ពេលវេលាមួយឆ្នាំកន្លងទៅនេះ, ពេលខ្លះ ខ្ញុំគិតថា វាជាពេលវេលាដ៏យូរ; ហើយពេលខ្លះទៀត ខ្ញុំគិតថា វាហាក់បីដូចជាពេលវេលាត្រឹមតែ...
រយៈពេលមួយឆ្នាំដែលកន្លងទៅនេះ ជាពេលវេលាមួយដ៏សែនជូរចត់។ យើងត្រូវដើរឆ្លងកាត់ព្យុះភ្លៀង គឺវិបត្តិជារួមនៃការរីករាលដាលនៃជំងឺឆ្លងផ្លូវដង្ហើមប្រភេទថ្មី កូវីដ-១៩។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ ខ្ញុំនៅតែយល់ថា វាជាពេលវេលាមួយដ៏មានតម្លៃនិងមានអត្ថន័យបំផុតសម្រាប់ជីវិតរបស់ខ្ញុំ។ ខ្ញុំបានទទួលនូវការយល់ដឹងយ៉ាងច្រើន និងបទពិសោធន៍ជីវិតថ្មីមួយទៀត; ជាពិសេសគឺបរិយាកាសការងារដ៏រីករាយ ប្រកបដោយភាតរភាពនិងភាពកក់ក្ដៅជាទីបំផុត។ មួយឆ្នាំកន្លងទៅនេះ យើងបានបំពេញការងាររួមគ្នាយ៉ាងល្អប្រសើរ ជាមួយស្មារតីសាមគ្គីភាពដ៏រឹងមាំ។ យើងបានបំពេញការងារដោយការយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, មិនសាចទឹកដាក់គ្នា, ក្រោមបរិយាកាសដ៏រីករាយនិងស្និទ្ធស្នាលបំផុត។ ថ្វីបើយើងបានជួបនូវបញ្ហាខ្លះ ក៏យើងនៅតែអាចញញឹមដាក់គ្នា រួបរួមគ្នាបំពេញការងាររហូតសម្រេចបានជាផ្លែផ្កាជាបន្តបន្ទាប់។ លោកគ្រូខ្ញុំធ្លាប់មានប្រសាសន៍ថា ទីពឹងដ៏ក្រៃលែងបំផុតរបស់មនុស្សយើងគឺ សេចក្ដីល្អ។ មែន! សេចក្ដីល្អ គឺពិតជាទីពឹងដ៏សំខាន់ពិតមែន។ សេចក្ដីល្អមិនត្រឹមតែជាទីពឹងរបស់មនុស្សយើងម្នាក់ៗប៉ុណ្ណោះទេ តែសេចក្ដីល្អក៏ជាទីពឹងដ៏សំខាន់សម្រាប់មនុស្សផងគ្នាក្នុងពួកក្រុមដែរ។ យើងគួរតែខិតខំបំពេញសេចក្ដីល្អឲ្យបានច្រើនបរិបូណ៌ហូរហៀរដល់មនុស្សគ្រប់ៗគ្នាដែលនៅជុំវិញយើង។ ពេលខ្លះ យើងអាចនឹងជួបនូវបញ្ហានានាមានការទាស់ចិត្ត, ការខ្វែងគំនិត, និងការយល់ច្រឡំផ្សេងៗជាដើម; តែពេលដែលយើងនឹកឃើញដល់សេចក្ដីល្អដែលយើងបានធ្វើចំពោះគ្នានិងគ្នា អារម្មណ៍មិនល្អទាំងអស់នេះក៏ត្រូវរលាយបាត់ សល់តែការចងចាំល្អៗ សេចក្ដីមេត្តាករុណា ការយល់យោគគ្នា និងចំណងសាមគ្គីភាពដ៏រឹងមាំ។
ខ្ញុំរីករាយជាខ្លាំងដែលបានចូលរួមចំណែកជាផ្នែកខ្លះនៅទីនេះ; ថ្វីត្បិតតែខ្ញុំគ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីរួមចំណែកជាមួយអ្នករាល់គ្នាឲ្យបានច្រើន តែខ្ញុំសង្ឃឹមថា ការខិតខំប្រឹងប្រែងរបស់ខ្ញុំក៏គង់នឹងបានជាប្រយោជន៍ដ៏តិចតួចខ្លះសម្រាប់ពួកយើងជាក់ជាមិនខាន។ ខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំទាំងអស់ដែលបានផ្ដល់ឱកាសដល់រូបខ្ញុំ និងតែងតែផ្ដល់នូវការយោគយល់អធ្យាស្រ័យកន្លងមក។ សូមអរគុណចំពោះមិត្តរួមការងារទាំងអស់ដែលបានបង្កើតនូវបរិយាកាសការងារប្រកបដោយភាពរីករាយ សាមគ្គីភាព និងភាតរភាពដ៏កក់ក្ដៅ។ អរគុណចំពោះការណែនាំទាំងអស់ ទាំងការណែនាំអំពីបទពិសោធន៍ជីវិត និងការណែនាំអំពីកិច្ចការងារផ្សេងៗ។ ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ និងការអាណិតស្រឡាញ់រាប់អានចំពោះរូបខ្ញុំតាំងពីដើមរៀងមក។ ខ្ញុំនៅតែចងចាំយ៉ាងច្បាស់នូវជំហានជើងថ្មមៗ និងសំឡេងស្រាលៗប្រកបដោយការខ្លាចក្រែងចិត្ត ពេលដែលខ្ញុំឈានជើងដើរមកកាន់ទីនេះជាលើកដំបូង។ ខ្ញុំសូមអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនានានា ដែលខ្ញុំបានបង្កើតឡើងនាពេលកន្លងមក។ អរគុណអ្នកទាំងអស់គ្នា! អ្នកទាំងអស់គ្នាគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតរបស់ខ្ញុំ។
ដោយសេចក្ដីគោរពស្រឡាញ់និងការដឹងគុណពីខ្ញុំ
រង្សី
COMMENTS