មកទល់នឹងពេលនេះ គេនៅមិនទាន់អាចវិភាគពីស្ថានការណ៍ទាក់ទងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ថាមានភាពថមថយឬយ៉ាងណានោះទេ បើទោះ...
តាមរយៈព័ត៌មានដែលត្រូវបានផ្សព្វផ្សាយចេញជារៀងរាល់ថ្ងៃ ស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ហាក់មិនទាន់មានភាពថមថយនៅឡើយទេ។ ជាក់ស្ដែង ក្រៅពីការបិទខ្ទប់ តំបន់ដែលខ្ញុំកំពុងរស់នៅ ត្រូវបានចាត់ទុកជា «តំបន់ក្រហម» ហើយត្រូវបានរឹតបន្តឹងយ៉ាងតឹងរ៉ឹង មិនឲ្យចេញទៅណាមកណាផ្ដេសផ្ដាសឡើយ។
ដោយមានការអនុញ្ញាតឲ្យទៅទទួលការចាក់វ៉ាក់សាំងលើកទី២ ខ្ញុំបានទៅទទួលការចាក់វ៉ាក់សាំងនៅ បុរីជីបម៉ុង ផ្លូវ២៧១។ មានមនុស្សម្នាជាច្រើនសម្រុកទៅចាក់វ៉ាក់សាំងលើកទី២ នេះ។ ខ្ញុំត្រូវធ្វើដំណើរទៅចាក់វ៉ាក់សាំងចំនួនពីរលើក ទម្រាំអាចទទួលបានការចាក់វ៉ាក់សាំង។
នៅថ្ងៃទី២២ ខ្ញុំបានធ្វើដំណើរទៅចាក់វ៉ាក់សាំង តែមិនទទួលបានការចាក់វ៉ាក់សាំងនោះទេ ដ្បិតមានមនុស្សជាច្រើនសម្រុកទៅទទួលការចាក់វ៉ាក់សាំង ហើយម៉្យាងទៀត វាជាថ្ងៃដំបូងនៃការរៀបចំចាក់វ៉ាក់សាំងផង ដែលការរៀបចំនៅមិនទាន់មានភាពរលូននៅឡើយ។ នៅថ្ងៃដំបូងនេះ ខ្ញុំបានចេញដំណើរនៅម៉ោង ៧:៣០ នាទី។ ទៅដល់ភ្លាម ខ្ញុំត្រូវឈរតម្រង់ជួរតាមក្រោយគេឯង តាមជួរដ៏វែងអន្លាយ។ ពួកយើងឈរតម្រង់ជួរយ៉ាងយូរ ដោយគ្មានអ្នកណាមកផ្ដល់ដំណឹង ឬណែនាំពីដំណើរការនៃការទទួលការចាក់វ៉ាក់សាំងអ្វីបន្តិចសោះ។ ម៉ោងប្រហែលដប់ ទើបឃើញមានអ្នកសម្របសម្រួលម្នាក់ដើរមកណែនាំឲ្យរក្សាគម្លាត ហើយពួកយើងនៅតែមិនបានទទួលដំណឹងអ្វីពីដំណើរការចាក់វ៉ាក់សាំងឡើយ។ ពួកយើងបានត្រឹមតែឈរតម្រង់ជួរដោយចិត្តអន្ទះសា ដ្បិតតម្រង់ជួរយូរហើយ ហាក់គ្មាននរណាបានចូលចាក់វ៉ាក់សាំងសោះ។ យើងទទួលដំណឹងថា មានមនុស្សច្រើនណាស់ទាំងអ្នកកំពុងតម្រង់ជួរចាំ និងអ្នកដែលត្រូវបានអនុញ្ញាតឲ្យរង់ចាំចាក់វ៉ាក់សាំងនៅខាងក្នុង។ យើងនៅទទួលដំណឹងថា មូលហេតុដែលអ្នកតម្រង់ជួរ មិនបានចូលទៅទទួលការចាក់វ៉ាក់សាំង គឺដោយសារតែមានភាពមិនប្រក្រតីនៃការអនុញ្ញាតឲ្យចូលចាក់វ៉ាក់សាំងដោយមិនស្នើភាពគ្នា។ អ្នកតម្រង់ជួរចាំ បានត្រឹមតែឈរចាំកណ្ដាលថ្ងៃ ហើយអ្នកខ្លះដែលមកក្រោយបែរជាបានចូលទៅទទួលការចាក់វ៉ាក់សាំងទៅវិញ។ ក្រោយពីទទួលបានព័ត៌មាននេះ គ្រប់គ្នាហាក់អស់សង្ឃឹមនឹងខឹងសម្បារជាខ្លាំង។ ពួកយើងយល់ថា ពួកយើងមុខតែមិនទទួលបានការចាក់វ៉ាក់សាំងនៅព្រឹកនេះទេ។ ខ្ញុំក៏គ្មានសង្ឃឹមថានឹងបានទទួលការចាក់វ៉ាក់សាំងនៅព្រឹកនេះដែរ ហើយខ្ញុំក៏សម្រេចចិត្តដើរចេញពីជួរ សំដៅទៅពិនិត្យមើលស្ថានភាពនៅឯកន្លែងចាក់វ៉ាក់សាំង។ ក្រោយពីបានពិនិត្យស្ថានភាពរួចរាល់ហើយ ខ្ញុំក៏សម្រេចចិត្តធ្វើដំណើរត្រឡប់មកផ្ទះវិញ។ តាមផ្លូវមកផ្ទះ ខ្ញុំនឹងចង់សាកល្បងទៅទទួលការចាក់វ៉ាក់សាំងនៅ សាលាបឋមសិក្សាភូមិឫស្សី វិញ។ ខ្ញុំជិះដល់ពាក់កណ្ដាលផ្លូវ សមត្ថកិច្ចបានបិទផ្លូវមិនឲ្យឆ្លងកាត់ទៅ សាលាបឋមសិក្សាភូមិឫស្សី។ ចុងក្រោយ ខ្ញុំក៏ត្រឡប់មកផ្ទះវិញ ដោយមិនបានទទួលការចាក់វ៉ាក់សាំងអ្វីឡើយ។ ក្នុងថ្ងៃនេះ ខ្ញុំទទួលព័ត៌មានមកថា ការរៀបចំចាក់វ៉ាក់សាំងនេះបានចំនួន ៨០០ នាក់។
ស្អែកឡើង ត្រូវនឹងថ្ងៃទី២៣ ខ្ញុំទៅទទួលការចាក់វ៉ាក់សាំងម្ដងទៀត នៅ បុរីជីបម៉ុង ផ្លូវ២៧១ ដដែល។ ខ្ញុំធ្វើដំណើរចេញផ្ទះនៅម៉ោងប្រាំមួយ។ ខ្ញុំគិតក្នុងចិត្តថា ខ្ញុំមុខតែទៅដល់មុនគេជាក់ជាមិនខាន។ ទៅដល់ភ្លាម ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា ទើបតែម៉ោង ៦:១២ នាទី សោះ មានមនុស្សម្នាជាច្រើនឈរតម្រង់ជួរចាំទទួលការចាក់វ៉ាក់សាំងទៅហើយ។ ប៉ុន្តែ ថ្ងៃនេះខុសពីថ្ងៃមុន ដោយខ្ញុំសង្កេតឃើញថា ការរៀបចំមានភាពប្រសើរជាងមុន។ នៅម៉ោងជិតប្រាំពីរ ក្រុមសម្របសម្រួលបានមករៀបចំសណ្ដាប់ធ្នាប់ ហើយប្រាប់ពួកយើងនូវដំណើរការនានាទាក់ទងនឹងការទទួលការចាក់វ៉ាក់សាំង។ ម៉ោង ៧:៤៥ នាទី ក្រុមការងារសម្របសម្រួលបានរៀបចំចែកលេងរៀង ហើយបើកការចាក់វ៉ាក់សាំងនៅប្រហែលម៉ោងប្រាំបី។ ក្នុងព្រឹកនេះ គេរៀបចំចាក់វ៉ាក់សាំងចំនួន ៦០០ នាក់ ក្នុងនោះខ្ញុំទទួលបានលេខរៀងទី ២១៩។ អ្នកសម្របសម្រួលបានឲ្យដឹងថា នៅពេលថ្ងៃ គេទទួលចាក់វ៉ាក់សាំងចំនួន ៤០០ នាក់ទៀត។ ទីបំផុត ខ្ញុំបានទទួលការចាក់វ៉ាក់សាំងនៅម៉ោងប្រាំបួន។
ថ្វីត្បិតតែការរៀបចំនៅថ្ងៃទីមួយ មិនសូវមានភាពល្អប្រសើរ ហើយរងការរិះគន់ច្រើនពីអ្នកដែលមកទទួលការចាក់វ៉ាក់សាំង, ក្នុងថ្ងៃទី២ នេះ ហាក់មានភាពល្អប្រសើរច្រើន។ ក្នុងថ្ងៃទី២ នេះ គេបានរៀបចំបានរៀបរយជាងថ្ងៃមុន ដោយមានការចាត់ចែងក្រុមការងារសម្របសម្រួល លុបបំបាត់ភាពមិនប្រក្រតីនានាដែលត្រូវបានរិះគន់កាលពីថ្ងៃ ទី១។ លើសពីនេះទៀត អ្នករៀបចំបានយកចិត្តទុកដាក់ដល់សុវត្ថិភាពអ្នកទៅទទួលការចាក់វ៉ាក់សាំង រៀបចំផ្គត់ផ្គង់ទឹកសម្រាប់អ្នកមកទទួលការចាក់វ៉ាក់សាំងបានទទួលទាន។ នៅខាងក្នុងរោងទៀតសោត ក៏បានរៀបចំយ៉ាងមានរបៀបរៀបរយ ដោយមានការស្ទង់កម្ដៅនិងបាញ់អាល់កុល រៀបចំកៅអី បាញ់អាល់កុលលើកៅអី រៀបចំដាក់កង្ហារធំៗឲ្យបានខ្យល់ចេញចូលជាដើម។
ណ្ហើយ! រៀបរាប់ប៉ុណ្ណឹងចុះ!
សូមគោរពអរគុណបងប្អូនដែលបំពេញការងារក្នុងវិស័យសុខាភិបាលនិងផ្នែកពាក់ព័ន្ធនានាទាំងអស់!
សូមចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល, បន្តអនុវត្តវិធានការ "៣ ការពារ" និង "៣ កុំ", និងចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។
ចូលរួមប្រយុទ្ធនឹងកូវីដ-១៩ ឲ្យឈ្នះទាំងអស់គ្នា!
COMMENTS