អំពី https://rangseyhome.blogspot.com
ដំបូង ខ្ញុំសូមអរគុណប្រិយមិត្តទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ ចូលមកលេងផ្ទះថ្មីរបស់ខ្ញុំ។ អត្ថបទនេះ ចាត់ទុកថាជាអត្ថបទដំបូងហើយ សម្រាប់ផ្ទះដ៏ថ្មីសន្លាងនេះ។ ក្នុងអត្ថបទដំបូងនេះ ខ្ញុំនឹងមិនបរិយាយអ្វីច្រើនអំពីខ្លួនខ្ញុំនោះទេ។ ខ្ញុំនឹងសរសេរអំពីខ្លួនខ្ញុំឲ្យប្រិយមិត្តបានស្គាល់ នៅពេលបន្ទាប់ទៀត។ ជាបន្តទៅ ខ្ញុំនឹងនិយាយដោយត្រួសៗ អំពីប្រវត្តិខ្លះៗនៃការសម្រេចដាក់ឲ្យដំណើរការ https://rangseyhome.blogspot.com នេះ។
ពីមុនមក ខ្ញុំធ្លាប់បានដាក់ឲ្យដំណើរការនូវ Blogspot មួយចំនួន ជាមួយគោលបំណងខុសៗគ្នាជាច្រើន។ Blogspot ខ្លះត្រូវបានលុបចោលទៅវិញ ហើយ Blogspot ខ្លះទៀតនៅបន្តដាក់ឲ្យដំណើរការរហូតដល់សព្វថ្ងៃ។ នៅចុងឆ្នាំ២០១៨ ដោយសារជួបបញ្ហាផ្ទាល់ខ្លួនខ្លះៗ ខ្ញុំបានសម្រេចផ្អាកសរសេរចុះផ្សាយនូវ Blogspot មួយ ដែលខ្ញុំប្រើដើម្បីសរសេរកំណត់ហេតុផ្ទាល់ខ្លួននិងចែករំលែកចំណេះដឹង។ ក្រោយមក នៅចុងខែធ្នូ ឆ្នាំ២០១៨ ខ្ញុំបានសម្រេចចិត្តដាក់ឲ្យដំណើរការនូវ Blogspot មួយទៀត ដើម្បីប្រើជំនួស Blogspot ចាស់នោះ ដោយលាក់អត្តសញ្ញាណ ក្រោមនាមប៉ាកកាថា «ប៉ាកការាត្រី»។ Blogspot ប៉ាកការាត្រី នេះ ដាក់ឲ្យដំណើរការបានប្រមាណបីខែ ខ្ញុំក៏ជួបនឹងបញ្ហាផ្ទាល់ខ្លួនខ្លះទៀត ដែលធ្វើឲ្យខ្ញុំសម្រេចចិត្តផ្អាកសរសេរចុះផ្សាយលើ Blogspot នេះទៀត។ ក្រោយពីដោះស្រាយបញ្ហាចប់សព្វគ្រប់ ខ្ញុំបានបង្កើតគេហទំព័រថ្មីមួយនៅខែឧសភា ដោយប្រើប្រាស់សេវាកម្ម Hosting ដោយឥតគិតថ្លៃ។ ក្រោយមក ដោយខ្ញុំគិតថា ការប្រើប្រាស់សេវាកម្ម Hosting ដោយឥតគិតថ្លៃដើម្បីបង្កើតគេហទំព័រ ពុំមានសុវត្ថិភាពគ្រប់គ្រាន់ផ្នែកការរក្សាទិន្នន័យ ខ្ញុំក៏ពិចារណាលើការបង្កើត Blogspot ជាថ្មីម្ដងទៀត ដ្បិតអី Blogspot ជាសេវាកម្មមិនគិតប្រាក់ ផ្ដល់ឲ្យប្រើប្រាស់ដោយក្រុមហ៊ុន Google ដែលអាចទុកចិត្តបានលើការរក្សាទិន្នន័យ។
ខ្ញុំសម្រេចចិត្តបង្កើត Blogspot ថ្មីនេះឡើងនៅពាក់កណ្ដាលខែឧសភា គឺនៅថ្ងៃអាទិត្យ ១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។ ក្រោយពីបង្កើតរួចរាល់ ខ្ញុំបានចំណាយពេលជាច្រើនសប្ដាហ៍ ដើម្បីរៀបចំមាតិកា និងផ្នែកចាំបាច់ផ្សេងៗទៀត។ ខ្ញុំមានបំណងថានឹងដាក់ឲ្យដំណើរការនូវ Blogspot ថ្មីនេះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ខ្ញុំបានរៀបចំគម្រោងជាច្រើនលើក តែគម្រោងនៃការដាក់ឲ្យដំណើរការទាំងនោះមិនបានសម្រេចសោះ។
អូ! រៀបរាប់ចុះឡើងវែងឆ្ងាយពេក ភ្លេចប្រាប់ពីគោលបំណងនៃការបង្កើត Blogspot ថ្មីនេះ។ ការពិត គោលបំណងនោះ មិនមានអ្វីប្លែកគ្នាខ្លាំងពីការបង្កើតលើកមុនៗនោះទេ។ Blogspot ថ្មីនេះ បង្កើតឡើងដើម្បីចែករំលែកនូវធនធានឯកសារនានា (E-បណ្ណាល័យ) សម្រាប់បម្រើឲ្យការសិក្សារៀនសូត្រ កម្សាន្ត និងផ្ដល់ប្រយោជន៍ជាសាធារណៈ សម្រាប់មហាជនទូទៅ។ លើសពីនេះទៀត Blogspot ថ្មីនេះ នឹងផ្ដល់ជូននូវអត្ថបទចុះផ្សាយចម្រុះជាច្រើន ដែលបម្រើឲ្យទាំងការអប់រំនិងកម្សាន្ត។ ក្រៅពីនេះ Blogspot ថ្មីនេះ ក៏ជាកន្លែងដែលផ្ទុកដោយកំណត់ហេតុផ្ទាល់ខ្លួនរបស់ខ្ញុំ និងកម្រងកិច្ចការនានារបស់ខ្ញុំ។
ដំបូង ខ្ញុំគិតថានឹងចាំរៀបចំត្រួតពិនិត្យអត្ថបទចាស់ៗឲ្យបានចប់សព្វគ្រប់ ទើបដាក់ឲ្យដំណើរការ Blogspot ថ្មីនេះ។ ប៉ុន្តែដោយអត្ថបទចាស់ៗទាំងនោះមានច្រើនគួរសមដែរ ខ្ញុំក៏សម្រេចចិត្តថា ជាជំហានដំបូងនោះ ខ្ញុំនឹងចុះផ្សាយឡើងវិញនូវអត្ថបទចាស់ៗ ដែលធ្លាប់បានចុះផ្សាយរួចមកហើយ តាមរយៈ Blogspot មុនៗ (PBRangsey, PBKHMeR, PakkaNight)។ ខ្ញុំនឹងរៀបចំត្រួតពិនិត្យឡើងវិញ រួចចុះផ្សាយនូវអត្ថបទចាស់ៗទាំងនោះ ដោយរក្សាទុកនូវកាលបរិច្ឆេទចុះផ្សាយឲ្យនៅដដែល។ ខ្ញុំនឹងខិតខំរៀបចំមាតិកាជាបន្តបន្ទាប់ ដើម្បីឲ្យ Blogspot ថ្មីនេះ ក្លាយទៅជាទីកន្លែងដែលផ្ដល់នូវប្រយោជន៍ដល់ប្រិយមិត្តទាំងអស់ ទាំងផ្នែកការអប់រំនិងកម្សាន្ត។ ខ្ញុំនឹងសរសេរបន្ថែម ដោយពិស្ដារអំពី Blogspot ថ្មីនេះ នៅពេលក្រោយ។ ខ្ញុំមានគម្រោងការថ្មីៗជាច្រើន សម្រាប់ Blogspot ថ្មីនេះ។ ខ្ញុំនឹងចុះផ្សាយនូវគម្រោងការទាំងនោះឲ្យប្រិយមិត្តបានជ្រាប ដើម្បីឲ្យប្រិយមិត្តបានទទួលផលប្រយោជន៍ជាបន្តបន្ទាប់តទៅ។
ចុងបញ្ចប់នេះ ខ្ញុំសូមអរគុណប្រិយមិត្តទាំងអស់ ដែលបានចំណាយពេលចូលមកលេងផ្ទះខ្ញុំ។ សូមប្រិយមិត្តទាំងអស់ បានប្រកបតែនឹងសេចក្ដីសុខចម្រើនគ្រប់ពេលវេលា កុំបីឃ្លៀងឃ្លាតឡើយ។
COMMENTS