នាយកដ្ឋានព័ត៌មានវិទ្យា៖ Botnet គឺជាម៉ាស៊ីនកុំព្យូទ័រ ទូរស័ព្ទដៃឆ្លាតវៃ (Smart phone) ទូរទស្សន៍ឆ្លាតវៃ (Smart TV) ទូរទឹកកកឆ្លាតវៃ ...
នាយកដ្ឋានព័ត៌មានវិទ្យា៖ Botnet គឺជាម៉ាស៊ីនកុំព្យូទ័រ ទូរស័ព្ទដៃឆ្លាតវៃ (Smart phone) ទូរទស្សន៍ឆ្លាតវៃ (Smart TV) ទូរទឹកកកឆ្លាតវៃ (Smart Refrigerator) ឬកាមេរ៉ាសុវត្ថិភាព (CCTV) ដែលបានឆ្លងមេរោគ (Trojan Horse) និងកំពុងបញ្ជាពីចម្ងាយពីសំណាក់ឧក្រិដ្ឋជន (Bot master) តាមរយៈបណ្ដាញអ៊ីនធឺណិត (Command & Control – C&C)។
នៅពេលដែលឧបករណ៍ទាំងនោះក្លាយជា Botnet ឧក្រិដ្ឋជនអាចប្រើប្រាស់ឧបករណ៍ទាំងនោះ ដើម្បីប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា មួយចំនួនដូចខាងក្រោម៖
- ប្រើប្រាស់ Botnet ដើម្បីវាយប្រហារប្រព័ន្ធដំណើរការបច្ចេកវិទ្យា ដែលជាគោលដៅ (Distributed Denial of Service – DDOS)
- ប្រើប្រាស់ Botnet ក្នុងយុទ្ធនាការផ្ញើសារអេឡិចត្រូនិក ផ្សាយពាណិជ្ជកម្ម (Spam Mail) បញ្ឆោតលួចព័ត៌មាន (Phishing) ពង្រាយមេរោគ (Malware Compaign) ឬប្រតិបត្តិការឆបោកប្រាក់ (Money Fraud)
- ធ្វើចារកម្ម ឬលួចទិន្នន័យពីឧបករណ៍រងគ្រោះ ធ្វើឲ្យលេចធ្លាយឯកសារ ឬគំរាមទារប្រាក់ពីជនរងគ្រោះជាថ្នូរនឹងឯកសារសម្ងាត់មួយចំនួន (រូបថត វីដេអូ ឯកសារហិរញ្ញវត្ថុ។ល។) ដែលពាក្យបច្ចេកទេសហៅថា Blackmail
- ប្រើប្រាស់ឧបករណ៍រងគ្រោះ ដើម្បីផ្ទុកឯកសារខុសច្បាប់ផ្សេងៗ ដែលឧក្រិដ្ឋជនបានលួចពីជនរងគ្រោះដទៃទៀត លើបណ្ដាញអ៊ីនធឺណិត
- ដាក់ជួល ឬលក់ឧបករណ៍រងគ្រោះ (Botnet) ក្នុងទីផ្សារងងឹត (Darknet market) ឲ្យទៅឧក្រិដ្ឋជនដទៃផ្សេងទៀត
ដើម្បីការពារឧបករណ៍ខាងលើកុំឲ្យក្លាយជា Botnet អ្នកប្រើប្រាស់គួរគប្បីអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖
- ប្រើប្រាស់កម្មវិធីដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ (License) ជៀសវាងទាញយកកម្មវិធី Crack មកប្រើប្រាស់ (កម្មវិធីលើបណ្ដាញអ៊ីនធឺណិត Filesharing បណ្ដាញទំនាក់ទំនងសង្គម ឬប្រព័ន្ធ Torrent)
- ដំឡើង និងប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ (Antivirus / Internet Security Endpoint)
- ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីក្នុងឧបករណ៍បច្ចេកវិទ្យា (Patch)
- ធ្វើការកំណត់ ឬដំឡើងប្រព័ន្ធការពារសន្តិសុខ ដូចជា៖ សិទ្ធិប្រើប្រាស់ (Access Rights) សិទ្ធិបញ្ជា (Remote Access) បើកប្រព័ន្ធអង្កេត និងវិភាគការវាយប្រហារ (IDS/IPS) ដែលមានក្នុងឧបករណ៍ទាំងនោះជាដើម។
COMMENTS