យប់នេះ ខ្ញុំចង់សរសេររៀបរាប់អំពីបុញ្ញកម្មដែលបានបំពេញហើយនាពេលកន្លងមកក្នុងឆ្នាំនេះ។ ចាត់ទុកជាការចងចាំនិងជាទីនឹករឭកដល់...
បុណ្យមាឃបូជាក្នុងឆ្នាំនេះ ខ្ញុំមិនបានចូលរួមនោះទេ ដោយសារជាប់រវល់ក្នុងកម្មវិធីបុណ្យឆ្លងចេតិយនៅឯស្រុកកំណើត។ ចំណែកឯបុណ្យវិសាខបូជាវិញ ខ្ញុំបានចូលរួមនៅវត្តនិគ្រោធវ័ន គល់ទទឹង។ ក្នុងកម្មវិធីបុណ្យវិសាខបូជានេះ ខ្ញុំបានចូលរួមហែព្រះបរមសារីរិកធាតុ។ ខ្ញុំចាំថា ខ្ញុំបានចូលរួមហែព្រះបរមសារីរិកធាតុក្រោមតំណក់ទឹកភ្លៀងដែលបង្អុរមកយ៉ាងជោកជាំ ហើយនៅបន្តបំពេញបុណ្យដល់យប់បន្តទៀតទើបត្រលប់មកផ្ទះវិញ។ ដោយឃើញថា នាខាងដើមឆ្នាំនេះ ខ្ញុំបានរក្សាឧបោសថដ៏តិចតួចណាស់ ទើបក្រោយអំពីបុណ្យវិសាខបូជា ខ្ញុំក៏គិតរៀបចំដើម្បីរក្សាឧបោសថឡើងវិញតាមដែលអាចធ្វើទៅបាន។ ខ្ញុំបានរក្សាបកតិឧបោសថខ្លះៗឡើងវិញ ហើយបានឆ្លៀតពេលវេលាអាននិងស្ដាប់ធម៌ ជាពិសេសគឺមើលវីដេអូបង្រៀនព្រះអភិធម្ម របស់អ្នកគ្រូអមរាទេវី។ ក្នុងវស្សានេះ ខ្ញុំមានសេចក្ដីជ្រះថ្លា បានរៀបចំរក្សានូវឧបោសថជាប់អស់ពេលពេញបីខែ។ ខ្ញុំបានចាប់ផ្ដើមដោយទទួលនូវឧបោសថចាប់ពីថ្ងៃ១៣កើត ខែអាសាឍ តទៅ រហូតដល់ថ្ងៃបវារណាចេញព្រះវស្សា ដោយក្នុងចន្លោះពេលនេះ ខ្ញុំនឹងរក្សានូវឧបោសថនិងបដិជាគរឧបោសថជាបន្តបន្ទាប់រៀងទៅ រួចជូនដំណើរឧបោសថក្នុងវស្សានេះនៅថ្ងៃ១រោច ខែអស្សុជ។ សូមលោកអ្នកទាំងឡាយអនុមោទនានូវបុណ្យដែលបានបំពេញមកហើយ និងបុណ្យទាំងឡាយដែលនឹងសម្រេចក្នុងកាលខាងមុខក្នុងវស្សានេះ មានកុសលថ្នាក់សីលក្នុងឧបោសថសីលនេះជាដើម។ សូមបានជាឧបនិស្ស័យក្នុងព្រះសាសនា ជ្រះថ្លាទៅក្នុងគុណព្រះរតនត្រ័យ និងបានជាបច្ច័យក្នុងកិច្ចធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន អស់នូវអាសវក្កិលេស ត្រាស់ដឹងនូវធម៌ ឰដ៏អនាគតកាលដ៏សមគួរខាងមុខ។
ខ្ញុំរៀបរាប់ប៉ុណ្ណឹងចុះ ព្រោះយប់ក៏ជ្រៅណាស់ទៅហើយ។
សូមរីករាយអនុមោទនានូវបុណ្យ និងសូមឲ្យបានរួចផុតចាកទុក្ខគ្រប់ៗគ្នា។
សូមអនុមោទនា!
COMMENTS