អរុណសួស្ដី! ខ្ញុំទើបតែបានទទួល ហើយអានសៀវភៅ « ខែតូច » នេះចប់កាលពីម្សិលមិញ។ ខ្ញុំនឹងយកសៀវភៅនេះទៅតម្កល់ទុកនៅក្នុងបណ្ណាល័យ...
ខ្ញុំទើបតែបានទទួល ហើយអានសៀវភៅ «ខែតូច» នេះចប់កាលពីម្សិលមិញ។ ខ្ញុំនឹងយកសៀវភៅនេះទៅតម្កល់ទុកនៅក្នុងបណ្ណាល័យសាលារបស់ខ្ញុំនៅរសៀលនេះ ទុកគ្រាន់ជាការចូលរួមផ្សព្វផ្សាយស្នាដៃរបស់ស្មេរនិងបានជាការចែករំលែកដល់អ្នកអានទូទៅ។ ខ្ញុំនឹងនាំមកជូននូវ លេខកូដសៀវភៅ នៅពេលក្រោយ។
Cover |
សៀវភៅនេះ ប្រហែលនាំមកដល់ភ្នំពេញតាំងពីថ្ងៃសុក្រ សប្ដាហ៍មុនម្ល៉េះ។ កាលល្ងាចថ្ងៃសុក្រ ម៉ោងប្រហែលប្រាំ ខ្ញុំបានទទួលការហៅទូរស័ព្ទពីបងស្រីម្នាក់ គាត់ឲ្យខ្ញុំទៅយកសៀវភៅនៅថ្ងៃបន្ទាប់(ថ្ងៃសៅរ៍)។ ដំបូង ខ្ញុំសុំពន្យារពេលគាត់ថាចាំថ្ងៃចន្ទ ខ្ញុំនឹងទៅយក ព្រោះខ្ញុំគិតថានឹងទៅលេងស្រុកកំណើតនៅថ្ងៃចុងសប្ដាហ៍។ គម្រោងទៅលេងស្រុកកំណើតត្រូវបានខកខាន ជំនួសមកវិញដោយការទៅសំងំនៅសាលាទៅវិញ។
ខ្ញុំនៅក្នុងបណ្ណាល័យសាលាអស់មួយព្រឹក ដល់ម៉ោងបាយថ្ងៃត្រង់ ខ្ញុំក៏ជិះម៉ូតូចេញពីសាលា ដើម្បីទៅយកសៀវភៅ។ ខ្ញុំគិតថា ពេលយកសៀវភៅរួចហើយ ខ្ញុំនឹងត្រឡប់មកសាលាវិញ ដើម្បីអានសៀវភៅនេះ។ តែអ្វីគ្រប់យ៉ាងមិនដូចការសង្ឃឹមទុកនោះទេ។ ខ្ញុំត្រូវត្រឡប់មកសាលាវិញ ហើយរង់ចាំថ្ងៃចន្ទមកដល់ ដើម្បីទៅយកសៀវភៅនេះជាថ្មីម្ដងទៀត ដ្បិតអីបងស្រីរវល់ចេញទៅខាងក្រៅ។
មិនឲ្យខកខានដូចថ្ងៃមុនទេ មុនចេញទៅយកសៀវភៅនេះជាថ្មីម្ដងទៀត នៅម៉ោងប្រហែលមួយកន្លះ ខ្ញុំបានហៅទូរស័ព្ទ ដើម្បីជូនដំណឹងជាមុនថាខ្ញុំនឹងទៅយកសៀវភៅ។ ដំបូង ខ្ញុំរកគាត់មិនឃើញទេ ហើយគាត់បាននិយាយបញ្ជាក់ពីទីតាំងម្ដងទៀតទើបខ្ញុំរកឃើញ។ គាត់ហុចកញ្ចប់សៀវភៅមកឲ្យខ្ញុំ ហើយប្រាប់ខ្ញុំថា សៀវភៅទាំងអស់ពីរក្បាល។ ខ្ញុំភ្ញាក់ព្រើតពេលឮថា មានសៀវភៅពីរក្បាលបែបនេះ។
តាមពិត ពេលនិយាយជាមួយស្មេរហើយ ខ្ញុំស្ដាយដែរ ព្រោះខ្ញុំចង់បានសៀវភៅនេះពីរក្បាល សម្រាប់ខ្លួនឯងមួយ និងបរិច្ចាគឲ្យទៅបណ្ណាល័យសាលាខ្ញុំមួយ។ តែពេលនោះ ខ្ញុំអត់បាននិយាយអ្វីទៀតទេ ព្រោះគិតថា គាត់ប្រហែលជាបានផ្ញើមកភ្នំពេញហួសទៅហើយ ទោះចង់បានពីរក្បាលក៏មិនបានតាមចង់ដែរ។
ទទួលសៀវភៅហើយ ខ្ញុំនៅឆ្លៀតសួរបងស្រី ដើម្បីបញ្ជាក់ទៀតថា «គាត់ផ្ញើមកពីរក្បាល?»។ ពេលគាត់ឃើញខ្ញុំសួរដូចជា ភ្ញាក់ផ្អើលយ៉ាងនេះ ទើបគាត់ប្រាប់ខ្ញុំថា គាត់យកសៀវភៅមកជំនួសគេទេ។ គាត់ថា បងស្រីម្នាក់ទៀតចេញចូលច្រើនដងពេក ទើបពឹងឲ្យគាត់យកសៀវភៅនេះមកឲ្យខ្ញុំ។ គាត់ឈរចាំខ្ញុំ ហើយសួរខ្ញុំថា «ហើយដៃញ័រម្ល៉េះ?»។ ខ្ញុំធ្វើជាមិនចាប់អារម្មណ៍នឹងសំណួររបស់គាត់ ហើយនិយាយ អរគុណ គាត់ រួចក៏រៀបចំអីវ៉ាន់ជិះម៉ូតូត្រឡប់មកសាលាវិញ។ អ្ហើយ! បងចេះសួរចំៗអ៊ីចឹងកើតដែរ។ ហាស! ហាស! មិនដឹងប្រាប់ថាម៉េចទេ...
ទៅដល់សាលាភ្លាម ខ្ញុំយកកញ្ចប់សៀវភៅមកមើលភ្លាម។ កញ្ចប់ទីមួយ នៅលើទំព័រដំបូងនៃសៀវភៅមានសរសេរថា «ជូនបងរង្សី :)» ដោយមានភ្ជាប់មកជាមួយនូវកាលបរិច្ឆេទ (07.02.18) និងហត្ថលេខាផង។ កញ្ចប់ទីពីរ ជាសៀវភៅដែលគ្មានសរសេរអ្វីនោះទេ។ ហាស! ហាស! ពេលនេះ បានដូចបំណងហើយ។ សូមផ្ញើពាក្យ អរគុណ តាមរយៈអត្ថបទនេះផង។
- |
- |
COMMENTS