ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅមិនទាន់បិទបញ្ចប់នៅឡើយទេ។ ថ្វីត្បិតតែមានការប្រកាសបើកឲ...
រយៈពេលបួនខែកន្លងមកនេះ ជាពេលវេលាដ៏ជូរចត់មួយ; ជាពិសេស កំលុងពេលចុងក្រោយនៃការឆ្លងរីករាលដាលយ៉ាងគំហុកក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលឈានដល់មានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ និងការដាក់ចេញនូវវិធានការបន្ទាន់នានាជាបន្តបន្ទាប់។
ក្នុងកាលៈទេសៈដ៏លំបាក ខ្ញុំហាក់មានពេលវេលាទំនេរច្រើន; តែសមិទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានខែនៃដើមឆ្នាំ ២០២១ នេះ មានតិចតួចខ្លាំងណាស់។
កាលពីចុងឆ្នាំ ២០២០ ខ្ញុំមិនបានរៀបចំគម្រោងផែនការអ្វីសម្រាប់ឆ្នាំ ២០២១ នោះទេ។ ចុងឆ្នាំ ២០២០ (០៣ វិច្ឆិកា ២០២០) ដល់ដើមឆ្នាំ ២០២១ (២០ មករា ២០២១) គឺជាពេលវេលានៃការប្រយុទ្ធដ៏ស្វិតស្វាញ ប្រកបដោយឆន្ទៈដ៏មោះមុតជាទីបំផុត។
នៅថ្ងៃទី ២៨ ខែមករា ខ្ញុំបានចូលរួមក្នុងពិធីបុណ្យ មាឃបូជា នៅវត្តនិគ្រោធវ័ន (គល់ទទឹង)។ មនុស្សម្នាជាច្រើនបានចូលរួមក្នុងពិធីបុណ្យ មាឃបូជា ដ្បិតការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ មានតិចតួច។ ជានិស្ស័យចៃដន្យ ក្នុងពេលស្វាធ្យាយធម៌នមស្សការគុណព្រះរតនត្រ័យប្រទក្សិណជុំវិញព្រះត្រៃរតនចេតិយ ខ្ញុំបានទទួលផ្កាឈូកមួយទងពីដូនចាស់ម្នាក់ ដើម្បីយកទៅបូជាព្រះ។ ដោយរវល់ស្វាធ្យាយធម៌បន្ត ខ្ញុំមិនបាននិយាយប្រាស្រ័យអ្វីនឹងដូនចាស់ទេ ត្រឹមតែដឹងថា ដូនចាស់មកចូលរួមពិធីបុណ្យ មាឃបូជា នេះ ជាមួយចៅស្រី។ ទម្រាំស្វាធ្យាយចប់ ក៏បែកផ្លូវគ្នាទៅហើយ ព្រោះមានមនុស្សច្រើន ហើយម្យ៉ាងទៀតក៏មិនបានឃើញមុខដូនចាស់ច្បាស់ ព្រោះកំលុងពេលនោះម្នាក់ៗត្រូវបន្តអនុវត្តវិធានសុខាភិបាល ដោយត្រូវពាក់ម៉ាស ដើម្បីការពារពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ រឿងនេះ ធ្វើឲ្យខ្ញុំនឹងដល់ពេលដែលខ្ញុំចូលរួមក្នុងពិធីបុណ្យ ទេសនាមហាជាតក កាលពីខែតុលា ឆ្នាំ ២០១៨។ កាលនោះ ខ្ញុំក៏ទទួលបានផ្កាឈូកមួយទងពីបងស្រីម្នាក់ដែរ ក្នុងពេលស្វាធ្យាយធម៌នមស្សការគុណព្រះរតនត្រ័យប្រទក្សិណជុំវិញព្រះត្រៃរតនចេតិយ។
ខែកុម្ភៈ គឺជាកំណើតនៃព្រឹត្តិការណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាថ្មីម្ដងទៀត ដែលជាការរីករាលដាលឆ្លងដ៏ខ្លាំងក្លារហូតមកទល់នឹងពេលនេះ។ កំលុងពេលនេះ ខ្ញុំបានចំណាយពេលរៀបចំ កាលប្បវត្តិ ផ្ទាល់ខ្លួន និងរៀបចំកាលវិភាគសម្រាប់អនុវត្តក្នុងខែមីនា។
ក្នុងខែមីនា ខ្ញុំបានចំណាយពេលច្រើនលើការទស្សនាវីដេអូទេសចរណ៍។ ខ្ញុំហាក់មានអារម្មណ៍ប្លែក ពោលគឺខ្ញុំចាប់អារម្មណ៍ជាខ្លាំងក្នុងដំណើរកម្សាន្ត និងការផ្សងព្រេងផ្សេងៗ។ បន្ទាប់ពីការដើរកម្សាន្តតាមរយៈវីដេអូផ្សព្វផ្សាយពីតំបន់ទេសចរណ៍ទាំងនោះ ជាអកុសល ខ្ញុំមានបញ្ហាសុខភាពផ្នែកក្រពះពោះវៀន ហើយត្រូវសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត អស់រយៈពេលមួយសប្ដាហ៍។ កាលវិភាគដែលបានរៀបចំ ក៏ត្រូវទុកចោល មិនបានអនុវត្តអ្វីឡើយ។ ក្រោយចេញពីមន្ទីរពេទ្យ ខ្ញុំបានប្រមូលរៀបចំកម្រងទស្សនៈផ្ទាល់ខ្លួននានា និងកែសម្រួលកាលវិភាគសម្រាប់ខែមេសា។
កាលវិភាគសម្រាប់ខែមេសាបានរៀបចំរួចរាល់ តែខ្ញុំសម្រេចចិត្តលើកទៅអនុវត្តក្នុងខែបន្ទាប់ ដ្បិតក្នុងខែនេះត្រូវទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (លេស)។ ក្នុងខែនេះ ខ្ញុំបានចំណាយពេលសិក្សាស្វែងយល់ពីចំណេះដឹងទាក់ទងនឹងបញ្ហាផ្លូវចិត្ត។ លើសពីនេះទៀត ខ្ញុំបានចំណាយពេលច្រើន ដើម្បីទស្សនាខ្សែភាពយន្តខ្មែរពីដើម និងរឿងខ្លីៗ (Short Film)។ ខ្ញុំហាក់ចាប់អារម្មណ៍ជាខ្លាំងលើវីដេអូរឿងប្រភេទខ្លីៗ។ ខ្ញុំនៅបានចំណាយពេលស្វែងយល់ពីការផលិតខ្សែភាពយន្តទៀតផង។ អូ! នៅមានរឿងមួយទៀត គឺនៅចុងខែមេសានេះ ខ្ញុំបានស្គាល់បណ្ដាញសង្គមថ្មីមួយតាមរយៈបងស្រី Sotheavy AT ហើយបានចូលរួមក្នុងបណ្ដាញនេះដោយមានការសម្របសម្រួល (Nominated) ពីបងប្រុស Sophat CHY។ បណ្ដាញនេះមានឈ្មោះថា Clubhouse ដែលជាបណ្ដាញសង្គមថ្មីមួយអាចឲ្យអ្នកប្រើប្រាស់ធ្វើទំនាក់ទំនងគ្នាតាមរយៈសំឡេង។
សម្រាប់ខែឧសភានេះ ខ្ញុំចាប់ផ្ដើមអនុវត្តកាលវិភាគដែលដែលត្រូវបានទុកចោលកាលពីខែមុន។ ខែនេះអាចនឹងមានការងារច្រើនបន្តិច ហើយសង្ឃឹមថា អ្វីៗនឹងប្រព្រឹត្តទៅដោយភាពរលូនទៅចុះ។
ខ្ញុំគិតថា ខ្ញុំនឹងបញ្ចប់ការរៀបរាប់ពីរឿងរ៉ាវផ្សេងៗ នៅក្នុងរយៈពេលបួនខែនៃឆ្នាំ ២០២១ នេះ ប៉ុណ្ណឹងសិនហើយ។ តែមុននឹងបញ្ចប់ ខ្ញុំនឹងដាក់តំណភ្ជាប់វីដេអូមួយចំនួន ដែលខ្ញុំបានចូលទស្សនានិងសិក្សាស្វែងយល់ក្នុងពេលកន្លងមកនេះ។
- វីដេអូខ្លី និយាយពី «The differences between stress, anxiety, ptsd & depression»
- ខ្សែភាពយន្តពីដើម៖ ខ្ញុំបានចំណាយពេលមើលខ្សែភាពយន្តពីដើមជាច្រើនរឿង ហើយរឿងដែលខ្ញុំជក់ចិត្តបំផុតគឺ រឿង «ប្រុសដែលខ្ញុំស្រឡាញ់»។
- រឿង «លួចស្រលាញ់ | Crush»
- រឿង «លួចស្នេហ៍អ្នកជិតខាង»
- កម្រងវីដេអូរឿងខ្លីៗ (Short Film)
- វីដេអូផ្សេងៗ ដែលនិយាយអំពីការផលិតភាពយន្ត
ខ្ញុំនៅមាន កម្រងវីដេអូ (Playlist) មួយចំនួនទៀត ដែលអ្នកទាំងអស់គ្នាអាចរកមើលបានតាមរយៈ Channel របស់ខ្ញុំ (RANGSEYhome)។
អរគុណ! ជួបគ្នាពេលក្រោយ!
COMMENTS