មួយរយៈនេះ ខ្ញុំបានជួបរឿងរ៉ាវជាច្រើន ដែលធ្វើឲ្យខ្ញុំរៀនសូត្របានយ៉ាងច្រើនពីជីវិតដ៏ស្រពេចស្រពិលនេះ។ ខ្ញុំយល់ថា ខ្ញុំមានភ...
ប៉ុន្មានខែនេះ ខ្ញុំបានទុកចោលគម្រោងការណ៍ដែលខ្ញុំបានរៀបចំ ហើយរស់នៅដោយភាពទំនេរច្រើន ដោយពុំខ្វល់ពីកិច្ចការឬផែនការអ្វីឡើយ។ ការរស់នៅដែលមិនស្ថិតនៅក្រោមច្បាប់ទម្លាប់បែបនេះ កន្លងទៅអស់មួយរយៈ ជាមួយនឹងបរិយាកាសដ៏សែនអាប់អួ។ ខ្ញុំបានធ្វើរឿងជាច្រើន ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង។ ពេលនេះ អ្វីៗហាក់កំពុងត្រឡប់មករកភាពប្រសើរឡើងវិញហើយ។ ខ្ញុំយល់ថា ជីវិតនេះពិតជាល្អចំពោះខ្ញុំណាស់ ព្រោះជីវិតនេះបានបង្រៀនខ្ញុំនូវមេរៀនជាច្រើន ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។
ថ្ងៃនេះ សប្បាយចិត្តណាស់ ព្រោះការងារកំពុងដំណើរការយ៉ាងរលូន។ អូ! រឿងអាប់អួមួយរយៈនេះ ផ្អាកទុកនិយាយនៅថ្ងៃក្រោយចុះ។ ពេលនេះ ចង់និយាយពីរឿងល្អៗនៅកន្លែងធ្វើការជំនួសវិញ ដើម្បីឲ្យវាសមនឹងអារម្មណ៍នៅពេលនេះ។
ដំបូង ខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការសម្រេចចិត្តជ្រើសរើសធ្វើការងារដែលខ្ញុំកំពុងធ្វើនេះ។ ដំណើរការជ្រើសរើសបុគ្គលិក ហាក់មានសភាពយឺតយ៉ាវ។ ខ្ញុំបានទទួលការហៅទូរស័ព្ទពីបុគ្គលិកម្នាក់ ដើម្បីពិភាក្សាអំពីពេលវេលាធ្វើការនិងតម្លៃប្រាក់ឈ្នួល។ ជាច្រើនថ្ងៃបានកន្លងទៅ ខ្ញុំរង់ចាំការសន្យា ដើម្បីជួបសម្ភាសការងារ។ ទីបំផុត ខ្ញុំត្រូវបានណាត់ឲ្យទៅជួប ដើម្បីសម្ភាសការងារជាមួយបុគ្គលិកដែលជាជនជាតិហ្វីលីពីនម្នាក់នោះ។ ការសម្ភាសមិនចប់ត្រឹមហ្នឹងទេ។ ខ្ញុំត្រូវជួបសម្ភាសជាមួយថ្នាក់លើបន្តទៀត តាមរយៈ Skype។
ថ្ងៃណាត់ជួបសម្ភាសតាមរយៈ Skype បានមកដល់ ខ្ញុំត្រៀមរៀបចំមុនពេលកំណត់ប្រហែលមួយម៉ោង។ ខ្ញុំចុចទូរស័ព្ទមើលម្ដងហើយម្ដងទៀត តែមិនឃើញមានសញ្ញាដែលបញ្ជាក់ថា ភាគីម្ខាងទៀតកំពុងប្រើប្រាស់សោះ។ ខ្ញុំគិតក្នុងចិត្តថា អ្ហើយ! ពិតជាអត់ប្រយោជន៍មែន ណាត់សម្ភាសស្អី ម្ដេចក៏ស្ងាត់សឹងបែបហ្នឹង? ម៉ោង ២ រសៀល ជាពេលវេលានៃការណាត់សម្ភាសក៏បានមកដល់។ ខ្ញុំប្រែជាស្រឡាំងកាំង សំឡេងទូរស័ព្ទរបស់ខ្ញុំបានរោទ៍ស្របពេលម៉ោងក្នុងទូរស័ព្ទខ្ញុំបង្ហាញចំម៉ោង ២ គត់។ អូ! ពិតជាទៀងម៉ោងពេកហើយ។ អ្ហា! ភ្លេចប្រាប់ មេរបស់ខ្ញុំនេះ ជាជនជាតិជប៉ុន។ គាត់ជាស្ត្រីចំណាស់ អាយុប្រហែលជាង៤០-៥០ឆ្នាំ។ ខ្ញុំចាំយ៉ាងច្បាស់ថា នៅថ្ងៃនោះ ក្រៅពីសម្ភាសខ្ញុំ គាត់បានស្ដីឲ្យខ្ញុំយ៉ាងចាស់ដៃ ពីបញ្ហាដែលខ្ញុំមិនបានឆ្លើយតបនឹងគាត់ ទាក់ទងនឹងបញ្ហាមួយចំនួន ដែលខ្ញុំបានសន្យាថានឹងរកវិធីដោះស្រាយ។ ខ្ញុំរកពាក្យអ្វីតបនឹងគាត់មិនបានសោះ បានត្រឹមតែឆ្លើយ បាទ! បាទ! យ៉ាងសុភាព ដែលក្បត់នឹងអារម្មណ៍ខ្លួនឯង។ ក្រោយពីចប់ការសម្ភាសនោះ ខ្ញុំកាន់តែមានអារម្មណ៍ថាមិនចង់ធ្វើការងារហ្នឹងទេ។ ស្អី! មិនដែលបានស្គាល់ មិនដែលបានជួបគ្នាអ្វីផង មកស្ដីឲ្យឯង ឥតក្រែងចិត្តអ្វីសោះ។ គាត់បានឲ្យខ្ញុំទៅសាកល្បងធ្វើការ ដោយចាប់ផ្ដើមនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។ នៅសាកស្អីទៀត? ណ្ហើយ! ទ្រាំសាកល្បងទៅធ្វើការទៅចុះ។
មេខ្ញុំកំណត់ម៉ោងឲ្យខ្ញុំទៅដល់កន្លែងធ្វើការនៅម៉ោង ៩ ព្រឹក។ គ្រាន់តែទៅដល់កន្លែងធ្វើការភ្លាម គាត់សម្លឹងខ្ញុំ ហើយសួរខ្ញុំថា ម៉ោងប៉ុន្មានហើយ? ខ្ញុំឥតតបអ្វីនឹងគាត់ទេ គ្រាន់តែគិតក្នុងចិត្តថា យី! មកយឺតតែ ៥ នាទីសោះ ក៏សួររកម៉ោងដែរ! ខ្ញុំរកកន្លែងអង្គុយមិនទាន់បានស្រួលបួលផង គាត់សួរខ្ញុំថា ហើយស្អីក្នុងកាតាបហ្នឹង? មើលទៅដូចជាធ្ងន់ខ្លាំងណាស់។ អ្ហើយ! អ្នករៀន IT គឺបែបហ្នឹងហើយ ទៅណាមកណាក៏ស្ពាយកុំព្យូទ័រតាមខ្លួនដែរ។ បន្តិចក្រោយមកបុគ្គលិកម្នាក់ បានប្រគល់កុំព្យូទ័រមួយគ្រឿងមកឲ្យខ្ញុំ ដើម្បីធ្វើការ។ ខ្ញុំគ្មានអារម្មណ៍ធ្វើការអ្វីបន្តិចទេ។ ខ្ញុំកាន់តែចម្លែកចិត្ត ព្រោះបានទទួលការស្នើពីមេរបស់ខ្ញុំថាឲ្យចាប់ផ្ដើមធ្វើការចាប់ពីថ្ងៃនោះតទៅ។ យី! ដំបូងថាឲ្យមកសាកល្បង ឥលូវសុំឲ្យខ្ញុំចាប់ផ្ដើមធ្វើការងារ ដោយមិនចាំបាច់សាកល្បងអ្វីនោះទេ។ អ្ហើយ! អាកាសធាតុពិតជាប្រែប្រួលលឿនមែន។ ខ្ញុំបានឆ្លើយតាមនឹងគាត់ ទាំងមិនប្រាកដក្នុងចិត្តថា ខ្ញុំក៏មិនទាន់ច្បាស់ដែរចំពោះរឿងនេះ។ ខ្ញុំបានយកលេសរឿងផ្លូវឆ្ងាយ ដើម្បីបិទបាំងភាពមិនច្បាស់លាស់របស់ខ្ញុំ។ ខ្ញុំប្រាប់គាត់ថា ផ្លូវពីផ្ទះទៅកន្លែងធ្វើការដូចជាឆ្ងាយណាស់ ខ្ញុំសុំពេលវេលាខ្លះដើម្បីសម្រេចចិត្ត។ គាត់យល់ព្រមនឹងខ្ញុំ ហើយប្រាប់ខ្ញុំថា យ៉ាងម៉េចយ៉ាងម៉ា នៅជួយការងារគាត់មួយសប្ដាហ៍សិន ព្រោះគាត់កំពុងប្រញាប់នឹងកិច្ចការនោះ។ ខ្ញុំក៏ទទួលយល់ព្រមនឹងគាត់។ ម៉ោង ១២ ថ្ងៃត្រង់ ខ្ញុំត្រូវត្រឡប់មកផ្ទះវិញ ព្រោះខ្ញុំបានជ្រើសរើសធ្វើការក្រៅម៉ោង តែមួយព្រឹកប៉ុណ្ណោះ។ ខ្ញុំជួបមេខ្ញុំបានបួនថ្ងៃ ហើយគាត់ក៏ត្រឡប់ទៅក្រៅប្រទេសវិញ ដោយទុកកិច្ចការឲ្យខ្ញុំធ្វើ ហើយទាក់ទងនឹងគាត់តាមរយៈអ៊ីមែល។ ខ្ញុំហាក់មានអារម្មណ៍មិនសូវរីករាយនឹងការងារសោះ។ ខែថ្មីចូលមកដល់ មេខ្ញុំត្រឡប់មកម្ដងទៀត។ គ្រាន់តែជួយខ្ញុំភ្លាម គាត់សួរខ្ញុំពីការងារដែលខ្ញុំកំពុងធ្វើ ហើយបន្ទោសខ្ញុំថា ខ្ញុំហ្នឹងមិនផ្ដល់ដំណឹងពីការងារដែលខ្ញុំកំពុងធ្វើឲ្យគាត់បានដឹង។ អ្ហើយ! ជួយមុខគាត់ភ្លាម ត្រូវមាត់ភ្លាមតែម្ដង។ ស្អែកឡើង ខ្ញុំទៅកន្លែងធ្វើការមុនម៉ោងបន្តិច ហើយឆ្លៀតនិយាយពាក្យក្នុងចិត្តខ្លះប្រាប់គាត់។ គាត់ហាក់យល់យ៉ាងច្បាស់ពីអ្វីដែលខ្ញុំគិត ហើយប្រាប់ខ្ញុំកុំឲ្យបារម្ភពីរឿងដែលខ្ញុំបានលើកឡើងប្រាប់គាត់។ ក្រោយពីនិយាយនឹងគាត់រួច ខ្ញុំហាក់មានអារម្មណ៍ល្អប្រសើរជាងមុនក្នុងការបំពេញការងារ។ ម៉ោង ១២ ថ្ងៃត្រង់ ខ្ញុំរៀបចំអីវ៉ាន់ត្រឡប់មកផ្ទះវិញ មេខ្ញុំសុំឲ្យខ្ញុំនៅបន្តធ្វើការបន្តដល់រសៀលទៀត។ ខ្ញុំប្រាប់គាត់ថា ខ្ញុំអត់បានយកអ្វីមកញ៉ាំទេ។ គាត់ញញឹម ហើយប្រាប់ខ្ញុំថា អ៊ីចឹង យើងទៅញ៉ាំអីនៅខាងក្រៅទាំងអស់គ្នា។ អូ! មេប៉ាវទៀតថ្ងៃនេះ។ ខ្ញុំព្រមនឹងគាត់ទាំងទើសទាល់ ព្រោះខ្ញុំមិនសូវចូលចិត្តបរិយាកាសអ៊ូអរប៉ុន្មានទេ។ នឹកឃើញរឿងកាលថ្ងៃនោះពិតជាគួរឲ្យអស់សំណើចណាស់។ ម្ដងជ្រុះម្ហូប ម្ដងជ្រុះចង្កឹះ ហាស! ហាស! ប្រហែលមកពីភ័យពេក ព្រោះមេខ្ញុំ ម្ដងក្ដៅ ម្ដងត្រជាក់។
ស្អែកឡើង មានរឿងខ្លះដែលខ្ញុំនឹកស្មានមិនដល់។ ខ្ញុំបានឃើញដោយផ្ទាល់ភ្នែក ឮផ្ទាល់ត្រចៀក។ មេខ្ញុំពិតជាកាចខ្លាំងណាស់។ អូ! ភ្លេចប្រាប់ នៅកន្លែងធ្វើការនេះ មានបុគ្គលិកបីនាក់ គឺខ្ញុំ និងអ្នកគ្រូ-លោកគ្រូជនជាតិហ្វីលីពីនពីរនាក់ទៀត។ ព្រឹកនេះ មេខ្ញុំនិយាយយ៉ាងតឹងសរសៃក៏ដាក់គ្រូទាំងពីរនាក់នោះ។ ខ្ញុំនៅតែស្ងៀមមិនហ៊ានហាមាត់និយាយអ្វីឡើយ។
ក្រោយពីមេខ្ញុំត្រឡប់ទៅវិញ បរិយាកាសដ៏អាប់អួហាក់ត្រឡប់មករកភាពល្អប្រសើរវិញ។ អ្នកគ្រូនិយាយនឹងខ្ញុំថា ប៉ុន្មានថ្ងៃនោះ គាត់ហត់ខ្លាំងណាស់។ ខ្ញុំសួរគាត់ថា មេយើងតែងតែបែបហ្នឹងឬ? គាត់ប្រាប់ខ្ញុំថា មេតែអ៊ីចឹងតាំងតែពីដើមមក។ អ្នកគ្រូប្រាប់ខ្ញុំថា មេតែងតែកាចបែបហ្នឹង។ គាត់ថា មេហាក់មានភាពពិបាកក្នុងការទប់អារម្មណ៍ ហើយគាត់តែងតែបញ្ចេញអាកប្បកិរិយាខឹងសម្បារតែបែបហ្នឹង។ អ្ហើយ! ចប់ហើយខ្ញុំ។
ពេលវេលាចេះតែកន្លងទៅ ខ្ញុំហាក់មិនពេញចិត្តនឹងការងារដែលកំពុងធ្វើនេះសោះ។ ខ្ញុំបានទៅសម្ភាសការងារនៅក្រុមហ៊ុនផ្សេង ដែលនៅក្បែរនោះដែរ។ ដំបូងខ្ញុំយល់ថា ការងារដែលខ្ញុំកំពុងធ្វើនេះមិនល្អសម្រាប់ខ្ញុំទេ។ លុះពេលជួបសម្ភាសជាមួយក្រុមហ៊ុនថ្មី គេសួរខ្ញុំពីការងារដែលខ្ញុំកំពុងកាន់។ ខ្ញុំព្យាយាមរៀបរាប់ពីតួនាទីការងារដែលខ្ញុំកំពុងធ្វើ ជាមួយនឹងអារម្មណ៍ភ្ញាក់ផ្អើល ដែលធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនព្រើត។ ទាល់តែរៀបរាប់ប្រាប់គេទៅ ទើបខ្ញុំដឹងថា ការពិត ការងារដែលខ្ញុំកំពុងធ្វើនេះ ល្អដែរទេតើ។ ហាស! ហាស! ពេលខ្លះ មនុស្សយើងគឺបែបនេះឯង។
ប៉ុន្មានសប្ដាហ៍ក្រោយមក ខ្ញុំហាក់មានអារម្មណ៍ល្អប្រសើរឡើងវិញ ចំពោះការងារដែលខ្ញុំកំពុងធ្វើ។ លោកគ្រូនិងអ្នកគ្រូបានឲ្យយោបល់ខ្ញុំ ឲ្យខ្ញុំសុំការអនុញ្ញាតពីមេ ដើម្បីធ្វើការពេញម៉ោងវិញ។ ខ្ញុំបន្តពិចារណាអស់ពេលជាច្រើនថ្ងៃ ហើយចុងក្រោយខ្ញុំក៏សម្រេចចិត្តសរសេរសារផ្ញើទៅមេខ្ញុំតាមរយៈអ៊ីមែល ដើម្បីសុំការអនុញ្ញាតធ្វើការពេញម៉ោង។ មេបានឆ្លើយតមនឹងខ្ញុំថានឹងពិភាក្សានឹងខ្ញុំអំពីរឿងនេះ នៅខែមិថុនានេះ ពេលដែលគាត់មកដល់ភ្នំពេញ។ ចាប់តាំងពីនោះមក មេដាក់កិច្ចការជាច្រើនឲ្យខ្ញុំធ្វើ។ ប៉ុន្មានសប្ដាហ៍នេះ អ្វីដែលខ្ញុំធ្វើហាក់មិនត្រូវនឹងចិត្តរបស់មេសោះ។ ប៉ុន្តែ គាត់មិនដែលស្ដីឲ្យខ្ញុំបន្តិចឡើង គាត់បែរជាបន្ទោសអ្នកគ្រូទៅវិញ។ គាត់បានប្រាប់អ្នកគ្រូឲ្យព្យាយាមជួយខ្ញុំ ដើម្បីបំពេញការងារឲ្យបានល្អ។ ពេលខ្លះ ពួកយើងនិយាយគ្នាសើចលេងអំពីមេ។ លោកគ្រូចូលចិត្តធ្វើតម្រាប់តាមមេ សើចលេងពេញកន្លែងធ្វើការ។ នឹកដល់រឿងមេស្ដីបន្ទោស អ្នកគ្រូនិយាយលេងនឹងខ្ញុំថា មេស្ដីឲ្យតែពួកគាត់ មិនឃើញស្អីឲ្យខ្ញុំសោះ។ ខ្ញុំសើច រួចគិតក្នុងចិត្តថា ប្រហែលថ្ងៃនោះនឹងមកដល់...។
ថ្ងៃនេះ មេត្រឡប់មកម្ដងទៀត។ គ្រាន់តែឃើញខ្ញុំភ្លាម គាត់ថាសក់ខ្ញុំដូចជាព្រះសង្ឃ។ ហាស! ហាស! បើទើបតែលាចាកសិក្ខាបទ មិនឲ្យដូចព្រះសង្ឃយ៉ាងម៉េច! មេត្រឡប់មកដងនេះ ខ្ញុំហាក់មានអារម្មណ៍ប្លែកជាងសព្វដង។ បរិយាកាសព្រឹកនេះ ប្រព្រឹត្តទៅយ៉ាងល្អ។ មុនពេលខ្ញុំត្រឡប់មកផ្ទះ មេបានសួរបញ្ជាក់ខ្ញុំ ក្រែងលខ្ញុំត្រឡប់ទៅកន្លែងការងារវិញនៅពេលថ្ងៃ។ ខ្ញុំឆ្លើយនឹងគាត់ថា ខ្ញុំនឹងមិនត្រឡប់ទៅវិញទេ។ គាតប្រាប់ខ្ញុំថា ថ្ងៃស្អែកខ្ញុំគួរតែនៅធ្វើការដល់ពេលថ្ងៃ ព្រោះគាត់ចង់ញ៉ាំអីនៅខាងក្រៅជុំគ្នា។ ហាស! ហាស! ញ៉ាំអីទៀតហើយ។ ពេលនិយាយចប់ គាត់រកក្រដាសខ្ចប់នំសូកូឡា ឲ្យខ្ញុំយកមកផ្ទះ។ គាត់ប្រាប់ថា បើមិនខ្ចប់ឲ្យខ្ញុំបែបនេះទេ ខ្ញុំប្រាកដជាអត់បានញ៉ាំហើយ។ លោកគ្រូចូលចិត្តញ៉ាំនំនេះណាស់ គាត់នឹងញ៉ាំអស់ជាមិនខាន។ ខ្ញុំញញឹម ហើយទទួលនំពីមេ ជាមួយអារម្មណ៍ដ៏សែនចម្លែក។ ហាស! ហាស! ខ្ញុំមិនដឹងថា ខ្ញុំគួរគិតបែបណាចំពោះគាត់ទេ។ ខ្ញុំពិតជាមិនប្រាកដក្នុងចិត្តទេថាមេខ្ញុំកាចឬស្លូត...។
អូ! យប់ជ្រៅហើយ។ ថ្ងៃស្អែកត្រូវចាប់ផ្ដើមអនុវត្តគម្រោងផែនការថ្មីផង។ យប់មិញ ខំរៀបចំដល់ម៉ោង ១២ កន្លះ ទម្រាំរួចរាល់សព្វគ្រប់។ សង្ឃឹមថា ផែនការថ្មីដែលបានកំណត់នេះ នឹងដំណើរការទៅដោយភាពរលូននិងទទួលបានផ្លែផ្កាច្រើន។
បើកភ្នែកលែងចង់រួចហើយ ពេលនេះ។ រាត្រីសួស្ដី!
COMMENTS