ខ្ញុំទើបតែអានសៀវភៅនេះចប់នៅរសៀលនេះ ។ កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំអានសៀវភៅនេះបានពាក់កណ្ដាល ហើយក៏ទុកសៀវភៅនេះចោល ។ ក្រោយព...
ខ្ញុំមិនដឹងថាគួរបរិយាយពីសៀវភៅនេះបែបណានោះទេ ។ និយាយឲ្យត្រង់ទៅ ខ្ញុំគ្មានចំណូលចិត្តប្រើជីវិតរបស់ខ្ញុំដើម្បីសម្ដែងឲ្យអ្នកដទៃស្រលាញ់ចូលចិត្តខ្ញុំនោះទេ ។ ខ្ញុំគ្មានចំណូលចិត្តក្នុងរឿងវិធីសាស្ត្រធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ ដែលការធ្វើនោះមិនមែនជាចរិតលក្ខណៈឬអត្តសញ្ញាណរបស់ខ្ញុំ ។ ផ្ទុយទៅវិញ ខ្ញុំចូលចិត្តប្រើជីវិតងាយៗ និយាយអ្វីធ្វើអ្វីត្រង់ៗ ។ ខ្ញុំមានមិត្តមួយចំនួនដែលចូលចិត្តស្វែងយល់ក្នុងរឿងវិធីសាស្ត្រអស់ទាំងនេះ ។ តែខ្ញុំហាក់មានអារម្មណ៍នឿយណាយ ពេលបានឃើញមិត្តរបស់ខ្ញុំយកវិធីសាស្ត្រដែលគេបានរៀនសូត្រមកអនុវត្តលើរូបខ្ញុំ ។ ខ្ញុំបែរជាគិតថា វិធីសាស្ត្រទាំងនោះគ្មានបានការអ្វីក្នុងការអូសទាញចិត្តរបស់ខ្ញុំទេ ។ ខ្ញុំមានអារម្មណ៍ថា អ្វីៗដែលខ្ញុំបានឃើញបានឮ ហាក់បីដូចជាគ្រាន់តែជាការសម្ដែង; ហើយជីវិតរបស់ខ្ញុំក៏មិនត្រូវការការសម្ដែងដែលមិនមែនជាការពិតចេញពីចិត្តនោះដែរ ។ និយាយឲ្យត្រង់ទៅ និយាយអ្វី ធ្វើអ្វី ចេញពីចិត្តពិតទៅ វាគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ ។
(១៨ មិថុនា ២០២០)
ទោះបីជាខ្ញុំមិនសូវចាប់អារម្មណ៍នឹងវិធីសាស្ត្រអស់ទាំងនោះ តែដល់ពេលបានប្រឡូកក្នុងសង្គមមនុស្សកាន់តែច្រើន ខ្ញុំក៏យល់ថា វាជាការល្អខ្លះដែរ ដែលត្រូវស្វែងយល់ពីរឿងអស់ទាំងហ្នឹង ។
ក្នុងសៀវភៅនេះ អ្នកនិពន្ធបានលើកយកវិធីសាស្ត្រជាច្រើនអមជាមួយភស្តុតាងជាក់ស្ដែង ល្មមអាចយកមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃបាន ។ ការពន្យល់រៀបរាប់ក្នុងសៀវភៅនេះហាក់មានភាពវែងអន្លាយបន្តិច ដ្បិតអ្នកនិពន្ធព្យាយាមដាក់បញ្ចូលនូវរឿងរ៉ាវពិត ដែលបានអនុវត្តប្រកបដោយភាពជោគជ័យរួចហើយ ដើម្បីបានជាឧទាហរណ៍គាំទ្រគំនិតរបស់លោក ។
មែនទែនទៅ យើងក៏មិនអាចមានទស្សនៈអវិជ្ជមានចំពោះវិធីសាស្ត្រនានានៅក្នុងសៀវភៅនេះបានដែរ ព្រោះថា វិធីសាស្ត្រទាំងអស់ក្នុងសៀវភៅនេះ មិនមែនជាវិធីសាស្ត្រនៃការសម្ដែងបោកប្រាស់អ្វីឡើង ។ អ្នកនិពន្ធតែងតែរម្លឹកថា ចូរយកវិធីសាស្ត្រទាំងអស់ទៅអនុវត្តដោយស្មោះសរសុទ្ធចិត្ត ។
ណ្ហើយ! រៀបរាប់ប៉ុណ្ណឹងចុះ... ។
តាមពិត ខ្ញុំហាក់គ្មានអារម្មណ៍អ្វីសរសេរអត្ថបទទេ តែដោយថ្ងៃនេះជាថ្ងៃចុងក្រោយនៃខែមិថុនា; អ៊ីចឹងហើយក៏ខំសរសេរទាំងរវើរវាយ ដើម្បីបានបញ្ចប់អត្ថបទដែលនៅសេសសល់មួយនេះ ។
ខ្ញុំមានបំណងថានឹងមិនអានសៀវភៅបរទេសដែលបកប្រែមកជាភាសាខ្មែរទៀតទេ ។ ខ្ញុំនឹងអានសៀវភៅជាភាសាបរទេសតែម្ដង ដើម្បីបានហ្វឹកហាត់បន្ថែមផ្នែកភាសាបរទេសខ្លះ ។ តែខ្ញុំនៅមានសៀវភៅជាភាសាបរទេសដែលបកប្រែមកជាភាសាខ្មែរមួយក្បាលទៀតដែលមិនទាន់បានអានចប់សព្វគ្រប់ ។ សៀវភៅនោះក៏ជាសៀវភៅដែលជាស្នាដៃរបស់លោក ដេល កានេហ្សី ដែរ ។ ខ្ញុំនឹងបន្តអានសៀវភៅនោះឲ្យបានចប់មួយក្បាលទៀត រួចបែរទៅអនុវត្តដូចអ្វីដែលខ្ញុំបានលើកមកខាងដើម ។
សូមឲ្យប្រិយមិត្តគ្រប់គ្នាទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងខែថ្មីនេះ !
COMMENTS