នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នការប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រមានការកើនឡើងយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋកម្ពុជា។ ដោយមើលឃើញព...
នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នការប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រមានការកើនឡើងយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋកម្ពុជា។ ដោយមើលឃើញពីការរីកចម្រើននៃបច្ចេកវិទ្យា ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការបង្ហាញអំពីប្រភេទមេរោគកុំព្យូទ័រ និងវិធីសាស្ត្រចំនួន ១០ ដើម្បីវិភាគរោគសញ្ញាមេរោគទាំងនោះ។
មុននឹងចាប់ផ្ដើមពណ៌នាពីវិធីសាស្ត្រទាំង ១០ ដូចជម្រាបជូនខាងលើ ក្រុមការងារសូមពន្យល់អំពីមេរោគកុំព្យូទ័រជាមុនសិន។ មេរោគកុំព្យូទ័រ (Malware) គឺជាកម្មវិធីដែលបង្កប់នូវ កូដ ដែលមានចេតនាព្យាបាទ ដូចជា៖ បំផ្លាញប្រព័ន្ធដំណើរការ បំផ្លាញទិន្នន័យ ឬចារកម្មព័ត៌មានជាដើម។ មេរោគកុំព្យូទ័រចែកចេញជា ៥ ប្រភេទដូចខាងក្រោម៖
ប្រភេទទី១៖ មេរោគកុំព្យូទ័រ (Computer Virus)៖ ជាប្រភេទមេរោគមានចេតនារំខាន ឬបំផ្លាញឧបករណ៍ កម្មវិធី ឬឯកសារដែលមានក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់។ រាល់ការចម្លង Computer Virus ត្រូវការសកម្មភាពមនុស្សក្នុងការចុចលើ File មេរោគ។
ប្រភេទទី២៖ មេរោគដង្កូវ (Computer Worm) ជាប្រភេទមេរោគដែលអាចចម្លងពីកុំព្យូទ័រមួយ ទៅកាន់កុំព្យូទ័រមួយផ្សេងទៀត ដោយពុំចាំបាច់មនុស្សចុចលើ File មេរោគឡើយ ពោលគឺ វាមានសមត្ថភាពចម្លងដោយស្វ័យប្រវត្តិលើម៉ាស៊ីនកុំព្យូទ័រក្នុងបណ្ដាញ ណេតវើក។
ប្រភេទទី៣៖ មេរោគ ដ្រូជែន (Torjan Horse) ជាប្រភេទមេរោគដែលអាចបម្លែងខ្លួន និងបង្កប់នូវ Backdoor អនុញ្ញាតឲ្យឧក្រិដ្ឋជនធ្វើការបញ្ជាម៉ាស៊ីនកុំព្យូទ័ររងគ្រោះពីចម្ងាយ។ មេរោគប្រភេទនេះបង្កើតឡើងក្នុងចេតនាទាញយកប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីជនរងគ្រោះ ដូចជា៖ លួចព័ត៌មានធនាគារ (Banking trojan) បញ្ជាម៉ាស៊ីនរងគ្រោះក្នុងប្រតិបត្តិការ Spam Mail ឬ DDOS ។ល។
ប្រភេទទី៤៖ មេរោគចារកម្ម (Spyware) ជាប្រភេទមេរោគដែលបង្កប់ខ្លួនក្នុងម៉ាស៊ីនកុំព្យូទ័រយ៉ាងសម្ងាត់ និងព្យាយាមលាក់ខ្លួនពីអ្នកប្រើប្រាស់។ មេរោគនេះនឹងធ្វើចារកម្មព័ត៌មាន ប្រមូលរាល់សកម្មភាពរបស់អ្នកប្រើប្រាស់ និងបញ្ជូនព័ត៌មានទាំងនោះទៅកាន់ឧក្រិដ្ឋជនតាមរយៈបណ្ដាញអ៊ីនធឺណិត។
ប្រភេទទី៥៖ មេរោគជំរិតទារប្រាក់ (Ransomware) ជាប្រភេទមេរោគដែលមាននាទីចាក់សោរាល់ឯកសារក្នុងម៉ាស៊ីនកុំព្យូទ័ររងគ្រោះ និងជំរិតទារប្រាក់ជាថ្នូរនឹងការដោះសោឯកសារទាំងនោះមកវិញ។
១) កម្មវិធី Browser របស់អ្នកលេចឡើងនូវ Extension ថ្មីដែលអ្នកពុំធ្លាប់បានដំឡើង
២) កម្មវិធីកម្ចាត់មេរោគត្រូវបានបិទ (Disable) ឯកឯង
៣) ម៉ាស៊ីនកុំព្យូទ័រដំណើរការយឺតទាំងពេល Boot និងបើកកម្មវិធីផ្សេងៗ
៤) មិត្តរបស់អ្នកទទួលបានសារផ្សេងៗ ពីគណនីអ៊ីមែល ឬគណនីបណ្ដាញសង្គមរបស់អ្នក
៥) អ៊ីនធឺណិតរបស់អ្នកដំណើរការយឺតខុសធម្មតា
៦) កង្ហារម៉ាស៊ីនកុំព្យូទ័ររបស់អ្នកដើរខុសធម្មតា (ឡើងកម្ដៅ និងលាន់លឺសំឡេងខ្លាំង)
៧) កម្មវិធី Browser តែងតែបើកគេហទំព័រផ្សេងៗ (Redirect)
៨) កម្មវិធី Browser តែងតែបង្ហាញផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងៗ (Pop-ups)
៩) ម៉ាស៊ីនកុំព្យូទ័ររបស់អ្នកឧស្សាហ៍គាំង ឬ Error (ឧទាហរណ៍ Blue screen)
១០) ម៉ាស៊ីនកុំព្យូទ័ររបស់អ្នកលេចឡើងនូវផ្ទាំងកម្មវិធីកម្ចាត់មេរោគ ដែលអ្នកពុំធ្លាប់បានដំឡើង (Rogue Antivirus)
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS