បុរសម្នាក់កំពុងដុសខាត់ឡានថ្មីរបស់គាត់។ រំពេចនោះ កូនស្រីអាយុ ៤ ឆ្នាំរបស់គាត់បានរើសដុំថ្ម ហើយកោសនៅចំហៀងឡាន។ ដោយសេចក្ដីខឹង...
បុរសម្នាក់កំពុងដុសខាត់ឡានថ្មីរបស់គាត់។ រំពេចនោះ កូនស្រីអាយុ ៤ ឆ្នាំរបស់គាត់បានរើសដុំថ្ម ហើយកោសនៅចំហៀងឡាន។ ដោយសេចក្ដីខឹងក្រោធ បុរសដែលពោរពេញដោយកំហឹងបានទាញដៃកូនស្រីរបស់គាត់ ហើយវាយជាច្រើនដង ដោយមិនបានចាប់អារម្មណ៍ទេថា គាត់បានប្រើម៉ាឡេតវាយលើដៃកូនរបស់គាត់។ ពេលបញ្ជូននាងដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់គាត់ថា កូនស្រីរបស់គាត់បានបាត់បង់ម្រាមដៃទាំងអស់ ដោយសារតែឆ្អឹងម្រាមដៃរបស់នាងត្រូវបានបាក់ជាច្រើនកំណាត់ពេក។
នៅពេលដែលក្មេងស្រីបានជួបឪពុករបស់នាង នាងបានសួរទៅកាន់ឪពុករបស់នាងថា “ប៉ា! តើពេលណាទើបម្រាមដៃរបស់កូនដុះឡើងវិញ?”។ បុរសនោះមានការឈឺចាប់ក្នុងចិត្តជាខ្លាំង រកនិយាយអ្វីតបនឹងកូនស្រីរបស់គាត់មិនកើតឡើយ។ គាត់បានត្រឡប់ទៅកន្លែងដាក់ឡានរបស់គាត់ ហើយទាត់ឡាននោះជាច្រើនជើង។ ជាមួយការសោកស្ដាយនូវកំហុសរបស់ខ្លួន គាត់បានអង្គុយនៅមុខឡានរបស់គាត់ ហើយមើលទៅស្នាមកោសលើឡាននោះ; តាមពិត កូនស្រីរបស់គាត់បានសរសេរថា “កូនស្រឡាញ់ប៉ា”។
គំនិតអប់រំ៖ ចូរចងចាំថា សេចក្ដីខឹងក្រោធ និង សេចក្ដីស្រឡាញ់ គ្មានព្រំដែនទេ។ សូមចាំជានិច្ចថា “វត្ថុ គឺសម្រាប់ឲ្យគេប្រើប្រាស់ ហើយ មនុស្ស គឺសម្រាប់ឲ្យគេស្រឡាញ់”។ ប៉ុន្តែ បញ្ហានៅក្នុងលោកនាពេលបច្ចុប្បន្ននេះគឺថា “មនុស្ស ត្រូវបានគេប្រើប្រាស់ ហើយ វត្ថុ ត្រូវបានគេស្រឡាញ់”។
ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេសដោយ ហេង-រង្សី (ផលព្រឹក្ស)
រូបភាព៖ Vlad Alexandru Popa | © Pexels
© រក្សាសិទ្ធិគ្រប់យ៉ាង
COMMENTS