រយៈពេលស្ទើរពេញមួយខែនៃខែមីនាកន្លងទៅនេះ ជាពេលវេលាមួយដ៏ជូរចត់។ នៅដើមខែមីនា (០៥ មីនា ២០២១) ខ្ញុំមានជំងឺប្រព័ន្ធរំលាយអាហារ...
នៅចុងសប្ដាហ៍ទី៤ នៃខែមីនា (២៧ មីនា ២០២១) និងចុងសប្ដាហ៍ទី១ នៃខែមេសា (០២ មេសា ២០២១) រឿងដ៏រំជើបរំជួលផ្ទួនៗគ្នានៅស្ថាប័នដែលខ្ញុំបំពេញការងារ បានកើតឡើង (មិនអាចរៀបរាប់នៅទីនេះបាន)។
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចាប់ផ្ដើមនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ នៅស្ថាប័នដែលខ្ញុំបំពេញការងារ បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងនេះ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ក្នុងនោះដែរ ខ្ញុំនិងមិត្តរួមការងារត្រូវបានបញ្ចូលឈ្មោះឲ្យទទួលការចាក់វ៉ាក់សាំងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះអង្គឌួង វេលាម៉ោង ០៩:៣០ នាទីព្រឹក។
ខ្ញុំធ្វើដំណើរចាកចេញពីផ្ទះនៅម៉ោងប្រហែល ៨។ ខ្ញុំជិះម៉ូតក្រោមអាកាសធាតុអាប់អួដោយតំណក់ទឹកភ្លៀងរ៉ុយៗ ប្រហែលកន្លះម៉ោង ទើបទៅដល់គោលដៅ។ ពេលទៅដល់ផ្លូវកែងមន្ទីរពេទ្យ លោកពូម្នាក់ដែលឈរនៅលើចិញ្ចើមផ្លូវបានស្រែកហៅខ្ញុំ។ ខ្ញុំប្រញាប់ប្រញាល់បកក្រោយ ហើយនិយាយប្រាប់គាត់ថា ខ្ញុំមកចាក់វ៉ាក់សាំង។ គាត់ប្រាប់ខ្ញុំឲ្យយកម៉ូតូទៅផ្ញើនៅខាងមុខ ហើយគាត់បន្តមថា ផ្ញើនៅក្រៅហ្នឹងហើយ ស្រណុកចេញមកវិញ។ ក្រោយពីយកម៉ូតូទៅផ្ញើរួច ខ្ញុំម្នីម្នាដើរសំដៅច្រកចូលមន្ទីរពេទ្យ។ មកដល់ទីនេះ គេតម្រូវឲ្យវាស់កម្ដៅជាមួយម៉ាស៊ីនស្វ័យប្រវត្តិ រួចគេបោះត្រាខ្វែងជើងក្អែកលើដៃ ហើយទើបគេអនុញ្ញាតឲ្យចូលទៅខាងក្នុង។ ខ្ញុំបានជួបមិត្តរួមការងារខ្ញុំពីរនាក់ដែលកំពុងស្វែងរកបន្ទប់ចាក់វ៉ាក់សាំង។ យើងនាំគ្នាឡើងទៅជាន់ទី១ ដើម្បីជួបមិត្តរួមការងារផ្នែកសម្របសម្រួល; ហើយមួយសន្ទុះក្រោយមក យើងឡើងទៅជាន់ទី៣ រង់ចាំស្ដាប់ឈ្មោះចាក់វ៉ាក់សាំង។ ជាគោលការណ៍ណែនាំពីថ្នាក់ដឹកនាំ ការចាក់វ៉ាក់សាំងនេះត្រូវអនុវត្តតាមលំដាប់លំដោយនៃបញ្ជីឈ្មោះដែលបានកំណត់។ ដោយមានការសម្របសម្រួលពីមិត្តរួមការងារដែលបំពេញការងារជាអ្នកសម្របសម្រួលនៅទីនោះស្រាប់ ពួកយើងត្រូវបានអនុញ្ញាតឲ្យចូលក្នុងបន្ទប់ចាក់ចាក់សាំង ក្រោយពីឈររង់ចាំប្រហែល ១៥ នាទី។ មកដល់ទីនេះ គេតម្រូវឲ្យអង្គុយរង់ចាំជួបប្រឹក្សាជាមួយគ្រូពេទ្យពីបញ្ហាសុខភាពជាមុនសិន មុនពេលដែលត្រូវអនុញ្ញាតឲ្យទទួលការចាក់វ៉ាក់សាំង។ ខ្ញុំរៀបរាប់ពីស្ថានភាពសុខភាពប្រាប់គ្រូពេទ្យ ហើយបន្តទៅជួបគ្រូពេទ្យមួយក្រុមទៀត ផ្ទៀងផ្ទាត់ឯកសារជាមួយអត្តសញ្ញាណប័ណ្ណ ដើម្បីទទួលបានកាតចាក់វ៉ាក់សាំង។ បន្ទាប់មក ខ្ញុំត្រូវអង្គុយចាំតាមលេខរៀង ដើម្បីទទួលការចាក់វ៉ាក់សាំងពីគ្រូពេទ្យ។ អ្នកគ្រូពេទ្យដែលមាននាទីផ្ដល់ការចាក់វ៉ាក់សាំង មានពីររូប; ម្នាក់នៅក្បែរជញ្ជាំងខាងកើត និងម្នាក់ទៀតនៅអែបខាងលិចនោះបន្តិច។ អ្នកដែលត្រូវទទួលការចាក់វ៉ាក់សាំង បានរំកិលទៅមុខម្ដងបន្តិចៗ រហូតដល់វេនខ្ញុំ។ ខ្ញុំហាក់មានអារម្មណ៍កាន់តែភ័យឡើង ទាល់តែអ្នកនៅខាងក្រោយខ្ញុំប្រាប់ខ្ញុំដើរចូលទៅ ទើបខ្ញុំស្ទុះស្ទាដើរទៅអង្គុយលើកៅអីចាក់វ៉ាក់សាំង។ អ្នកគ្រូពេទ្យបានប្រាប់ឲ្យខ្ញុំទុកកាតលើតុសិន។ ខ្ញុំបានធ្វើតាមអ្វីដែលគ្រូពេទ្យប្រាប់ រួចយកដៃស្ដាំដាក់លើភ្លៅ ជាមួយនឹងអាការៈញាក់ញ័រតិចៗ។ អ្នកគ្រូពេទ្យយកសំឡីអាល់កុលជូតលើដៃខ្ញុំ ហើយចាក់ម្ជុលវ៉ាក់សាំងយ៉ាងថ្នមៗ ហើយបែរមកសួរខ្ញុំជាមួយសំឡេងដ៏សែនស្រទន់ថា ម៉េចញ័រអ៊ីចឹង? ខ្ញុំក៏ឆ្លើយប្រាប់អ្នកគ្រូពេទ្យដោយស្មោះត្រង់ថា ខ្ញុំដូចជាភ័យតិចៗ! រួចខ្ញុំដកដង្ហើមវែងចូលតាមមាត់ ដើម្បីបន្លប់ការភ័យខ្លាច។ អ្នកគ្រូពេទ្យឃើញបែបនេះ ក៏បន្តសួរខ្ញុំដោយវាចាដ៏ផ្អែមល្ហែមថា ឈឺខ្លាំងមែន? ខ្ញុំតបនឹងអ្នកគ្រូពេទ្យវិញភ្លាមថា អត់ឈឺទេ តែខ្ញុំដូចជាភ័យតិចៗ។ រវល់តែនិយាយ អ្នកគ្រូពេទ្យបានចាក់វ៉ាក់សាំងឲ្យខ្ញុំរួចបាត់ ទាំងដែលខ្ញុំហាក់មិនបានដឹងខ្លួនបន្តិចសោះ។ ខ្ញុំយកដៃឆ្វេងទប់សំឡី ហើយអ្នកគ្រូពេទ្យបានយកបង់ (Bandage) មកបិទលើកន្លែងចាក់វ៉ាក់សាំងយ៉ាងថ្នមៗ ជាមួយនឹងពាក្យសម្ដីលួងលោមដ៏ស្រទន់ថា កុំភ័យ... ភ័យធ្វើអី ចាក់រួចហើយតើ! រួចអ្នកគ្រូពេទ្យយកសំឡីពីដៃខ្ញុំ ហើយប្រាប់ឲ្យខ្ញុំរកកន្លែងអង្គុយសម្រាកសិន។
អតីតមិត្តរួមការងារខ្ញុំម្នាក់ បានសួរខ្ញុំអំពីការចាក់វ៉ាក់សាំងនេះថាតើ វាឈឺឬទេ? ជាបទពិសោធន៍ក្នុងការចាក់វ៉ាក់សាំងលើកនេះ ខ្ញុំអាចនិយាយបានថា ការចាក់វ៉ាក់សាំងនេះ អត់ឈឺអ្វីនោះទេ។ អ្នកគ្រូពេទ្យមានបច្ចេកទេសចាក់ថ្នាំល្អណាស់។ គាត់ចាក់ដោយថ្នមៗ គ្មានដឹងឈឺអ្វីបន្តិចទេ។ ចំពោះបញ្ហាឈឺឬមិនឈឺ ខ្ញុំយល់ថា វាអាស្រ័យលើបច្ចេកទេសរបស់គ្រូពេទ្យ និងអារម្មណ៍របស់ខ្លួនយើងផងដែរ។ ខ្ញុំបានសាកសួរទៅមិត្តរួមការងាររបស់ខ្ញុំខ្លះដែលបានមកទទួលការចាក់វ៉ាក់សាំងជាមួយគ្នា អ្នកខ្លះគាត់ថា ឈឺ; អ្នកខ្លះទៀតគាត់ថា មិនឈឺនោះទេ។ ជាការសន្និដ្ឋានរបស់ខ្ញុំ បច្ចេកទេសរបស់គ្រូពេទ្យជារឿងមួយ ហើយអារម្មណ៍របស់យើងជារឿងមួយទៀត ដែលបង្កឲ្យមានការឈឺចាប់ក្នុងការចាក់វ៉ាក់សាំងនេះ។ គ្រូពេទ្យខ្លះមានបច្ចេកទេសល្អ ហើយគ្រូពេទ្យខ្លះទៀតក៏មិនសូវមានបច្ចេកទេសក្នុងការចាក់ថ្នាំដែរ។ ពេលខ្លះ អារម្មណ៍របស់យើងផ្ទាល់ជាកត្តាដែលបង្កផលរំខាន ជះឥទ្ធិពលដល់គ្រូពេទ្យ ក្នុងការចាក់ថ្នាំផងដែរ។
រៀបរាប់ប៉ុណ្ណឹងចុះ!
តែចុងក្រោយនេះ សូមឆ្លៀតឱកាសអរគុណថ្នាក់ដឹកនាំ និងក្រុមការងារដែលបានជួយសម្របសម្រួលក្នុងកិច្ចការចាក់វ៉ាក់សាំងនេះ។ ជាពិសេសទៀតនោះ អរគុណអ្នកគ្រូពេទ្យដែលបានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ ផ្ដល់ឲ្យខ្ញុំនូវភាពកក់ក្ដៅប្រកបដោយភាតរភាព។
សូមចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល បន្តអនុវត្តតាមវិធានការ ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា។
COMMENTS