ខ្ញុំទើបតែអានសៀវភៅនេះចប់នៅល្ងាចនេះ ។ ទេ ! បើថាអានចប់ក៏មិនត្រូវដែរ ព្រោះសន្លឹកចុងក្រោយនៃសៀវភៅនេះ ជាសន្លឹកទទេស្អាត គ្ម...
អូ ! ខ្ញុំសូមបញ្ជាក់បន្តិច... ។ សៀវភៅរបស់លោក ដេល ខាណិជី ភាគច្រើនជាសៀវភៅដែលល្បី ហើយត្រូវបានបកប្រែជាច្រើនភាសា ។ ការបកប្រែជាភាសាខ្មែរទៀតសោតក៏មានផ្សេង ៗ ហើយសៀវភៅដែលខ្ញុំបានអាននេះ ជាសៀវភៅដែលប្រែសម្រួលដោយលោក អ៊ុន-ទឹម ។ តាមដែលខ្ញុំបានដឹង គ្រឹះស្ថានបោះពុម្ពផ្សាយ ម៉ាញប៊ុក្ស ក៏បានប្រែសម្រួលសៀវភៅនេះមកជាភាសាខ្មែរដែរ ហើយដាក់ចំណងជើងថា "យកឈ្នះក្ដីទុក្ខ សាងជីវិតស្រស់បំព្រង" ។
ខ្ញុំចាំថា ខ្ញុំបានស្គាល់សៀវភៅនេះជាលើកដំបូងតាមរយៈលោកគ្រូរបស់ខ្ញុំ ។ លោកជាគ្រូបង្រៀនរបស់ខ្ញុំកាលនៅថ្នាក់វិទ្យាល័យ ។ ប៉ុន្មានឆ្នាំមុន វាជាពេលវេលាដែលខ្ញុំឈានជើងមកផ្ញើវាសនាលើដីក្រុង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ។ ខ្ញុំស្ទើរតែភ្លេចទៅហើយថា កាលនោះខ្ញុំបានជួបនឹងរឿងទុក្ខសោកបែបណា ទើបបានជាខ្ញុំបង្ហោះសារជាអក្សរបង្ហាញពីអារម្មណ៍នៅលើបណ្ដាញសង្គម រហូតលោកគ្រូខ្ញុំបានឃើញបែបហ្នឹង... ។ ក្រោយពីទទួលបានការណែនាំឲ្យអានសៀវភៅនេះពីលោកគ្រូរបស់ខ្ញុំ ខ្ញុំមិនបានទិញសៀវភៅនេះមកអានភ្លាម ៗ នោះទេ ។ នៅថ្ងៃមួយនោះ ខ្ញុំបានទៅរកទិញសៀវភៅក្នុងតូបលក់សៀវភៅមួយកន្លែងនៅម្ដុំ ទួលស្លែង ហើយខ្ញុំក៏បានឃើញសៀវភៅនេះដោយចៃដន្យ; វាមានសភាពចាស់ខ្លាំងណាស់ ទំនងសៀវភៅនេះត្រូវបានទុកចោល ដោយគ្មាននរណាដែលចាប់អារម្មណ៍ឡើយ ។ ដំបូង ខ្ញុំក៏មិនចង់ទិញសៀវភៅនេះយកមកអានដែរ ដ្បិតវាមានសភាពចាស់ពេក តែនឹកឃើញដល់ការណែនាំរបស់លោកគ្រូខ្ញុំ ខ្ញុំក៏សម្រេចទិញសៀវភៅនេះតែម្ដងទៅ ។ ទិញសៀវភៅនេះមកហើយ ខ្ញុំអានបានតែបន្តិចក៏ទុកចោលទៅ ។
តើខ្ញុំកំពុងមានទុក្ខកង្វល់អ្វីទៀតហើយមែនទេ បានជាខ្ញុំយកសៀវភៅនេះមកអាន ? សុខនិងទុក្ខជារឿងធម្មតារបស់ជីវិត ។ តែបើថា ខ្ញុំយកសៀវភៅនេះមកអានដើម្បីរកវិធីបំបាត់ទុក្ខក៏មិនមែនដែរ ព្រោះថា ពេលនេះគ្មានទុក្ខសោកអ្វីធំដុំទេសម្រាប់ជីវិតរបស់ខ្ញុំ ។ តាមពិត ប៉ុន្មានខែចុងក្រោយនេះ ខ្ញុំបានយកសៀវភៅចាស់ ៗ ដែលមិនទាន់បានអានចប់សព្វគ្រប់ យកមកអានឡើងវិញ (ខ្ញុំធ្លាប់អានសៀវភៅនេះខ្លះដែរ កាលពីខែសីហា ឆ្នាំ២០១៥) ។ ក្រោយពីបញ្ចប់ការអានសៀវភៅនេះ នៅមានសៀវភៅមួយចំនួនទៀតដែលខ្ញុំបានអានដោយមិនទាន់បានចប់សព្វគ្រប់ ។ ប៉ុន្តែ ខ្ញុំហាក់ចង់ប្ដូររសជាតិមកអានសៀវភៅតាមរយៈ Kindle វិញម្ដង ព្រោះខ្ញុំទើបទិញវាកាលពីថ្ងៃទី ២០ ខែកក្កដា កន្លងទៅនេះ ។ ខ្ញុំប្រហែលត្រូវប្ដូរទៅអានសៀវភៅតាមរយៈ Kindle ហើយទុកសៀវភៅដែលនៅសល់ទាំងនោះចោលមួយគ្រាសិនហើយ ។
ខ្ញុំសូមបញ្ចេញយោបល់ទាក់ទងនឹងការបកប្រែសៀវភៅនេះបន្តិចទៅចុះ ។ តាមរយៈអ្វីដែលខ្ញុំបានអាន ខ្ញុំគិតថា ការបកប្រែនេះនៅមិនទាន់បានល្អទេ ។ ខ្ញុំនៅមិនទាន់បានអានសៀវភៅដែលប្រែសម្រួលដោយគ្រឹះស្ថានបោះពុម្ពផ្សាយ ម៉ាញប៊ុក្ស ទេ តែខ្ញុំយល់ថា ប្រហែលសៀវភៅដែលប្រែសម្រួលដោយគ្រឹះស្ថានបោះពុម្ពផ្សាយ ម៉ាញប៊ុក្ស មានលក្ខណៈល្អប្រសើរជាងនេះ ដ្បិតអីខ្ញុំធ្លាប់បានអានសៀវភៅប្រែសម្រួលផ្សេងទៀតដែលជាស្នាដៃដើមរបស់លោក ដេល កានេហ្សី ពីគ្រឹះស្ថានបោះពុម្ពផ្សាយ ម៉ាញប៊ុក្ស ដែរ; ខ្ញុំសង្កេតឃើញថា ការបកប្រែនោះមានលក្ខណៈល្អប្រសើរអាចទទួលយកបាន ។
ណ្ហើយ ! រៀបរាប់ប៉ុណ្ណឹងចុះ... !
រាត្រីសួស្ដី !
COMMENTS