ហានិភ័យនៃល្បែងអនឡាញខុសច្បាប់ (Illegal Online Gambling)
បច្ចុប្បន្នយើងសង្កេតឃើញថា ល្បែងអនឡាន (Online Gambling) កំពុងពេញនិយមយ៉ាងខ្លាំង និងបានអូសទាញយុវវ័យកម្ពុជាឲ្យធ្លាក់ក្នុងអន្លង់ដោយពុំបានដឹងខ្លួន ។ ដោយសារភាពសម្បូរបែបនៃល្បែងអនឡាញ ដូចជា ប៊ីងហ្គោ ផកឃ័រ ឬល្បែងភ្នាល់ផ្សេង ៗ តាមរយៈកម្មវិធីទូរស័ព្ទដៃ កម្មវិធីលើគេហទំព័រ បានធ្វើឲ្យចំនួនអ្នកលេងឬភ្នាល់មានការកើនឡើងយ៉ាងគំហុក និងពិបាកក្នុងការគ្រប់គ្រង ។ ដោយមើលឃើញនូវបញ្ហានេះ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ សូមលើកយកនូវហានិភ័យមួយចំនួននៃការលេងល្បែងភ្នាល់អនឡាញ មកជម្រាបជូនបងប្អូនពលរដ្ឋកម្ពុជា ដូចខាងក្រោម ៖
អំពីហានិភ័យ ៖
- ជនអនាមិកអាចជ្រៀតចូលគណនីអនឡាញរបស់អ្នក ដោយមធ្យោបាយលួចលេខសម្ងាត់តាមរយៈវិស្វកម្មបណ្ដាញសង្គម Phishing (បញ្ឆោតវាយលេខសម្ងាត់លើកម្មវិធីទូរស័ព្ទដៃ ឬលើគេហទំព័រ) ។
- កម្មវិធីល្បែងអនឡាញមួយចំនួន អាចធ្វើការប្រើប្រាស់ WebCam ឬឧបករណ៍ស្រូបសំឡេងក្នុងទូរស័ព្ទ ឬម៉ាស៊ីនកុំព្យូទ័ររបស់អ្នក នឹងអាចធ្វើការថត ឬលួចស្ដាប់ ដោយអ្នកពុំបានដឹងខ្លួន ។
- ទូរស័ព្ទ ឬម៉ាស៊ីនកុំព្យូទ័ររបស់អ្នក អាចឆ្លងមេរោគ (Trojan Horse, RAT, spyware) នៅពេលទាញយក និងដំឡើងកម្មវិធី បន្ទាប់មកជនអនាមិកអាចលួចព័ត៌មានផ្សេង ៗ ព្រមទាំងធ្វើការគ្រប់គ្រងទូរស័ព្ទ ឬម៉ាស៊ីនកុំព្យូទ័រពីចម្ងាយ ដោយអ្នកពុំបានដឹងខ្លួន ។
- អ្នកអាចជួបបញ្ហា ឬរងគ្រោះពីកម្មវិធី Chatrooms ដែលមានក្នុងកម្មវិធីល្បែងអនឡាញ ឧទាហរណ៍ ៖ ការជ្រៀតចូលឯកជនភាព ការបញ្ឆោតចុចលើតំណភ្ជាប់ និងការចម្លងមេរោគផ្សេង ៗ ។
- ព័ត៌មានបុគ្គល ស្ថានភាពហិរញ្ញវត្ថុ របស់អ្នកអាចត្រូវបានចែកចាយទៅបុគ្គលផ្សេងទៀត ដែលអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ។
- ចាញ់បញ្ឆោតក្នុងការបើកគណនីលេងល្បែង ជាថ្នូរនឹងការទទួលបាននូវប្រាក់រង្វាន់ផ្សេង ៗ
- លេងល្បែងអនឡាញ រហូតក្លាយជាទម្លាប់ ញៀនមិនអាចឈប់បាន ធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារ បាត់បង់ប្រាក់ចំណូល និងប៉ះពាល់ដល់សុខភាព ។
- ចូលរួមក្នុងក្រុមល្បែង ចាញ់បញ្ឆោត ប្រើប្រាស់គ្រឿងញៀន និងធ្លាក់ចូលក្នុងសកម្មភាពល្មើសច្បាប់ផ្សេង ៗ ។
ជាថ្មីម្ដងទៀត នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ សូមធ្វើការអំពាវនាវដល់បងប្អូនពលរដ្ឋកម្ពុជា មេត្តាជៀសឲ្យឆ្ងាយពីល្បែងអនឡាញខុសច្បាប់ ព្រោះវានឹងនាំនូវបញ្ហាផ្សេង ៗ ដូចដែលបានរៀបរាប់ខាងលើ ។
អត្ថបទនិងរូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS