នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងមក អស់លោក លោកស្រីធ្លាប់បានដឹងអំពី World Wide Web (www) ដែលជាបណ្ដាញគេហទំព័រដែលអាចប្រើប្រាស់បានតា...
នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងមក អស់លោក លោកស្រីធ្លាប់បានដឹងអំពី World Wide Web (www) ដែលជាបណ្ដាញគេហទំព័រដែលអាចប្រើប្រាស់បានតាមរយៈបណ្ដាញអ៊ីនធឺណិត។ ថ្ងៃនេះ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សូមបង្ហាញអំពីបណ្ដាញ ណេតវើក Darknet និងបណ្ដាញគេហទំព័រ Darkweb ដើម្បីផ្តល់ចំណេះដឹងបច្ចេកវិទ្យាបន្ថែមជូនអស់លោក លោកស្រី។
តើអ្វីទៅជាបណ្តាញ ណេតវើក Darknet?
Darknet គឺជាបណ្ដាញ ណេតវើក ងងឹត (Encrypt Network) ដែលមិនអាចចូលដល់ដោយប្រើប្រាស់អ៊ីនធឺណិតធម្មតា ដើម្បីអាចឈានទៅដល់ Darknet អ្នកត្រូវប្រើប្រាស់ឧបករណ៍ ឬកម្មវិធីជំនួយបន្ថែម។ រាល់ការប្រើប្រាស់ទាំងឡាយក្នុងបណ្ដាញ ណេតវើក ងងឹតនេះ អត្តសញ្ញាណអ្នកប្រើប្រាស់មិនត្រូវបានបង្ហាញឡើយ (Anonymity) ដែលជាហេតុធ្វើឲ្យវាក្លាយជាជម្រកនៃឧក្រិដ្ឋជន ភេរវជន អង្គការចាត់តាំង សកម្មជននយោបាយ ឬរដ្ឋាភិបាលនៃប្រទេសមួយចំនួនប្រើប្រាស់ក្នុងការដំឡើង និងដំណើរប្រព័ន្ធបច្ចេកវិទ្យាគេចចេញពីអ៊ីនធឺណិតដែលមនុស្សទាំងពួងអាចមើលឃើញ។
តើអ្វីទៅជាបណ្ដាញគេហទំព័រ Darkweb?
ដូចបានជម្រាបជូនខាងលើ នៅក្នុងបណ្ដាញ ណេតវើក ងងឹត (Darknet) គេអាចប្រើប្រាស់បច្ចេកវិទ្យាជាច្រើនជាមធ្យោបាយផ្លាស់ប្ដូរទំនាក់ទំនង ដោយឡែកបើយើងនិយាយពី Darkweb គឺសំដៅការផ្លាស់ប្ដូរព័ត៌មាន ឬដំណើរការកម្មវិធីផ្សេងៗតាមរយៈគេហទំព័រ (Browser) គេនឹងប្រើប្រាស់កម្មវិធីដែលមានឈ្មោះ The Onion Router (Tor)។ កម្មវិធី Tor Browser អនុញ្ញាតអ្នកប្រើប្រាស់ដំណើរការគេហទំព័រធម្មតា (www) លើបណ្ដាញអ៊ីនធឺណិត ក៏ដូចជាបណ្ដាគេហទំព័រក្នុងបណ្ដាញ ណេកវើក ងងឹត (Darknet) បានផងដែរ។ បណ្ដាញគេហទំព័រ Darkweb បានប្រើប្រាស់កម្មវិធី Tor Hidden Service ដើម្បីបង្ហោះគេហទំព័របានពីគ្រប់ទីកន្លែង និងមិនត្រូវបានបង្ហាញអត្តសញ្ញាណអ្នកប្រើប្រាស់ និងម្ចាស់គេហទំព័រឡើយ បណ្ដាគេហទំព័រនឹងមានអាសយដ្ឋាន URL បញ្ចប់ដោយ .onion (ឧទាហរណ៍៖ គេហទំព័រស្វែងរកដ៏ល្បីល្បាញឈ្មោះ DuckDuckGo មានអាសយដ្ឋាន 3g2upl4pq6kufc4m.onion)។
សូមបញ្ជាក់ថា ការលើកយកអត្ថបទនេះមកបង្ហាញក្នុងគោលបំណងផ្ដល់នូវទស្សនាទានអំពីបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះ ការព្យាយាមចូលទៅកាន់បណ្ដាញ ណេតវើក ងងឹត (Darknet) ឬប្រើប្រាស់កម្មវិធីចូលទៅកាន់ បណ្ដាញគេហទំព័រ Darkweb អាចផ្ដល់ផលអវិជ្ជមានដល់អ្នកដូចជា៖ ឆ្លងមេរោគកុំព្យូទ័រ ចាញ់ការឆបោកប្រាក់ ធ្លាក់ចូលក្នុងអំពើល្មើសច្បាប់ ជាដើម។
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS