ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះតាំងពីខែកុម្ភៈ តែមិនបានអានជាប់លាប់នោះទេ។ ក្នុងចន្លោះពេលនោះ ខ្ញុំបានអានសៀវភៅចប់៧ក្បាល ...
សៀវភៅនេះ ជាស្នាដៃរបស់លោក ដេល កានេហ្ស៊ី (Dale Carnegie) ដែលខ្ញុំតែងតែហៅលោកថាជាអ្នកនិពន្ធដែលចូលចិត្តរៀបរាប់រឿងរ៉ាវវែងអន្លាយឆ្ងាយហៅមិនឮ។ តែអានសៀវភៅរបស់លោកយូរៗទៅ ក៏ឃើញថា ការលើកយករឿងរ៉ាវមកធ្វើជាឧទាហណ៍ដើម្បីពន្យល់ដល់អ្នកដទៃគឺជារឿងមួយដ៏ចំបាច់។ មួយរយៈនេះ ខ្ញុំត្រូវតម្រូវឲ្យរៀបចំបទបង្ហាញក្នុងថ្នាក់ជាបន្តបន្ទាប់ អ៊ីចឹងហើយទើបខ្ញុំមើលឃើញពីសារៈសំខាន់នៃការពន្យល់រៀបរាប់នេះកាន់តែខ្លាំង។
មាតិកានៃសៀវភៅនេះមាន១៥ចំណុចធំៗ និងមានកម្រាស់៣៦៧ទំព័រ។ ខ្ញុំចាប់អារម្មណ៍ជាងគេគឺ មាតិកាទី១២ ដែលនិយាយអំពីវិធីនិយាយឲ្យរំភើបចិត្តនិងទាក់ទាញឲ្យមានជំនឿ និងមាតិកាចុងក្រោយគេនៃសៀវភៅនេះ ដែលនិយាយអំពីវិធីកែសម្រួលសំនួនវោហារឲ្យបានល្អប្រសើរ ដោយផ្នែកនេះរៀបរាប់ច្រើនអំពីការអាន។
ព្រឹកនេះ ខ្ញុំបានរកមើលសៀវភៅដែលខ្ញុំបានទិញ នៅសេសសល់ពុំទាន់បានអាន ឃើញថានៅមានច្រើនគួរសម។ សៀវភៅខ្លះជាសៀវភៅនិពន្ធដោយអ្នកនិពន្ធក្នុងស្រុក និងខ្លះទៀតជាស្នាដៃប្រែសម្រួលចេញពីសៀវភៅបរទេស។ ខ្ញុំគិតថា សម្រាប់សៀវភៅដែលមានប្រភពដើមជាភាសាអង់គ្លេស ខ្ញុំគួរបែរទៅអានសៀវភៅដែលជាភាសាដើមរបស់គេ ដើម្បីទទួលបាននូវខ្លឹមសារដើម ក៏ដូចជាអភិវឌ្ឍកម្រិតនៃការយល់ដឹងភាសាអង់គ្លេសរបស់ខ្ញុំផង។
ព្រឹកនេះ ខ្ញុំបានចាប់ផ្ដើមអានសៀវភៅមួយក្បាលទៀត គឺសៀវភៅ "មួយនាទីសម្រាប់អ្នកគ្រប់គ្រង"។ ខ្ញុំក៏នៅមានសៀវភៅដែលកំពុងអានមិនទាន់ចប់មួយក្បាលទៀត ដែលខ្ញុំអានរៀងរាល់ពេលរសៀល គឺសៀវភៅ "សន្ទនាព្រះធម៌ជាមួយពុទ្ធបរស័ទនៅកម្ពុជា" ដែលជាសម្រង់ការសន្ទនាព្រះធម៌របស់អ្នកគ្រូធម្មាចារ្យ សុចិន្ត បរិហារវនខេត្ត (ជនជាតិថៃ)។ ខ្ញុំសង្ឃឹមថា ឆ្នាំនេះ ខ្ញុំអាចអានសៀវភៅបានច្រើនជាងឆ្នាំកន្លងទៅ ដ្បិតមួយរយៈចុងក្រោយនេះ ខ្ញុំបានរៀបចំការអនុវត្តការងារផ្ទាល់ខ្លួនប្រចាំថ្ងៃសាជាថ្មី ហើយក៏បែងចែកពេលវេលាច្រើនទៅលើការអានដែរ។
៦ សីហា ២០២៣ ៨:៥១ នាទីព្រឹក
COMMENTS