិនត្រូវបានជ្រើសរើសនោះទេ។ ខ្ញុំមានសង្ឃឹមដ៏តិចតួចណាស់ ព្រោះខ្ញុំដឹងខ្លួនយ៉ាងច្បាស់ថា ខ្ញុំធ្វើមិនបានល្អនោះទេ។ ខ្ញុំពិតជាមនុស្សចោលម្សៀតណាស់!
យប់មិញ ចិត្តខ្ញុំមិនស្ងប់សោះ។ ខ្ញុំចង់ឲ្យមេឃឆាប់ភ្លឺ ដើម្បីទទួលនូវចម្លើយមួយដែលជាចម្លើយដ៏គួរឲ្យភ័យរន្ធត់ក្នុងចិត្តរកថ្លែងមិនត្រូវ។ ខ្ញុំស្រមើស្រមៃថា ខ្ញុំត្រូវបានជ្រើសរើស ទាំងដែលអ្វីៗហាក់មិនអាចទៅរួចសោះ។ ខ្ញុំដឹងថា អ្វីៗនឹងមិនអាចកើតឡើងដូចការស្រមើស្រមៃរបស់ខ្ញុំឡើយ តែខ្ញុំនឹងតែបន្តស្រមៃគិតដល់រូបភាពល្អៗ កំដរសេចក្ដីទុក្ខព្រួយដែលកំពុងរុករានទន្ទ្រានចិត្តរបស់ខ្ញុំ។
ខ្ញុំរង់ចាំយ៉ាងអន្ទះសានូវចម្លើយដ៏រន្ធត់ អស់ពេលមួយព្រឹក។ ចុងក្រោយ ខ្ញុំបានទទួលចម្លើយយ៉ាងគួរឲ្យភ្ញាក់ផ្អើល។ ខ្ញុំត្រូវបានជ្រើសរើស...។ ហាស! ហា! ខ្ញុំពិតជារំភើបមែនទែន។ អ្វីៗកើតឡើងដូចការស្រមើស្រមៃរបស់ខ្ញុំហើយ។ អរគុណខ្លាំងណាស់! អរគុណដែលបានជ្រើសរើសយកខ្ញុំ!
បង ពេជ្រ! ខ្ញុំអរគុណណាស់បង! ខ្ញុំនឹកឃើញដល់ថ្ងៃដែលនិយាយនឹងបងដំបូង ខ្ញុំហាក់មានអារម្មណ៍ថាចូលចិត្តបងខ្លាំងណាស់។ ចង់និយាយពាក្យ «អរគុណ» ទៅបង ពេជ្រ ដោយផ្ទាល់ដែរ តែអត់ហ៊ាន។ ហាស! ហា! គិតថាមិនគួរ...។ ខ្ញុំគិតថាបងក៏គិតដូចជាខ្ញុំដែរ គឺខ្ញុំធ្វើមិនបានល្អទេ។ ខ្ញុំគិតថា បងអាចនឹងរំភើបឬជាប់ចិត្តខ្លះដែរនូវអ្វីដែលខ្ញុំបានសរសេរ។ ខ្ញុំពិតជារីករាយណាស់ ដែលបងគិតគូរនិងឲ្យតម្លៃលើពាក្យសម្ដីដ៏មនុស្សល្ងីល្ងើដូចជារូបខ្ញុំ។ អូ! កាលថ្ងៃនោះ ខ្ញុំហៅទូរស័ព្ទទៅបង ហើយចេះតែឆ្ងល់ថា ចុះសំឡេងបង ពេជ្រ ម៉េចក៏ខុសពីមុនអ៊ីចឹង? ហាស! ហា! ការពិតបង ពេជ្រ កើតផ្ដាសាយសោះ។ សង្ឃឹមថា បងបានជាសះស្បើយ។ ចុងក្រោយ សូមអរគុណបងម្ដងទៀត ដែលបានជួយឲ្យខ្ញុំបន្តដំណើរលើផ្លូវនៃជីវិតដ៏ស្រពេចស្រពិលរបស់ខ្ញុំបន្តទៀត។ អរគុណដែលបានជ្រើសរើសខ្ញុំ! ខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព!
COMMENTS