ថ្ងៃនេះ ខ្ញុំបានទៅចូលរួមពិធីបុណ្យមាឃបូជា នៅវត្តនិគ្រោធវ័ន គល់ទទឹង ជាមួយបងស្រីរបស់ខ្ញុំ។ យើងចេញដំណើរនៅម៉ោងមួយរសៀល ហើយទៅ...
ក្រោយចប់ធម៌ទេសនា ក៏មានកម្មវិធីបន្ត ដែលជាកម្មវិធីដ៏វិសេសនោះគឺ កម្មវិធីដង្ហែព្រះបរមសារីរិកធាតុ។ ឆ្នាំនេះដង្ហែតែជុំវិញបរិវេណវត្តប៉ុណ្ណោះ មិនដង្ហែជុំវិញភូមិកោះក្របីនោះទេ។ ក្នុងពេលប្រុងប្រៀបនឹងដង្ហែនោះ ខ្ញុំបានទទួលផ្កាឈូកមួយទងពីមីងម្នាក់នៅខាងមុខខ្ញុំ។ កំលុងពេលដង្ហែ ព្រះសង្ឃបានដឹកនាំស្វាធ្យាយនូវព្រះធម៌ មានពុទ្ធគុណ ធម្មគុណ និងសង្ឃគុណ ជាដើមនេះ។ ខ្ញុំខំប្រឹងស្វាធ្យាយធម៌ឮៗ ដើម្បីបានជាគ្នា កុំឲ្យស្ងាត់ក្នុងកម្មវិធីដង្ហែនោះ ព្រោះដង្ហែមកកាន់តែឆ្ងាយសម្លេងព្រះសង្ឃដឹកនាំស្វាធ្យាយធម៌ក៏លែងសូវឮខ្លាំងដែរ។ មីងម្នាក់បានដើរមកជិតខ្ញុំ គាត់សរសើរថាខ្ញុំចេះសូត្រធម៌ច្រើន ហើយគាត់ថាបានខ្ញុំសូត្របែបនេះគាត់អាចសូត្រតាមខ្ញុំដែរ ព្រោះគាត់មិនសូវចាំធម៌ប៉ុន្មាននោះទេ។
មកដល់ព្រះត្រៃរតនចេតិយ ខ្ញុំអង្គុយស្វាធ្យាយធម៌និងឧទ្ទិសបុណ្យ រួចក៏ក្រោយឡើងទៅខាងលើព្រះចេតិយដើម្បីយកផ្កាឈូកមួយទងនោះទៅបូជាព្រះ។ នៅលើព្រះចេតិយ មានមនុស្សច្រើន កកកុញពេញស្ទើរដើរចូលមិនចុះ។ ទៅដល់ខាងក្នុង ខ្ញុំដើរយឺតៗដើម្បីស្វែងរកផ្លូវចូល ន្អាលនឹងបានយកផ្កាបូជាព្រះ។ ខ្ញុំកំពុងស្វែងរកផ្លូវចូល ស្រាប់តែសម្លេងនារីម្នាក់បានលាន់ឮឡើង "បង ទៅខាងនោះ! ខាងនោះមានផ្លូវអាចយកផ្កាទៅដោត (បូជា) បាន"។ នាងសម្លឹងមុខខ្ញុំបន្តិច ហើយក៏ប្រជ្រៀតខ្លួនចូលទៅ ដោយដៃរបស់នាងមានកាន់ផ្កាម្លិះដែលដោតនឹងឈើ មានចំនួនពីរ។ ក្រោយដោតផ្កាបូជារួច នាងបែបរមករកខ្ញុំ រួចនិយាយនឹងខ្ញុំថា "បង ចូលមកដោត (ផ្កាបូជា) ម្ដងមក! ខ្ញុំបានដោត (ផ្កា បូជា) រួចហើយ"។ ក្រោយឮនាងនិយាយបែបនេះ ខ្ញុំក៏ប្រជ្រៀតខ្លួនចូលទៅក្បែរនាង ដើម្បីយកផ្កាទៅដោតក្នុងថូបូជាព្រះ។ ក្រោយពីនោះ យើងក៏ចាកចេញព្រះចេតិយស្របផ្លូវគ្នាបន្តិច ហើយខ្ញុំក៏សម្រេចចិត្តបែកផ្លូវពីនាង ដើម្បីរកកន្លែងអង្គុយសម្រាក។ ខ្ញុំបានដើរទៅខាងលិចព្រះចេតិយដល់ខឿនខាងក្រោមដែលមានក្រាលការ៉ូ ហើយបត់មករកកន្លែងអង្គុយនៅផ្នែកខាងជើងព្រះចេតិយ។ អង្គុយនៅទៅនោះ ខ្ញុំបានឃើញនាងកំពុងដើរចុះពីព្រះចេតិយច្រកខាងមុខខ្ញុំតែម្ដង។ ដំបូងនាងមិនទាន់ចុះមកក្រោមទេ នាងនៅជាន់ខាងលើ ដែលជាន់នោះមានលម្អដោយផើងផ្កាដែលមានផ្ការីកស្គុះស្គាយ ពណ៌លឿងស្រស់ មើលទៅស្រស់ស្អាតក្រៃលែង។ យូរៗម្ដងខ្ញុំក្រឡេកមើលទៅនាង ដើម្បីឲ្យខ្ញុំបានចងចាំនាងបានច្បាស់បន្តិច ហើយក៏បានឃើញបងប្រុសម្នាក់កំពុងថតរូបឲ្យនាង។ ហាស! ហាស! នាងពិតជាមនុស្សរួសរាយ គួរឲ្យចង់រាប់អានខ្លាំងណាស់។ មិនដឹងថា បងប្រុសម្នាក់នោះជាសាច់ញាតិរបស់នាង ឬជាមនុស្សដែលមិនស្គាល់គ្នាពីមុនមកដូចជារូបខ្ញុំនោះទេ។ បើមិនមែនជាសាច់ញាតិរបស់នាងទេ ក៏គ្មានអ្វីចម្លែកដែរ ព្រោះនាងរួសរាយយ៉ាងនេះ ក៏មិនខ្វះអ្នកដែលអាចពឹងឲ្យថតរូបឲ្យដែរ។ អូ! ខ្ញុំសុំពិពណ៌នាពីរូបរាងរបស់នាងបន្តិច។ នាងមានរាងស្គម តូចច្រឡឹង ហើយមានស្ពាយកាបូបខ្សែវែងនៅនឹងស្មា។ ដៃរបស់នាង (ខ្ញុំចាំមិនច្បាស់ទេ មិនដឹងថាដៃខាងឆ្វេងឬខាងស្ដាំ) មានចងអំបោះពណ៌លឿងមួយសរសៃ។ ខ្ញុំគិតថា ខ្ញុំចងចាំនាងបានតែប៉ុណ្ណឹងនោះទេ។ រីករាយណាស់ដែលបានជួបនាង។ សង្ឃឹមថា យើងនឹងមានឱកាសជួបគ្នាពេលក្រោយទៀត។
សរសេរប៉ុណ្ណឹងចុះ ព្រោះយប់ជ្រៅណាស់ហើយ។
អូ! សូមជូនបុណ្យដល់អ្នករាល់គ្នាផងណា!
រាត្រីសួស្ដី!
០២.០៥.២០២៣ ១១:០៥ យប់
COMMENTS