ខ្ញុំទើបតែអានសៀវភៅនេះចប់ មុននេះបន្តិច។ ខ្ញុំស្គាល់សៀវភៅនេះតាមរយៈ ណារីតា។ ខ្ញុំគិតថា អ្នកប្រហែលជាស្គាល់ ណារីតា ហើយ ព្រោះខ្...
ខ្ញុំស្គាល់សៀវភៅនេះតាមរយៈ ណារីតា។ ខ្ញុំគិតថា អ្នកប្រហែលជាស្គាល់ ណារីតា ហើយ ព្រោះខ្ញុំបានសរសេរពីនាងច្រើនគួរសមដែរ។ គឺនាងនេះហើយ ដែលជាកម្លាំងដ៏ខ្លាំងក្លា ជំរុញឲ្យខ្ញុំស្រលាញ់ចូលចិត្តការអាននិងអាន រហូតមកដល់ពេលនេះ។ កាលនោះ នាងបានយកសៀវភៅនេះមកអាន។ ឆ្លៀតពេលដែលនាងសម្រាក ខ្ញុំក៏ដើរទៅទូមួយដែលនាងតែងតែយកសៀវភៅដែលនាងអានទៅទុក ហើយខ្ញុំក៏បានប្រទះនឹងសៀវភៅពីរ-បីក្បាល ទាំងសៀវភៅជាភាសាខ្មែរនិងអង់គ្លេស។ កាលនោះ ខ្ញុំចាប់អារម្មណ៍លើសៀវភៅនេះជាងគេ ហើយបានអានត្រួសៗបន្តិចដែរ។
សៀវភៅនេះជាកម្រងអត្ថបទដែលជាស្នាព្រះហស្តរបស់ សម្ដេចព្រះមហាឃោសនន្ទ។ សៀវភៅនេះ ត្រូវបានបកប្រែមកជាភាសាខ្មែរ ដោយភិក្ខុ វជិរប្បញ្ញោ ញ៉ែម គឹមតេង, បកប្រែចេញពីសៀវភៅ «Step by Step» ដែលជាអត្ថបទដើមរបស់សម្ដេច។ ខ្ញុំមានសេចក្ដីភ្ញាក់ផ្អើលជាខ្លាំង ដែលបានដឹងថា សម្ដេចព្រះមហាឃោសានន្ទ ជាអ្នកប្រាជ្ញជំនាញក្នុងភាសានានាដល់ទៅដប់ប្រាំ។
Cover |
អត្ថបទចុងក្រោយគេ ក្នុងសៀវភៅនេះ បានអន្ទងយកព្រលឹងរបស់ខ្ញុំឲ្យអណ្ដែតត្រសែតតាមការរៀបរាប់ដ៏គួរឲ្យក្ដុកក្ដួល ស្ទើរតែរកថ្លែងមិនត្រូវ។ រូបភាពនៃធម្មយាត្រាបានប្រតិដ្ឋឡើងក្នុងអារម្មណ៍របស់ខ្ញុំ ហើយធ្វើឲ្យខ្ញុំសង្វេគក្នុងចិត្តដ៏ក្រៃលែង។ ខ្ញុំនឹកស្រមៃដល់សេចក្ដីវេទនានៃជនរួមជាតិខ្មែរ ដែលស្រែកដង្ហោយហៅរកសន្តិភាព។ ម្នាក់ៗស្រេកឃ្លានសន្តិភាពជាងបាយជាងទឹកទៅទៀត។ ឱ! សម្រែកនៃសេចក្ដីស្រេកឃ្លានសន្តិភាព ពិតជាធ្វើឲ្យខ្ញុំខ្លោចផ្សាចិត្តខ្លាំងណាស់។ ឱ! ព្រះទ័យដែលប្រកបដោយព្រះមហាករុណាទិគុណនៃសម្ដេច ឃោសនន្ទ... សូមជួយឃុំគ្រងកម្ពុជា កុំឲ្យជួបនូវវិបត្តិអ្វីៗទៀតសោះឡើយ។ សូមឲ្យសន្តិភាពមានដល់កម្ពុជរដ្ឋ ហើយតាំងនៅជាដរាបរៀងទៅ!
ពេលអានអត្ថបទចុងក្រោយនេះ ធ្វើឲ្យខ្ញុំនឹកឃើញដល់លោក អាល់ប៊ែរត៌ កាមុស ដែលលោកគឺជាទស្សនវិទូមួយរូបដ៏គួរឲ្យគោរព។ លោកជាទស្សនវិទូដែលស្អប់ខ្ពើមសង្គ្រាម ហើយស្រលាញ់សន្តិភាពយ៉ាងខ្លាំងក្លា។ សម្រាប់រូបខ្ញុំផ្ទាល់ក៏ដូចគ្នាដែរ... ទោះខ្ញុំមិនបានឆ្លងកាត់ក្នុងសង្គ្រាម តែខ្ញុំស្អប់ខ្ពើមសង្គ្រាមជាខ្លាំង ហើយខ្ញុំតែងតែប្ដេជ្ញាចិត្តក្នុងការស្វែងរកនិងការពារនូវសុខសន្តិភាព។ ប្រវត្តិសាស្ត្រជាតិយើងនៅដំណាក់កាលចុងក្រោយនេះ ជាប្រវត្តិសាស្ត្រដ៏សែនជូរចត់ ខ្លោចផ្សាដ៏ក្រៃលែង។ ខ្មែរយើងល្មមដល់ពេលរស់ក្នុងសន្តិភាពហើយ។ ជាតិយើងគួរតែឆ្អែតឆ្អន់ហើយនូវការឈ្លោះប្រកែកបែកបាក់សាមគ្គីគ្នានោះ។ អ្នកដឹកនាំខ្មែរជំនាន់ក្រោយៗ គួរក្រឡេកមើលប្រវត្តិសាស្ត្រដ៏សែនជូរចត់កន្លងមក ហើយជម្រុះចោលនូវការបង្កសង្គ្រាមបង្ហូរឈាមជាតិរបស់ខ្លួនឯង ជំនួសមកវិញនូវការរួបរួមសាមគ្គីសាងសន្តិភាពសម្រាប់ជាតិតទៅ។
ដើម្បីឲ្យបានជាការស្វែងយល់ពីតថភាពសង្គមដ៏សែនខ្លោចផ្សា ពេញដោយសេចក្ដីស្រេកឃ្លានសន្តិភាពនាសម័យកាលនោះ និងដើម្បីទុកជាការរំលឹកដាស់តឿនមនុស្សខ្មែរជំនាន់ក្រោយឲ្យស្រលាញ់សុខសន្តិភាពផង, ខ្ញុំសុំអនុញ្ញាតនាំមកជូននូវអត្ថបទ «សន្តិភាពនិងពន្លឺនៃក្ដីសង្ឃឹម!» ដែលជាអត្ថបទដែលខ្ញុំបានលើកមកនិយាយពីខាងដើមនេះ។ ខ្ញុំសង្ឃឹមថា អត្ថបទដ៏មានតម្លៃមួយនេះ នឹងបានជាប្រយោជន៍សម្រាប់កិច្ចការងារកសាងសង្គមជាតិយើង និងពិភពលោកទាំងមូលទៅរកសុខសន្តិភាពតទៅ។
សូមសុខសន្តិភាពចម្រុងចម្រើនកើនកើតមានដល់កម្ពុជរដ្ឋ និងពិភពលោកតរៀងទៅ!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BQ 8448 K46 1993
COMMENTS