ធម្មទាននៃការរៀនពាក្យខ្មែរ ជជុះ? នៅចុងទសវត្សរ៍១៩៨០ យើងឃើញមានការនាំចូលមកសម្លៀកបំពាក់ជំនំ ដែលគេប្រើរួចនៅបរទេស ហើយត្រូវបាន...
ជជុះ?
នៅចុងទសវត្សរ៍១៩៨០ យើងឃើញមានការនាំចូលមកសម្លៀកបំពាក់ជំនំ ដែលគេប្រើរួចនៅបរទេស ហើយត្រូវបានច្រកក្នុងការុង ហើយញាត់សង្កត់យ៉ាងណែន។
អ្នកលក់រាយបានកាត់ខ្សែចំណងរុំព័ទ្ធការុងចេញ រួចគេទាញយកខោអាវប្រើរួចទាំងនោះ ហើយជជុះវាឲ្យរលាត្រង់ឡើងវិញ។
ដោយសារការជជុះរលាស់ខោអាវជំនំបែបនេះ គេក៏នាំគ្នាហៅ ខោអាវដែលប្រើរួចទាំងនោះថា “ខោអាវជជុះ”!
ម្យ៉ាងដែរ យើងស្ដាប់ពាក្យនេះទៅ ក៏ដូចជាអាចយល់បាន ប៉ុន្តែក្រោយមក គេក៏បានយកពាក្យ "ខោអាវជជុះ" នេះ ទៅសរសេរជំនួសឲ្យពាក្យ "ខោអាវជំនំ" ដែលខ្មែរមានប្រើស្រាប់រួចទៅហើយនោះ...
ក្រោយមក គេបាននាំចូលម៉ូតូជំនំ ដែលត្រូវបានប្រើរួចពីបរទេសទៀត ហើយគេក៏ហៅថា “ម៉ូតូជជុះ” ទៀត ទោះបីជាគេមិនបានរលាស់ជជុះម៉ូតូនោះក៏ដោយ ដ្បិតក្នុងចិត្តរបស់គេ ពាក្យ “ជជុះ”នេះ វាមានន័យថា “ប្រើរួចម្ដងហើយ”...
ក្រោយមកទៀត សូម្បីតែ “ឡាន” ដែលប្រើរួចហើយត្រូវបាននាំចូល ក៏គេហៅថា “ឡានជជុះ” ដែរ។
យើងគួរប្រើថា ខោអាវជំនំ ម៉ូតូជំនំ ឡានជំនំ វិញ
ទើបវាត្រឹមត្រូវ ដ្បិតបើយើងនៅតែបន្តប្រើដោយខុស នោះជនបរទេសដែលរៀនចេះភាសាខ្មែរ ប្រាកដជាពួកគេយល់មិនបានឡើយ...
សូមមេត្តាពិនិត្យមើលនូវអត្ថន័យនៃពាក្យទាំងពីរ នៅខាងក្រោមនេះ៖
ជជុះ
កិរិយាសព្ទ
រលាស់ឲ្យជ្រុះ, រំសោះរលាក់ទង្គិចជម្រុះ
ជជុះចំបើង, ជជុះសំពត់ ។
ជំនំ
គុណសព្ទ
ដែលទើបនឹងប្រើប្រាស់ទក់សាច់បន្តិចបន្តួច, ដែលស្ទើរថ្មីស្ទើរចាស់
សំពត់ជំនំ ។
ឯកសារយោង៖ វចនានុក្រមរបស់សម្ដេចសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
COMMENTS