មួយរយៈនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំរវល់ខ្លាំងណាស់។ ខ្ញុំរវល់ដល់ថ្នាក់គ្មានពេលសរសេរកំណត់ហេតុ ឬកត់ត្រាចំណូលចំណាយប្រចាំថ្ងៃ...
ដំបូង ខ្ញុំគ្មានបំណងសរសេរពីរឿងផែនការអ្វីនោះទេ តែនិយាយដល់រឿងរវល់ ខ្ញុំក៏នឹកដល់រឿងផែនការដែលត្រូវពន្យារនេះតែម្ដងទៅ។ តាមពិតទៅ ថ្ងៃនេះ ខ្ញុំចង់សរសេរអត្ថបទមួយ ដើម្បីសារភាពកំហុសដោយអចេតនាមួយតែប៉ុណ្ណោះ។ ខ្ញុំនឹកឃើញដល់កាលដែលខ្ញុំសាងផ្នួសរយៈពេលពេលខ្លី...។ «ការសុំទណ្ឌកម្ម» ជាកិច្ចមួយក្នុងព្រះវិន័យ ដែលធ្វើឲ្យខ្ញុំដាក់ចុះនូវមានះ រៀនទទួលស្គាល់កំហុស ហើយប្រកាសទោសខ្លួនឯងឲ្យអ្នកដទៃបានដឹង ដោយលះបង់ចោលនូវមាយាលាក់ពុត និងការអួតអាងទាំងឡាយ។ កិច្ចក្នុងព្រះវិន័យប្រាកដជាមានអត្ថសេចក្ដីដ៏ជ្រាលជ្រៅ តែអ្វីដែលខ្ញុំរៀបរាប់មកនេះ គ្រាន់តែជាការយល់ឃើញច្បោលៗ តាមរយៈការសាងផ្នួសក្នុងរយៈពេលដ៏ខ្លីរបស់ខ្ញុំតែប៉ុណ្ណោះ។
អូ! មុននេះ ខ្ញុំចំណាយពេលអស់ប្រហែលមួយម៉ោង ដើម្បីស្រាវជ្រាវឲ្យបានម៉ត់ចត់ពីពេលវេលាជាក់លាក់ដែលខ្ញុំឈប់ផឹកគ្រឿងស្រវឹង។ យោងតាមការស្រាវជ្រាវយ៉ាងស៊ីជម្រៅពីកំណត់ត្រានិងបញ្ជីស្បែកឆ្កែស្បែកឆ្មាចាស់ៗរបស់ខ្ញុំកន្លងមក បានបង្ហាញថា ខ្ញុំផឹកគ្រឿងស្រវឹងជាលើងចុងក្រោយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ក្នុងពិធីមង្គលការបងស្រីជីដូនមួយរបស់មិត្តខ្ញុំ។ បើតាមខ្ញុំចាំ ចាប់តាំងពីថ្ងៃនោះមក ខ្ញុំមិនដែលផឹកគ្រឿងស្រវឹងទៀតទេ។ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ខ្ញុំបានចូលរួមពិធីមង្គលការរបស់មិត្តខ្ញុំ នៅឯស្រុកកំណើត ដោយមិនផឹកគ្រឿងស្រវឹងសូម្បីតែបន្តិច។ ខ្ញុំចាំថា ពេលមួយនោះ ខ្ញុំបានចូលរួមពិធីមង្គលការមួយនៅស្រុកកំណើតដែរ ដោយកាលនោះខ្ញុំនៅអង្គុយកំដរគេទទួលទានគ្រឿងស្រវឹងអស់មួយព្រឹក តែខ្ញុំមិនចូលរួមផឹងគ្រឿងស្រវឹងជាមួយគេឡើយ។
ឆ្លងតាមរយៈបទពិសោធន៍ដែលបានរៀបរាប់មកនេះ ខ្ញុំគិតថា ដើម្បីចៀសឆ្ងាយពីគ្រឿងស្រវឹង ឬឈប់ភ្លើតភ្លើនជាមួយគ្រឿងស្រវឹង មិនមែនជារឿងលំបាកអ្វីណាស់ណាទៅនោះទេ។ វាអាចអាស្រ័យលើការតាំងចិត្ត មជ្ឈដ្ឋាននៃការរស់នៅ ឬឧបនិស្ស័យដែលធ្លាប់បានសន្សំមក។ ប៉ុន្តែ ខ្ញុំគិតថានៅមានរឿងមួយទៀតដែលពិបាកលើសរឿងគ្រឿងស្រវឹងនេះរាប់រយដងទៀត។
ឥលូវ និយាយឲ្យចូលចំសាច់រឿងដែលចង់និយាយតែម្ដងទៅ។ ជាធម្មតា មេខ្ញុំមកកន្លែងការងារតែពីរ-បីថ្ងៃប៉ុណ្ណោះ ក្នុងមួយខែៗ ដ្បិតអីគាត់រវល់ការងារផ្សេងៗទៀតនៅឯក្រៅប្រទេស។ ព្រឹកមិញនេះ គាត់ត្រឡប់មកវិញម្ដងទៀត នៅម៉ោងប្រហែលជិតដប់។ គាត់មកដល់ភ្លាម បរិយាកាសនៅកន្លែងធ្វើប្រែប្រួលភ្លាម។ គាត់ស្ដីបន្ទោសឲ្យបុគ្គលិកពីរនាក់ផ្សេងទៀត ចាប់ពីពេលដែលគាត់មកដល់រហូតដល់ម៉ោងប្រហែលជាងដប់។ ខ្ញុំអង្គុយយ៉ាងស្ងៀមស្ងាត់ស្ដាប់ចម្រៀងស្ដីបន្ទោសរបស់គាត់ដ៏មហាសែនពីរោះ។ បន្តិចក្រោយមក គាត់មកនិយាយនឹងខ្ញុំ ពីកំហុសក្នុងការងារខ្លះដែលខ្ញុំបានធ្វើ ក្នុងពេលដែលគាត់នៅក្រៅប្រទេស។ គាត់និយាយនឹងខ្ញុំក្នុងចង្វាក់សំឡេងរាងស្រាលៗ ទើបខ្ញុំតបទៅគាត់វិញតាមចង្វាក់ស្រាលៗ ជាមួយនឹងស្នាមញញឹមនិងហេតុផលរបស់ខ្ញុំ។ ស្ដីបន្ទោសឲ្យបុគ្គលិកអស់ចិត្ត គាត់ចាប់ផ្ដើមងាកមកសរសើរខ្ញុំវិញម្ដង។ អ្ហើយ! មិនដឹងសរសើរធ្វើអ្វីទេ ខ្ញុំកំពុងរៀបចំផែនការទៅចោលមេហើយ។ បញ្ចប់គម្រោងឲ្យមេមួយហ្នឹងទៀត ប្រហែលខ្ញុំលាមេហើយ។
ក្រោយទទួលទានអាហារថ្ងៃត្រង់រួច ខ្ញុំឃើញនំ សូកូឡា មួយនៅលើតុរបស់ខ្ញុំ។ ខ្ញុំដឹងយ៉ាងច្បាស់ថា នំនេះមេខ្ញុំទិញយកផ្ញើ ដ្បិតអីគាត់ទិញនេះទិញនោះមកតែរាល់ដងហ្នឹង។ ខ្ញុំទាញនំមក បម្រុងនឹងហែកញ៉ាំ តែខ្ញុំឮសំឡេងមេខ្ញុំនិយាយអ្វីម្យ៉ាង ដូចជាថា "អាកុល" យ៉ាងម៉េចមិនដឹងទេ។ ខ្ញុំក៏បន្តហែកនាំញ៉ាំ ជាប់ដោយអារម្មណ៍ប្រកបដោយមន្ទិលសង្ស័យខ្លះៗ។ ខ្ញុំភ្លក់នំមួយម៉ាត់ រសជាតិដូចជាប្លែងខុសពីរាល់ដង។ មិត្តរួមការងាររបស់ខ្ញុំផ្ដើមនិយាយពីរសជាតិនៃនំ។ ខ្ញុំក៏ដាច់ចិត្តសួរពីគ្រឿងផ្សំនៃនំនោះ។ មេខ្ញុំប្រាប់ថា នំហ្នឹងមានជាតិស្រា ដូចជាស្រា វីស្គី អ៊ីចឹង។ ដឹងច្បាស់បែបហ្នឹងហើយ ខ្ញុំក៏ឈប់ញ៉ាំភ្លាម។ ខ្ញុំប្រាប់ទៅមិត្តរួមការងាររបស់ខ្ញុំថា ខ្ញុំស្រវឹងហើយ។ គ្រប់គ្នា នាំគ្នាសើចលាន់ឮពេញបន្ទប់។ ខ្ញុំនឹកស្ដាយក្នុងចិត្តថា ខ្ញុំមិនគួរញ៉ាំនំនោះទេ។ ខ្ញុំមិនសប្បាយចិត្តសោះ ក្រោយពីញ៉ាំនំ សូកូឡា រសជាតិ វីស្គី នោះមក។ គ្រប់គ្នាគិតតែពីសួរខ្ញុំថា យ៉ាងម៉េចហើយ? ខ្ញុំតែងតែឆ្លើយប្រាប់ពួកគាត់ថា ខ្ញុំមិនអីទេ ទាំងដែលខ្ញុំមិនសប្បាយចិត្តទាល់តែសោះ ហើយបេះដូងខ្ញុំលោតកាន់តែញាប់ឡើង។
អ្ហើយ! មិនគួរសោះ មិនគួរទៅញ៉ាំនំ សូកូឡា រសជាតិ វីស្គី ស្អីហ្នឹងនោះទេ។ ណ្ហើយ! អត្ថបទមួយនេះ ចាត់ទុកថាជាការសារភាពពីកំហុសឆ្គងនៃការធ្វេសប្រហែសរបស់ខ្ញុំក្នុងថ្ងៃនេះទៅចុះ។
ខ្ញុំគិតថា ខ្ញុំនឹងបញ្ចប់អត្ថបទនេះត្រឹមហ្នឹងហើយ។
កម្មជាអកុសលឯណា ដែលខ្ញុំបានប្រព្រឹត្តហើយ សូមបានជាហេតុនៃសេចក្ដីសង្រួមប្រយ័ត្នរបស់ខ្ញុំនិងសព្វសត្វទាំងពួងតទៅ។ ម្យ៉ាងទៀត កម្មជាកុសលឯណាដែលខ្ញុំបានបំពេញហើយ សូមបានជាទីជ្រះថ្លា និងជាចំណែកបុណ្យសម្រាប់ខ្ញុំនិងសព្វសត្វទាំងឡាយ ដើម្បីបានជាឧបនិស្ស័យក្នុងព្រះសាសនា ចាក់ធ្លុះក្នុងធម៌ ត្រាស់ដឹងនូវព្រះនិព្វានឰដ៏អនាគតកាល គ្រប់ៗគ្នា គ្រប់ៗព្រះអង្គទៅហោង។
សូមអនុមោទនា!!!
COMMENTS