សួស្ដី! ដូចអ្វីដែលខ្ញុំបាននិយាយនៅក្នុង អត្ថបទមុន កាលពីពេលចូលរួមពិព័រណ៍សៀវភៅ លើកទី ៨; ខ្ញុំមានបំណងចង់ទិញសៀវភៅនេះយកមក...
ដូចអ្វីដែលខ្ញុំបាននិយាយនៅក្នុង អត្ថបទមុន កាលពីពេលចូលរួមពិព័រណ៍សៀវភៅ លើកទី ៨; ខ្ញុំមានបំណងចង់ទិញសៀវភៅនេះយកមកអានតាំងពីឆ្នាំ ២០១៨ ម្ល៉េះ (ពិព័រណ៍សៀវភៅ លើកទី ៧)។
ក្រោយពីទិញបានសៀវភៅនេះហើយ ខ្ញុំបានគ្រោងជាស្រេចតាំងពីចុងឆ្នាំ ២០១៩ ថានឹងចាប់ផ្ដើមការអានសៀវភៅក្នុងឆ្នាំ ២០២០ ដោយសៀវភៅមួយក្បាលនេះ។ ឆ្នាំ ២០២០ នេះ ខ្ញុំបានរៀបចំគម្រោងការថ្មីៗជាច្រើន ដែលមានភាពជាក់លាក់ជាងឆ្នាំមុនៗ។ កាលរៀបចំគម្រោងការដំបូង ខ្ញុំគិតថា ការងារក្នុងឆ្នាំនេះនឹងប្រព្រឹត្តទៅដោយរលូនជាក់ជាមិនខាន ដ្បិតខ្ញុំបានរៀបចំទុកមុនបានយ៉ាងល្អ។ ប៉ុន្តែ ដល់ពេលអនុវត្តគម្រោងការទាំងនោះទើបខ្ញុំដឹងថា គម្រោងការដែលខ្ញុំយល់ថាល្អ ជាក់លាក់នោះ នៅមិនទាន់ល្អគ្រប់គ្រាន់ ដើម្បីយកមកអនុវត្តបានជាផ្លែផ្កាច្រើននោះទេ។
ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះតាំងពីថ្ងៃដំបូងបំផុតនៃឆ្នាំ ២០២០។ មួយរយៈដំបូង ខ្ញុំបានអនុវត្តគម្រោងការរបស់ខ្ញុំបានយ៉ាងល្អ។ ក្រោមមកទៀត ការអនុវត្តរបស់ខ្ញុំកាន់តែរយាលដៃ មិនបានទៀងទាត់ម៉ត់ចត់ដូចពេលដំបូងទេ។ សូម្បីតែការអាននេះ ផ្អាកទុកចោលជាច្រើនលើកច្រើនសា។ បួនខែដំបូងនៃឆ្នាំ ២០២០ នេះ ខ្ញុំអានសៀវភៅនេះដល់ត្រឹមពាក់កណ្ដាល ដែលនេះគឺជាការអានដ៏យឺតយ៉ាវខ្លាំងណាស់។ បើថារវល់ ដូចជាមិនរវល់ប៉ុន្មានទេ! ចុងក្រោយ ខ្ញុំក៏សម្រេចចិត្តរៀបចំកែសម្រួលគម្រោងការរបស់ខ្ញុំសាជាថ្មី ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពជាងមុន។ ខ្ញុំកែសម្រួលគម្រោងការកណ្ដាលទី ប្រៀបដូចជាគណៈរដ្ឋមន្ត្រីនៃប្រទេសយើងដែរ ដែលត្រូវរុះរើពាក់កណ្ដាលអាណត្តិ។ ការកែសម្រួលគម្រោងការនេះ អាចចាត់ទុកថាជាការកែប្រែដ៏ល្អប្រសើរ។ ពីរសប្ដាហ៍ក្រោយពីការរៀបចំកែសម្រួលគម្រោងការ ខ្ញុំក៏បានអានសៀវភៅនេះចប់ (នៅថ្ងៃទី ១៤ ឧសភា ២០២០)។
អានសៀវភៅនេះចប់ហើយ ខ្ញុំមិនបានរៀបចំសរសេរអត្ថបទភ្លាមៗទេ ដោយមានលេសថា ជាប់រវល់ធ្វើនេះធ្វើនោះមិនចប់មិនហើយ។ ដើម្បីរក្សាការអនុវត្តគម្រោងការឲ្យបានជាប់លាប់ ខ្ញុំក៏សម្រេចចិត្តយកសៀវភៅមួយក្បាលទៀតមកអាន។ សៀវភៅថ្មីនេះ ខ្ញុំធ្លាប់បានអានពីមុនដល់ពាក់កណ្ដាលហើយ តែពេលនេះ ខ្ញុំយកវាមកអានសាឡើងវិញម្ដងទៀត។ មកទល់នឹងពេលនេះ ខ្ញុំអានសៀវភៅនេះជិតចប់ហើយ។
ណ្ហើយ! រៀបរាប់វែងឆ្ងាយបន្តិចហើយ ព្រោះខ្ញុំមិនចង់សរសេរអត្ថបទដាច់ដោយឡែកមួយទៀត រៀបរាប់ពីការងារក្នុងខែនេះទេ។ ចាត់ទុកថា អត្ថបទនេះ ខ្ញុំរៀបរាប់ពីការអានសៀវភៅ »ត្រឹមតែពូកែមិនគ្រប់គ្រាន់ទេ» នេះ និងបូកសរុបពីការងារក្នុងខែឧសភា រួមនឹងការងារប៉ុន្មានខែដើមឆ្នាំ ២០២០ នេះទៅចុះ។
អត្ថបទពីមុនៗ ដែលរៀបរាប់ពី សៀវភៅដែលខ្ញុំបានអាន; ភាគច្រើនខ្ញុំមិនសូវបានរៀបរាប់ពីខ្លឹមសារក្នុងសៀវភៅនោះទេ ដោយច្រើនខ្ញុំសរសេររៀបរាប់ជាទម្រង់កំណត់ហេតុផ្ទាល់ខ្លួនប៉ុណ្ណោះ។ ក្នុងឆ្នាំថ្មី ២០២០ នេះ ខ្ញុំមានបំណងថានឹងសរសេរអត្ថបទរៀបរាប់ពីសៀវភៅដែលខ្ញុំបានអាន ជាទម្រង់ អត្ថបទវិវេចនា (Review) វិញ។ តែខ្ញុំដូចជាមិនថ្នឹកសោះ ព្រោះធ្លាប់តែសរសេរជារបៀបកំណត់ហេតុផ្ទាល់ខ្លួនមកយូរហើយ។ ការកែប្រែនេះ ប្រហែលត្រូវចំណាយពេលគិតគូរបន្ថែមទៀត ព្រោះខ្ញុំហាក់នៅមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីសរសេរអត្ថបទបែបហ្នឹងទេ។ អ៊ីចឹង! ទ្រាំអានអត្ថបទជាលក្ខណៈកំណត់ហេតុនេះសិនចុះ។
សម្រាប់ខ្ញុំ ខ្ញុំគិតថា សៀវភៅនេះពិតជាសៀវភៅដ៏ល្អខ្លាំងណាស់។ ខ្ញុំអាចនិយាយបានថា សៀវភៅនេះបានកែប្រែការយល់ឃើញមួយចំនួនរបស់ខ្ញុំចំពោះខ្លួនខ្ញុំ; ដែលនេះជាការបើកបង្ហាញផ្លូវឲ្យខ្ញុំបានអភិវឌ្ឍខ្លួនឲ្យបានកាន់តែប្រសើរឡើង។ ដូចដែលអ្នកនិពន្ធបានបញ្ជាក់ក្នុងសៀវភៅនេះហើយថា សៀវភៅនេះមិនមែនត្រូវបានសរសេរឡើងដើម្បីបដិសេធលើភាពពូកែរបស់មនុស្សជាតិនោះទេ។ ខ្ញុំយល់ស្របជាខ្លាំងជាមួយគំនិតរបស់អ្នកនិពន្ធ ដែលថា ភាពពូកែគឺជារឿងដ៏សំខាន់របស់បុគ្គលម្នាក់ៗ តែបើមានត្រឹមតែភាពពូកែ វាមិនគ្រប់គ្រាន់ទេសម្រាប់មនុស្យម្នាក់ៗ ជាពិសេសក្នុងបរិបទនៃការប្រកួតប្រជែងដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ននេះ។ ក្នុងសៀវភៅនេះ អ្នកនិពន្ធបានលើកឡើងពីលក្ខណសម្បត្តិមួយចំនួនដែលជួយឲ្យយើងអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរឡើងពីមនុស្សដែលមានត្រឹមតែភាពពូកែ ទៅជាមនុស្សខ្លាំងហួសពីភាពពូកែ។ លក្ខណសម្បត្តិដ៏សំខាន់ទាំងនោះមានដូចជា ការជឿជាក់, ការជក់ចិត្ត, ការចាប់ផ្ដើមធ្វើ, ការមានគោលដៅ, ការត្រៀមខ្លួន, ការហ្វឹកហាត់, ការមិនចុះញ៉ម, សេចក្ដីក្លាហាន, ការស្វះស្វែងរៀនសូត្រ, អត្តចរិតល្អ, សម្ពន្ធភាពជាមួយអ្នកដទៃ, ការទទួលខុសត្រូវ, និងការធ្វើការងារជាក្រុម។ ក្នុងសៀវភៅនេះ អ្នកនិពន្ធបានព្យាយាមដាក់បញ្ចូលនូវរឿងពិតជាក់ស្ដែងជាច្រើន ដើម្បីគាំទ្រគំនិតរបស់លោកអំពីលក្ខណសម្បត្តិទាំងនោះ។ របៀបរបបក្នុងការសរសេរសៀវភៅនេះ មានភាពស្រដៀងគ្នាទៅនឹងសៀវភៅរបស់អ្នកនិពន្ធ ដេល កានេហ្សី (Dale Canrnegie) និងអ្នកនិពន្ធបស្ចិមប្រទេសផ្សេងៗទៀតដែរ; ដោយអ្នកនិពន្ធបានដាក់បញ្ចូលនូវរឿងរ៉ាវផ្សេងៗ រៀបរាប់វែងអន្លាយ ដើម្បីធ្វើជាឧទាហរណ៍គាំទ្រគំនិតរបស់ខ្លួន។ លើសពីនេះទៀត សៀវភៅនេះបានផ្ដោតសំខាន់ទៅលើការអនុវត្ត។ ជាក់ស្ដែង អ្នកនិពន្ធបានបញ្ចប់ការពណ៌នាពីលក្ខណសម្បត្តិទាំងនោះ ដោយដាក់បញ្ចូលនូវលំនាំហ្វឹកហាត់សម្រាប់អ្នកអាន ដើម្បីយកទៅអនុវត្ត ក៏ដូចជាយកទៅអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាបុគ្គលខ្លាំងហួសពីភាពពូកែ។
រៀបរាប់ប៉ុណ្ណឹងចុះ!
បើមានការចាប់អារម្មណ៍លើសៀវភៅនេះ សូមរកទិញអានដោយខ្លួនឯងចុះ។ ខ្ញុំសូមធានាថា សៀវភៅនេះពិតជាល្អខ្លាំងណាស់។
រាត្រីសួស្ដី!
COMMENTS