ចំណុចខ្សោយ BlueKeep អាចធ្វើឲ្យជនអានាមិកគ្រប់គ្រងកុំព្យូទ័ររបស់អ្នក
BlueKeep (CVE-2019-0708) គឺជាចំណុចខ្សោយរបស់កម្មវិធី Windows Remote Desktop (RDP) ដែលអនុញ្ញាតឲ្យជនអនាមិកធ្វើការគ្រប់គ្រងកុំព្យូទ័ររងគ្រោះ ដោយពុំត្រូវការលេខសម្ងាត់ ។ តាមរយៈតួលេខបណ្ដោះអាសន្ន កុំព្យូទ័រប្រមាណ ១ លានគ្រឿងកំពុងមានបញ្ហាពាក់ព័ន្ធនឹងចំណុចខ្សោយ BlueKeep ខាងលើ ។
ក្រុមហ៊ុន Microsoft បានធ្វើការជួសជុលចំណុចខ្សោយនេះ ហើយបានព្រមានថា តាមរយៈចំនុចខ្សោយ BlueKeep ជនអនាមិកអាចធ្វើការគ្រប់គ្រងកុំព្យូទ័ររបស់អ្នក និងធ្វើការចម្លងទៅកាន់ម៉ាស៊ីនកុំព្យូទ័រផ្សេងទៀត ដោយស្វ័យប្រវត្តិ ដូចបច្ចេកទេសដែលជនអនាមិកធ្លាប់ប្រើប្រាស់ក្នុងការវាយប្រហារលើចំណុចខ្សោយ EnternalBlue SMB ក្នុងយុទ្ធនាការចម្លងមេរោគជំរិតទារប្រាក់ WannaCry NotPetya និង Bad Rabbit អំឡុងឆ្នាំ ២០១៧ ។
ចំណុចខ្សោយ BlueKeep មានក្នុងប្រព័ន្ធប្រតិបត្តិការ Windows XP, Windows 7, Windows 2003, និង Windows Server 2008 តម្រូវឲ្យអ្នកគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការទាំងនោះ ធ្វើបច្ចុប្បន្នភាព (Patch) ជាបន្ទាន់ ដើម្បីការពារប្រព័ន្ធរបស់ខ្លួនពីការវាយប្រហារជាយថាហេតុ ។
អត្ថបទនិងរូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS